នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈក្រុមហ៊ុនចិន និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញការនាំចេញស្វាយចន្ទីកម្ពុជាទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់៣៥លានដុល្លាសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៣ឆ្នាំខាងមុខ។
ជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុនចិន និងកម្ពុជា ដើម្បីនាំចេញស្វាយចន្ទីស្ងួត ២០ ០០០តោន និងស្វាយចន្ទីកែច្នៃ ៥០០០តោន ក្នុងមួយឆ្នាំ ក្នុងតម្លៃប្រមាណ ៣៥ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំខាងមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន SINOMACH Hainan ដែលបានចូលរួមវិនិយោគ និងនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ប្រទេសចិន។ សូមគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងគោលដៅរក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មីការ និងបន្តជំរុញឱ្យមានការវិនិយោគបន្ថែមលើវិស័យស្វាយចន្ទីកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើទៅក្រុមហ៊ុន SINOMACH Hainan ពិនិត្យលទ្ធភាពវិនិយោគបន្ថែមដើម្បីពង្រីកការកែច្នៃស្វាយចន្ទីក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃ ស្វាយចន្ទីកម្ពុជាផងដែរ៕