អាកាសយានដ្ឋានរតនគិរីថ្មី ដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា អាចនឹងលេចរូបរាងឡើងនៅពេលខាងមុខ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងស្ថាប័នដែលពាក់ព័ន្ធ បាននិងកំពុងជំរុញដល់គម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយនេះ។
យោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្ដរតនគិរី បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom ស្តីពីវឌ្ឍនភាព និងនីតិវិធីបន្ទាប់សម្រាប់ការជម្រុញដល់ការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានរតនគិរីនេះផងដែរ។ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម តិក សាលី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមានការចូលរួមពី ឯកឧត្តម ងិន ណែល ឯកឧត្ត មួង ប៉ាង អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី អភិបាល ស្រុកលំផាត់ និងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
ប្រភពដដែលបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ស្នើសុំពីសំណាក់ពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្តរតនគិរីសង្ឃឹមថាគម្រោងនេះនឹងលេចចេញជារូបរាងឡើងឆាប់ៗ ដើម្បីទាក់ទាញអ្នកវិនិយោគ និងកំណើនភ្ញៀវទេសចរណ៍ ហើយផ្តល់ឱកាសការងារ ក្នុងនោះអ្នកប្រកបរបរក្រៅប្រព័ន្ធដូចជា រថយន្តតាក់ស៊ី អ្នករត់ម៉ូតូ រ៉ឺម៉កកង់៣ នឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះផងដែរ។
ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លើបណ្ដាញសង្គម នៅថ្ងៃទី៣ ខែកញ្ញា នេះបានសរសេរថា «មិនយូរទេយើងនឹងមានព្រលានយន្តហោះនៅខេត្តយើងហើយទីតាំងនោះក៏កៀកនឹងមណ្ឌលគិរី និងស្ទឹងត្រែងផងដែរ»។ គួរជម្រាបដែរថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានរតនគិរីនេះ គឺមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានផ្ទៃដីសរុបជាង ១៩០០ ហិកតា៕