ធនាគារ វីង ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកម្ពុជា បានសហការជាមួយក្រុមចម្រៀងខ្មែរដ៏ល្បី La Cima Cartel ដែលកិច្ចសហការនេះនឹងនាំយកនូវគំនិតអប់រំល្អៗនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុក៏ដូចជាការផ្សារភ្ជាប់យុវវ័យសម័យថ្មីជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ពួកគេផងដែរ។
នៅក្នុងពីធីស្វាគមន៍ទូតសុឆន្ទៈរបស់ធនាគារ វីង កាលពីថ្ងៃទី៥ ខែកញ្ញា នេះក៏មានការអញ្ជើញចូលរួមពីកញ្ញា គិត អេឃីត្រាវិននីដា នាយិកាគ្រប់គ្រងទីផ្សារធនាគារ វីង និងលោក ស៊ីវ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Plus 855 Music ដែលជាផលិតកម្មគ្រប់គ្រងក្រុមចម្រៀង La Cima Cartel បានចុះហត្ថលេខា និងប្រកាសជាផ្លូវការនូវក្រុមចម្រៀង La Cima Cartel បានក្លាយជាទូតសុឆន្ទៈជាផ្លូវការរបស់ធនាគារ វីង។
លោក ស៊ីវ រិទ្ធី ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Plus 855 Music បានឲ្យដឹងនៅក្នុងពិធីស្វាគមន៍ទូតសុឆន្ទៈរបស់ធនាគារ វីង ថា ភាពជាដៃគូរវាងធនាគារ វីង និង La Cima Cartel នឹងផ្ដល់នូវការផ្សារភ្ជាប់ផ្នែកអារម្មណ៍ទៅកាន់ប្រជាជនខ្មែរ ខណៈតន្រ្តីមានឥទ្ធិពលអាចធ្វើឲ្យមនុស្សមានអារម្មណ៍ និងមានភាពជឿជាក់។ ដូច្នេះតាមរយៈតន្រ្តី ធនាគារ វីង មិនត្រឹមអាចផ្សារភ្ជាប់ជាមួយអតិថិជនប៉ុណ្ណោះទេ តែជួយជំរុញអារម្មណ៍ ការលើកទឹកចិត្ត និងភាពជឿជាក់ទៅកាន់ពួកគាត់ផងដែរ។
បន្ថែមលើនេះទៅទៀត តន្រ្តីរបស់ La Cima Cartel នឹងផ្សារភ្ជាប់គំនិតអប់រំល្អៗនៃការប្រើប្រាស់សេវាហិរញវត្ថុ ជួយបណ្ដុះចំណេះដឹងហរិញ្ញវត្ថុដល់ប្រជាជនខ្មែរ។ ហើយតាមរយៈតន្រ្តីរបស់ La Cima Cartel ដែលជាសិល្បករវ័យក្មេង ពួកគាត់ប្រើប្រាស់ភាសាយុវវ័យដើម្បីផ្សារភ្ជាប់យុវជនជំនាន់ថ្មី ធ្វើឲ្យធនាគារ វីង កាន់តែមានភាពទាន់សម័យ និងកាន់តែជិតស្និទ្ធិជាមួយស្រទាប់យុវជនក្នុងស្រុក។
សម្រាប់ឥទ្ធិពលក៏ដូចជាលទ្ធផលដ៏អស្ចារ្យចេញពីភាពជាដៃគូនេះ គឺជួយជំរុញវប្បធម៌ ខណៈសិល្បករគឺជាចំណែកមួយនៃការបង្កើតទិសដៅវប្បធម៌ ដូច្នេះពេលធនាគារ វីង សហការជាមួយ La Cima Cartel នោះមានន័យថា ធនាគារ វីង កំពុងរួមចំណែកជំរុញចលនាវប្បធម៌ខ្មែរទៅកាន់ប្រជាជនខ្មែរក៏ដូចជាពិភពលោកទាំងមូល តាមរយៈបទពិសោធន៍ថ្មីៗ និងវប្បធម៌ជាច្រើនរបស់ខ្មែរដែលបានច្របាច់បញ្ចូលទៅក្នុងបទចម្រៀង។
មិនតែប៉ុណ្ណោះ ការសហការនេះគឺបង្ហាញពីអត្តសញ្ញាណជាតិរបស់យើងដោយសារតែធនាគារ វីងនិង La Cima Cartel គឺជាសមិទ្ធផលរបស់ប្រទេសជាតិយើង ដូច្នេះការជំរុញវិស័យតន្រ្តីខ្មែរឈានទៅមួយកម្រិតទៀត ខណៈសិល្បករវ័យក្មេងរបស់កម្ពុជានឹងខិតខំស្វែងរកនូវស្នាដៃថ្មីៗបន្ថែមទៅកាន់អ្នកគាំទ្រ តាមរយៈការបង្ហាញនូវអារម្មណ៍ដែលថ្មី រូបភាពថ្មី បញ្ជាក់ពីអត្តសញ្ញាណជាតិយើង។
សរុបមក លទ្ធផលដ៏អស្ចារ្យនៃភាពជាដៃគូរនេះ ធនាគារ វីង និង La Cima Cartel មានទស្សនវិស័យរួមគ្នាមួយក្នុងការជំរុញនិងលើកកម្ពស់នៃភាពច្នៃប្រឌិតរបស់ខ្មែរ ដែលជាមោទនភាពរបស់ជាតិខ្មែរក៏ដូចជារំលឹកឲ្យឃើញថាខ្មែរគឺខ្លាំង ខ្មែរឆ្ពោះទៅមុខជានិច្ច៕