ដំណឹងល្អសម្រាប់អ្នកដំណើរការតាមផ្លូវអាកាស ខណៈក្រុមហ៊ុនអាកាសចរណ៍ធំៗលំដាប់ពិភពលោកចំនួន ២ គឺក្រុមហ៊ុន Etihad Airways និងក្រុមហ៊ុន Turkish Airlines បានប្រកាសតភ្ជាប់ការហោះហើរត្រង់របស់ខ្លួនមកកាន់ប្រទេសកម្ពុជា ក្រោយអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាអាកាសយានដ្ឋានដ៏ទំនើប និងធំជាងគេនៅកម្ពុជាបានបើកដំណើរការពេលថ្មីៗនេះ។
ជាកស្ដែងចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមហ៊ុន Etihad Airways នឹងចាប់ផ្ដើមតភ្ជាប់ការហោះហើរត្រង់ពីត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី នៃប្រទេសអារ៉ាប់រួម មកកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ។ នេះបើតាមការបញ្ជាក់ពីលោក លោក Charles Tan នាយកគ្រប់គ្រងតំបន់អាសុីរបស់ក្រុមហ៊ុន Etihad Airways នៅក្នុងជំនួបជាមួយឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ។
ឯកឧត្ដម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានមើលឃើញសក្ដានុពលដ៏ខ្លាំងក្លានៅកម្ពុជា ដែលជាទីផ្សារទើបនឹងរះ និងការជឿជាក់លើការដឹកនាំដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី មកកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅថ្ងៃទី៣ ខែតុលា ខាងមុខ ដែលនេះគឺពិតជាជួយដល់កំណើនភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើនឡើង។
ដោយឡែកក្រុមហ៊ុន Turkish Airlines នឹងចាប់ផ្តើមហោះហេីរត្រង់ និងផ្ទាល់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់ អាកាសយានដ្ឋានអន្ដរជាតិតជោ ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងទេសចរណ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
ការសម្រេចបើកការហោះហេីរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដែលពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរដល់គោលដៅជាង៣៥០កន្លែងដល់ប្រទេសចំនួន១៣០ប្រទេសជុំវិញពិភពលោកមួយនេះ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជា ទើបនឹងបានបើកដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាអាកាសយានដ្ឋានដ៏ធំ និងទំនើបជាងគេនៅកម្ពុជា ដែលអាចទទួលភ្ញៀវទេសចរបានចំនួន ១៣ លាននាក់នៅក្នុង ១ ឆ្នាំសម្រាប់ដំណាក់កាលទី១។ ខណៈអាកាសយានដ្ឋានថ្មីនេះ បានចំណាយទុនសាងសង់ប្រមាណជាង ២ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល៕