ជាដំណឹងរីករាយសម្រាប់អ្នកខេត្ដបាត់ដំបង ខណៈខេត្ដដ៏ធំ និងមានសក្ដានុពលរបស់កម្ពុជាមួយនេះ បានទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ២ ដែលមានទុនសរុបជាង ៣០ លានដុល្លារ និងអាចបង្កើតឱកាសការងាររាប់ពាន់កន្លែងផងដែរ។ ដោយគម្រោងទាំងពីរនោះរួមមាន៖
១. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមានទីតាំងស្ថិតនៅអគារលេខ៣ ផ្លូវជាតិលេខ៥៧ ភូមិតាគ្រក់ ឃុះត្រែង ស្រុករតនមណ្ឌល និងមានទុនវិនិយោគសរុបចំនួន ២៧ លានដុល្លារ។ ខណៈនៅពេលបើកដំណើរការនឹងបង្កើតឱកាសការងារចំនួន ១ ១៦០ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
២. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហៈធាតុ (ផលិត៖ Nickel, Copper, Antimony, Antimony Trioxide, Antimony Glycol, Slag, Potassium Aurous Cyanide) ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ដោយគម្រោងមួយនេះមានទំហំទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៤កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ នៅពេលបើកដំណើរការ។ នេះយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្ងៃទី១៦ ខែកញ្ញា។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែលបានឲ្យដឹងថា ចាប់តាំងពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ ខេត្ដបាត់ដំបងទទួលបានគម្រោងវិនិយោងចំនួន ៣។ ខណៈនៅមួយខែសីហា ឆ្នាំ២០២៥ គឺខេត្ដមួយនេះទទួលបានគម្រោងវិនិយោគថ្មីដល់ទៅ ២ គម្រោង៕