បង្កងនាគមួយគីឡូអាចលក់បានចន្លោះពី ១៨ដុល្លារទៅ ២០ដុល្លារ ខណៈអ្នកជំនាញចិញ្ចឹមបង្កងនាគលោក ចន បូរ៉ា ម្ចាស់ កសិដ្ឋានបង្កងនាគ ផ្សារកំចាយមារ ខេត្តព្រៃវែងបានបង្ហើបប្រាប់ពីបច្ចេកទេសនិងដើមទុនដែលបងប្អូនអាចសាកល្បងចិញ្ចឹមបាន ដោយចំណាយលុយចន្លោះពី ២០ម៉ឺនរៀលទៅ ៣០ម៉ឺនរៀលប៉ុណ្ណោះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ចន បូរ៉ា បានប្រាប់ឱ្យដឹងថា លោកមានបទពិសោធន៍នៅក្នុងការចិញ្ចឹមបង្កងនាគនេះប្រមាណជា ៣ឆ្នាំមកហើយ ដែលតាមរយៈបទពិសោធន៍ចិញ្ចឹមកន្លងមកលោកក៏ធ្លាប់បរាជ័យម្តងដែរ ដោយសារតែពេលនោះលោកនៅមានភាពខ្វះចន្លោះលើបច្ចេកទេសនៃការចិញ្ចឹម។ក្រោយពីការចិញ្ចឹមបានបរាជ័យ លោកក៏ចាប់ផ្តើមសិក្សាពីបច្ចេកទេសចិញ្ចឹមជាថ្មី រហូតធ្វើឱ្យលោកត្រឡប់មកចាប់ផ្តើមការចិញ្ចឹមជាថ្មីនៅពាក់កណ្តាលឆ្នាំ ២០២១ ដោយការចិញ្ចឹមលើកទី២នេះធ្វើឱ្យអាចយល់ច្បាស់ពីការចិញ្ចឹមជាងមុនរហូតអាចទទួលបានផលជាទីគាប់ប្រសើររហូតអាចពង្រីកការចិញ្ចឹមដល់ទៅ ៨ស្រះធំៗ។
តាមរយៈបទពិសោធន៍នៃការចិញ្ចឹមបង្កងនាគផ្ទាល់ជាច្រើនឆ្នាំ លោក បូរ៉ា បានបង្ហើបយ៉ាងដូចច្នេះថា “ប្រសិនបើបងប្អូនចង់សាកល្បងចិញ្ចឹមបងប្អូនអាចចំណាយទុនដំបូងចន្លោះពី ២០ ទៅ ៣០ម៉ឺនរៀលគឺអាចធ្វើបានហើយ ដោយចិញ្ចឹមត្រឹម ១០០ទៅ ២០០កូន និងរៀបចំជាស្រះតង់កៅស៊ូសមល្មម”។ ហើយចំពោះរយៈពេលនៃការចិញ្ចឹមជាទូទៅប្រសិនបើចិញ្ចឹមនៅក្នុងស្រះប្រើពេលតែខ្ទង់៣ខែគឺអាចប្រមូលផលបានហើយ ដោយឡែកសម្រាប់ការចិញ្ចឹមនៅក្នុងអាចគឺប្រើចន្លោះពេល៣ខែកន្លះទៅ៤ខែ ទៅតាមបច្ចេកទេសនៃការចិញ្ចឹម រីឯតម្លៃលក់នៅលើទីផ្សារមានចន្លោះពី ១៨ដុល្លារទៅ២០ដុល្លារទៅតាមប្រភេទនីមួយៗរបស់បង្កងនាគ។
លោកបានបន្ថែមថា ប្រសិនបើបងប្អូនមិនដឹងសិក្សាពីបច្ចេកទេសនិងយកពូជពីខាងណានោះ លោកក៏មានបង្រៀនជាបច្ចេកទេសនិងលក់កូនផងដែរ បន្ទាប់ពីនោះក្រោយការចិញ្ចឹមបានផល លោកក៏នឹងជួយណែនាំពីរបៀបក្នុងការរកស៊ីផ្សារផងដែរ ប៉ុន្តែបើគាត់មិនចង់ធ្វើទីផ្សារច្រើនទេ ខាងលោកក៏មានទទួលទិញពីកសិករដែលយកកូនពីគាត់នោះវិញផងដែរ។
ជាចុងក្រោយលោកម្ចាស់កសិដ្ឋានបង្កងនាគ ផ្សារកំចាយមារ បានផ្តាំផ្ញើរថា “សម្រាប់បងប្អូនដែលចង់សាកល្បងចិញ្ចឹមបង្កងនេះមុននឹងចាប់ផ្តើមគួរតែធ្វើការសិក្សាឱ្យបានច្បាស់ពីបច្ចេកទេស និងរកអ្នកប្រឹក្សាយោបល់ដែលគាត់មានចំនាញ ដោយមិនមានរៀនតាម YouTube ឬក៏អានសៀវភៅបាននោះទេ ពោលគឺត្រូវតែមានអ្នកបង្រៀននិងប្រាប់ដែលជំនាញទើបចិញ្ចឹមទៅមិនសូវមានបញ្ហា”។
គូសបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចង់ប្រឹក្សាពីបច្ចេកទេសចិញ្ចឹម និងចង់ពូជឬបង្កងនាគសាច់ក៏អាចធ្វើការទំនាក់ទំនងទៅកាន់លោក ចន បូរ៉ា បានតាមរយៈហ្វេសប៊ុកផេក កសិដ្ឋានបង្កងនាគ ផ្សារកំចាយមារ ឬក៏តាមរយៈលេខតេឡេក្រាម ០97 777 4415 ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង