ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា
Toeuy HongSEPTEMBER 15 202522 views

ធនាគារ វីង បានចូលរួមគាំទ្រវេទិកាពាណិជ្ជកម្មឌីជីថល ដើម្បីជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក សំដៅពង្រីកវិសាលភាពនៃការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារពិភពលោក។

ធនាគារ វីង បានចូលរួមគាំទ្រក្រសួងពាណិជ្ជកម្មក្នុងការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញកម្ពុជាលើកទី២ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនពាណិជ្ជកម្មឌីជីថល សំដៅគាំទ្រសហគ្រាសធុនតូច និងមធ្យម ហើយពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

 W4

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការកសាងអនាគតកម្ពុជាតាមរយៈពាណិជ្ជកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ និងអ្នកជំនាញមកពីវិស័យពាក់ព័ន្ធ ដើម្បីពិភាក្សាពីរបៀបដែលពាណិជ្ជកម្មអេឡិចត្រូនិក អាចជួយបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកសក្ដានុពលនៃការនាំចេញរបស់កម្ពុជា។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង​ បានលើកឡើងថា៖ “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនគ្រាន់តែជានិន្នាការពេញនិយមសម្រាប់បរិបថនៃការធ្វើអាជីវកម្មបែបថ្មីប៉ុណ្ណោះទេ បច្ចុប្បន្នវាបានប្រែក្លាយជាថ្នាលឌីជីថលដ៏មានឥទ្ធិពលដែលភ្ជាប់អ្នកផលិតទៅកាន់អតិថិជនរបស់ពួកគេដោយផ្ទាល់មិនថានៅក្នុងស្រុក ឬនៅលើពិភពលោកនោះឡើយ។ យើងបានឃើញពីរបៀបដែលអាជីវកម្មនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើង បានផ្លាស់ប្តូរតាមរយៈថា្នលឌីជីថល ហើយខ្ញុំជឿថា សហគ្រាសធុនតូច និងមធ្យមផ្សេងទៀត ក៏អាចធ្វើដូចគ្នាដែរ។”

W2  

លោក ហោ ប៊ុនថែ បានបន្ថែមថា៖ "នៅធនាគារ វីង យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគាំទ្រកំណើននេះ ដោយផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលលឿនរហ័ស សុវត្ថិភាព និងងាយស្រួល ដែលធ្វើឱ្យការទិញ-លក់ផលិតផល និងការប្រើប្រាស់សេវាកម្មមានភាពសាមញ្ញដោយគ្រាន់តែចុចពីរ-បីប៉ក់ប៉ុណ្ណោះនៅលើស្មាតហ្វូន។ យើងខ្ញុំសូមលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុកទាំងអស់ មិនថាបងប្អូនជាកសិករ សិប្បករ ឬសហគ្រិន សូមចាប់យកឱកាសនេះដើម្បីជំរុញកំណើនអាជីវកម្មតាមប្រព័ន្ធអនឡាញ។ អនាគតនៃការធ្វើពាណិជ្ជកម្ម នឹងត្រូវជំរុញដោយបច្ចេកវិទ្យាឌីជីថល ហើយវាបើកចំហសម្រាប់មនុស្សគ្រប់គ្នា។”

របាយការណ៍ស្រាវជ្រាវស្តីពី  ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឆ្នាំ ២០២៤ ដែលផលិតឡើងដោយក្រុមហ៊ុន Profitence ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងធនាគារ វីង បានចេញផ្សាយកាលពីដើមឆ្នាំនេះ បានអះអាងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា កំពុងមានសន្ទុះយ៉ាងខ្លាំង។ របាយការណ៍នេះ បានរកឃើញថា ទំហំទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានតម្លៃប៉ាន់ប្រមាណ ១,១២ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៤ ឬប្រហែល ៤% នៃផលិតផលក្នុងស្រុកសរុប ហើយត្រូវបានព្យាករណ៍ថានឹងមានអត្រាកំណើនប្រចាំឆ្នាំប្រហែល ១០% ខណៈដែលនៅត្រឹមឆ្នាំ២០២៩ ទំហំទីផ្សារអាចកើនដល់ ១,៨២  ពាន់លានដុល្លារអាមេរិក។

 W3

កំណើននេះជំរុញដោយការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិត ក៏ដូចជាការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែទូលំទូលាយ តួយ៉ាងប្រព័ន្ធបាគង និង KHQR ដែលផ្តួចផ្តើមឡើងដោយធនាគារជាតិ នៃកម្ពុជា រួមទាំងចំនួនប្រជាជនវ័យក្មេងជាច្រើនដែលមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ទីផ្សារឌីជីថល។

 

Wingmall ដែលជាដៃគូដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ធនាគារ វីង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រម្ចាស់អាជីវកម្មជាច្រើន ដើម្បីបង្កើនសមត្ថភាព ក៏ដូចជាពង្រីកការលក់ផលិតផលរបស់ខ្លួនទៅកាន់អតិថិជនបានកាន់តែច្រើន។ សព្វថ្ងៃនេះ ផលិតផលជាង ៣០០.០០០ មុខ បានដាក់លក់នៅលើអេប Wingmall ហើយបានក្លាយជាថ្នាលឌីជីថលដែលអាចបំពេញតម្រូវការអតិថិជនបានយ៉ាងទូលំទូលាយ។

 

គូសបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ Wingmall ក៏បានដាក់ឱ្យដំណើរការយុទ្ធនាការថ្មីមួយដែលអនុញ្ញាតឱ្យអាជីវករចំណាយត្រឹមតែ ១០០ រៀលប៉ុណ្ណោះក្នុងមួយខែ ដើម្បីដាក់លក់ផលិតផល និងសេវាកម្មរបស់ពួកគាត់នៅលើអេប Wingmall ខណៈដែលគំនិតផ្តួចផ្តើមនេះជួយដល់សហគ្រាសធុនតូច និងមធ្យម និងម្ចាស់អាជីវកម្មខ្នាតតូច ចំណាយតិចបំផុត ហើយអាចបោះជំហានចូលទៅក្នុងទីផ្សារឌីជីថល និងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដ៏ច្រើនសន្ធឹកសន្ធាប់។

 

ជាមួយគ្នានេះ ធនាគារ វីង ក៏មានការផ្តល់ជូននូវសេវាកម្ចីឌីជីថល និងសេវារំលស់ឌីជីថល ដែលអតិថិជនអាចប្រើប្រាស់សេវាកម្មទាំងនេះក្នុងការបញ្ជាទិញផលិតផលតាមតម្រូវការ ងាយស្រួល មិនមានសម្ពាធហិរញ្ញវត្ថុ​ ហើយថែមទាំងជំរុញការប្រើប្រាស់ថា្នលពាណិជ្ជកម្មកាន់តែច្រើនថែមទៀត។

 

ធនាគារ វីង​ នៅតែប្តេជ្ញាចិត្តផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល និងរួមចំណែកត្រួសត្រាយផ្លូវជំរុញនវានុវត្តន៍ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់នូវដំណោះស្រាយឌីជីថលគ្រប់ជ្រុងជ្រោយ ដែលគ្រប់ផ្នែកទាំងអស់នៅក្នុងសង្គមកម្ពុជា មិនថាសហគ្រាសធុនតូច និងមធ្យម កសិករ រហូតដល់ក្រុមហ៊ុនធំៗ និងអ្នកប្រើប្រាស់ទូទៅ សុទ្ធតែប្រើប្រាស់បានគ្រប់គ្នា ដើម្បីរីកចម្រើនក្នុងបរិបថសេដ្ឋកិច្ចដែលជំរុញដោយបរិវត្តកម្មឌីជីថល៕

W1

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia