កុំមើលខុស! រវាងផ្ទះនិងឡាន តើគួរទិញមួយណាមុនទើបល្អ? តស់មកស្វែងយល់ទាំងអស់គ្នា
Toeuy HongSEPTEMBER 15 202516 views

គួរទិញផ្ទះមុនឬទិញឡានមុន? នេះគឺជាសំណួរមួយដែលមនុស្សមួយចំនួនតែងតែសួរខ្លួនឯងនៅពេលពួកគាត់ចាប់ផ្ដើមមានចំណូលច្បាស់លាស់និងកសាងគ្រួសារមួយសុភមង្គល។ ទាក់ទងនឹងសំណួរសួរថាតើគួរទិញផ្ទះមុនឬទិញឡានមុន មនុស្សទូទៅតែងតែឆ្លើយថាគួរទិញផ្ទះមុនព្រោះផ្ទះគឺជាជម្រកចាំបាច់សម្រាប់គ្រួសារហើយវាជាទ្រព្យដែលតម្លៃរបស់វាងអាចកើនឡើងទៅតាមរយៈពេល។

 តាមពិតទៅបើយើងគិតតាមយោបល់របស់មនុស្សទូទៅគិតថាគួរទិញផ្ទះមុនវាមិនប្រាកដថាត្រឹមត្រូវគ្រប់កាលៈទេសៈនោះទេ ព្រោះស្ថានភាពរស់នៅរបស់មនុស្សម្នាក់ៗនិងគ្រួសារនីមួយៗគឺខុសៗគ្នា អ្វីដែលសំខាន់នោះគឺតើរវាងផ្ទះនិងឡានតើមួយណាវាចាំបាច់និងសំខាន់ហើយផ្ដល់ផលចំណេញនិងផ្ដល់សេចក្ដីសុខភាពសម្រាប់អ្នកក្នុងស្ថានភាពរស់នៅបច្ចុប្បន្ន។

 
ឧទាហរណ៍បច្ចុប្បន្នអ្នកមិនទាន់មានផ្ទះរស់នៅផ្ទាល់ខ្លួនហើយអ្នកមានមុខរបរមួយលក់ឥវ៉ាន់ ហើយមុខរបររបស់អ្នកត្រូវការឡានដើម្បីងាយស្រួលដឹកឥវ៉ាន់ហើយជួយសម្រួលដល់ការរកស៊ីបានច្រើនព្រមទាំងអាចកាត់បន្ថយចំណាយបានច្រើននោះ។ ត្រង់នេះឡានគឺជាអាទិភាពដែលអ្នកគួរគិតគូទិញមុនព្រោះវាជាផ្នែកមួយជួយបង្កើតចំណូលហើយជាមធ្យមបាយសម្រាប់ធ្វើដំណើរទៅទីជិតឆ្ងាយផងដែរ។

 
មួយវិញទៀតក្នុងករណីដូចបានរៀបរាប់ខាងលើនេះ ការទិញឡានមុនគឺជាផ្លូវមួយជួយអ្នកឲ្យឈានដល់ការរកលុយបានច្រើនដើម្បីសល់លុយអាចទិញផ្ទះព្រោះពេលអ្នកទិញឡានជួយសម្រួលដល់ការរកស៊ីហើយរកស៊ីកាន់តែកាក់កបរីកចម្រើនទៅមុខជាលំដាប់នោះមិនយូរទេអ្នកនឹងអាចមានលទ្ធភាពទិញផ្ទះជាមិនខាន។

យ៉ាងណាមិញបើអ្នកមិនទាន់មានផ្ទះរស់នៅផ្ទាល់ខ្លួនហើយទិញឡានមកគ្រាន់ដើម្បីឲ្យគេមើលមកថាឡូយនោះអ្នកមិនគួរទិញឡានមុនឡើយព្រោះការទិញឡានទំនើបឡូយឆាយមិនបានផ្ដល់ផលចំណេញច្រើនដល់គ្រួសារអ្នកឡើយតែផ្ទុយទៅវិញអ្នកនឹងកាន់តែចំណាយលុយច្រើនពេលអ្នកចាប់ផ្ដើមប្រើប្រាស់ឡាន។ មួយវិញទៀតឡានគឺជាបំណុលអាក្រក់ប្រសិនបើអ្នកមិនបានប្រើប្រាស់វាដើម្បីបង្កើតចំណូលដោយក្នុងមួយខែៗអ្នកត្រូវចំណាយថ្លៃសាំង ការថែទាំង ធានារ៉ាប់រងហើយតម្លៃវាក៏ធ្លាក់ថ្លៃឆាប់រហ័សផងដែរ។

 
ប្រសិនបើអ្នកមានការងារនិងប្រភពចំណូលច្បាស់លាស់ហើយមិនមានតម្រូវការប្រើប្រាស់ឡានដើម្បីបង្កើតចំណូលទេនោះ អ្នកគួរគិតគូទិញផ្ទះមុនជាជាងទិញឡានបើអ្នកដឹងខ្លួនឯងច្បាស់ថាមានលទ្ធភាពព្រោះផ្ទះគឺជាជម្រកដ៏សំខាន់សម្រាប់គ្រួសារហើយតម្លៃរបស់វាមិនងាយធ្លាក់ថ្លៃឡើយពោលគឺតម្លៃវាអាចនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សុរបមកចំពោះសំណួរថាតើគួរទិញផ្ទះមុនឬឡានមុន មិនមានចម្លើយណាដែលត្រឹមត្រូវឡើយព្រោះស្ថានភាពរស់នៅរបស់មនុស្សម្នាក់ៗខុសគ្នា។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវដឹងពីស្ថានភាពខ្លួនឯងច្បាស់ហើយអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើគួរទិញផ្ទះមុនឬទិញឡានមុន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia