ក្រុមហ៊ុនដ៏ល្បីរបស់ចិន សន្យានឹងពិនិត្យលទ្ធភាពរៀបចំមន្ទីរពេទ្យចល័តនៅកម្ពុជា
Bunthoeun KoemSEPTEMBER 12 202536 views

ប្រធានក្រុមហ៊ុន Sino Group បានសន្យានឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត ដើម្បីជាចំណែកចូលរួមបន្ថែមទៀតគាំទ្រដល់ការការពារសុខុមាលភាពសង្គមកម្ពុជា តបតាមការស្នើសុំរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 546626275 122281335116029244 1779964775281843149 N (1)

យោងតាមការចេញផ្សាយដោយនៅលើទំព័រហ្វេសប៊ុកផ្លូវការបានឲ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយលោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sino Groupតាមរយៈជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ពិសេសជាងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យក្រុមហ៊ុនចូមរួមឱ្យបានកាន់តែច្រើនក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ពិសេសលើវិស័យសុខាភិបាល មានជាអាទិ៍ការរៀបចំមន្ទីរពេទ្យចល័ត (Mobile Hospital) គាំទ្រការផ្ដល់សេវាសុខាភិបាលជូនប្រជាជនក្នុងតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។

546357694 122281353362029244 6474045552525858067 N

ជាការឆ្លើយតប លោក Robert Ng បានសន្យានឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត ដូចដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានស្នើសុំ ដើម្បីជាចំណែកចូលរួមបន្ថែមទៀតគាំទ្រដល់ការការពារសុខុមាលភាពសង្គមកម្ពុជា។

 

គួរឲ្យដឹងដែរថា កូនប្រុសរបស់លោក Robert Ng គឺលោក Daryl Ng បច្ចុប្បន្នជាប្រធានក្រុមហ៊ុន Sino Group ក៏ធ្លាប់ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុន ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ ពោលគឺអំឡុងពេលលោកអញ្ជើញអមដំណើរឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR) ធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

547414430 122281335200029244 9057368997190917743 N

សូមជម្រាបថា ក្រុមហ៊ុន Sino Group គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគឈានមុខគេមួយរបស់ទីក្រុងហុងកុង ហើយបច្ចុប្បន្នក៏កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុននេះក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតទឹកផ្លែឈើ Yeo's ដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្ដល់ការងារប្រមាណ ៥០០កន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ក្រុមហ៊ុន Sino Group បានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility - CSR) ដើម្បីជំរុញឱ្យសុខុមាលភាពប្រជាជនកាន់តែល្អប្រសើរ ដោយអនុវត្តយុទ្ធសាស្ត្រចំនួនបីគឺ ការរស់នៅបៃតង ស្មារតីសហគមន៍ និងការរចនាប្រកបដោយភាពច្នៃប្រឌិត៕

 

546616828 122281335176029244 442498555055746121 N

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia