អបអរសាទរ អ្នកខេត្ដកំពង់ឆ្នាំង ខណៈខេត្ដជាប់បឹងទន្លេសាបមួយនេះ ទទួលបានគម្រោងវិនិយោគថ្មី ដែលមានតម្លៃសរុបជាង ៦ លានដុល្លារ និងអាចបង្កើតឱកាសការងារជាង ៥០០ កន្លែងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ។
តាមការបញ្ជាក់ពី CDC គម្រោងវិនិយោគខាងលើនេះគឺជាប្រភេទរោងចក្រផលិតសម្ភារតុបតែងសម្រាប់ពិធីបុណ្យ (ផលិតពីដែក និងប្លាស្ទិក) ដែលមានទីតាំងស្ថិតនៅភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ដោយគម្រោងនេះមានទុនវិនិយោគសរុប ៦.២ លានដុល្លារ។ ហើយនៅពេលបើកដំណើរការ អាចបង្កើតឱកាសការងារបានចំនួន ៥២៧ កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។
គួរជម្រាបផងដែរថា គិតចាប់តាំងពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ នេះ ខេត្ដកំពង់ឆ្នាំងទទួលបានគម្រោងវិនិយោគសរុបចំនួន ១៥។ ដោយឡែកក្នុងរយៈពេល ៨ ខែឆ្នាំ២០២៥ នេះប្រទេសកម្ពុជាទាំងមូលគឺទទួលបានគម្រោងវិនិយោគសរុបចំនួន ៤៩១ គម្រោង មានទុនវិនិយោគសរុប ៧.២ លានដុល្លារ និងអាចបង្កើតឱកាសបានចំនួន ៣៤ ម៉ឺនកន្លែងជូនពលរដ្ឋនៅទូទាំងប្រទេសផងដែរ៕