ក្រៅពីព្រលានថ្មី កម្ពុជានៅមានគម្រោងលេចធ្លោ ២ នេះដែលកំពុងសាងសង់និងមានតម្លៃសរុបជាង ៣ ពាន់លានដុល្លារ
Bunthoeun KoemSEPTEMBER 16 20255.5 K views

ដូចប្រិយមិត្ដបានដឹងរួចមកហើយថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ អាកាសយានដ្ឋានអន្ដជាតិតេជោ ដែលជាគម្រោងដ៏ធំ និងទំនើបជាងគេនៅកម្ពុជា បានបើកដំណើរការជាផ្លូវការហើយ។ ដោយគម្រោងអាកាសយានដ្ឋានថ្មីនេះត្រូវបានចំណាយទុនប្រមាណជាង ២ ពាន់លានុដល្លារ (ដំណាក់កាលទី១) សាងសង់លើផ្ទៃដី ២ ៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខណៈនៅក្នុង ១ ឆ្នាំ អាកាសយានដ្ឋានអន្ដរជាតិតេជោអាចទទួលភ្ញៀវទេសចរបានចំនួន ១៣ លាននាក់។

 

យ៉ាងណាក្រៅអាកាសយានដ្ឋានខាងលើ កម្ពុជាក៏នៅមានគម្រោងធំៗជាច្រើនទៀតដែលកំពុងសាងសង់ និងត្រៀមលេចរូបរាងនៅក្នុងពេលខាងមុខផងដែរ។ ជាក់ស្ដែង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏លេចធ្លោ និងមានទុនវិនិយោគសរុបរាប់ពាន់លានដុល្លារឯណោះ ខណៈគម្រោងទាំងពីរនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសាងសង់។ 

 

១. គម្រោងព្រែកជីកហ្វូណនតេជោ

 

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្រ្ដរបស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ គម្រោងនេះមានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

4303a200 D6ee 43ad 8781 Ff77b7457198

គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានចែកចេញជា ២ ដំណាក់កាលគឺ ដំណាក់កាលទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។ ខណៈគម្រោងនេះដែរនឹងត្រូវចំណាយថវិកាចំនួន ១៧០០ លានដុល្លារសម្រាប់ការសាងសង់ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។

82268ced Fa74 423c 80bd 6684423b6c4d

 

២. គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

 

គម្រោងផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីមិថុនា ឆ្នាំ២០២៣។ គម្រោងផ្លូវថ្មីនេះមានប្រវែងសរុប ១៣៥.១ គីឡូម៉ែត្រ ដោយក្នុងនោះមានឆ្លងកាត់ខេត្ដកណ្ដាលប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧១គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ វិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មមស្ពាន និងថ្នល់ចិន (CRBC)។ តាមការគ្រោងទុកផ្លូវល្បឿនលឿនខ្សែទី២ នេះអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ និងចំណាយទុនប្រមាណ ១.៣៥ ពាន់លានដុល្លារ។

 

សូមជម្រាបថា នៅពេលផ្លូវល្បឿនលឿនទី២ដាក់ឲ្យដំណើរការ ការធ្វើដំណើរទៅមករវាងរាជធានីភ្នំពេញនិងក្រុងបាវិត នឹងចំណាយពេលត្រឹមតែជាង ១ ម៉ោងប៉ុណ្ណោះ។ ហើយអ្វីដែលពិសេសផ្លូវនេះ ក៏នឹងតភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាមថែមទៀតផង៕

 

 400a59d4 4c0d 4410 B6d8 Fc148dd63c10

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia