លោក Bill Harrison អតីតនាយកប្រតិបត្តិធនាគារដ៏ធំមួយរបស់ពិភពលោក JPMorgan Chase បានលើកឡើងរឿងសំខាន់មួយដែលមនុស្សគ្រប់គ្នាត្រូវធ្វើជាចាំបាច់ប្រសិនបើចង់ជោគជ័យខ្ពស់ក្នុងជីវិតនោះគឺ ចេញពីតំបន់សុវត្ថិភាព ហើយបន្តលូតលាស់និងសាកល្បងធ្វើរឿងថ្មីៗ។
ថ្លែងនៅក្នុងផតឃែស្ថដែលត្រូវបានរៀបចំឡើងដោយប្រធានប្រតិបត្តិ Yum Brands លោក Bill Harrison បាននិយាយយ៉ាងដូច្នេះថា៖ «ជាញឹកញាប់អ្នកអាចរៀនពីការចូលទៅក្នុងបរិយាកាសថ្មី តួនាទី ឬឱកាស។ មុននឹងឈានទៅដល់កំពូលនៃធនាគារធំជាងគេមួយរបស់ប្រទេស អាជីពរបស់ខ្ញុំត្រូវបានសម្គាល់ជាបន្តបន្ទាប់ដោយការផ្លាស់ប្តូរដ៏ធំដែលខ្ញុំមិនតែងតែចូលចិត្តផ្ទាល់ ប៉ុន្តែបានជួយកំណត់ខ្ញុំឱ្យទទួលបានជោគជ័យ»។
ក្នុងឱកាសនោះលោក Bill Harrison បានរំលឹកទៅកាន់អតីតកាលថា នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ លោកបានចូលធ្វើការជាអ្នកគ្រប់គ្រងដំបូង ដោយមើលការខុសត្រូវក្រុមមនុស្សចំនួន ១៣នាក់នៅការិយាល័យប្រចាំតំបន់របស់ធនាគារ Chemical Bank នៅរដ្ឋ San Francisco ។ បន្ទាប់ពីរយៈពេលបីឆ្នាំ ធនាគារបានសុំឱ្យលោកផ្លាស់ទៅទីក្រុងឡុងដ៍ ដើម្បីគ្រប់គ្រងអាជីវកម្មនៅអឺរ៉ុបរបស់ខ្លួនដោយមើលការខុសត្រូវលើមនុស្ស ១,៣០០នាក់។
ដំបូងឡើយ Harrison មិនមែនជាអ្នកគាំទ្រគំនិតនេះទេ៖ «ខ្ញុំមិនចង់ទៅទីក្រុងឡុងដ៍ទេ។ ខ្ញុំមានន័យថា ខ្ញុំសប្បាយចិត្តនៅទីក្រុង San Francisco ... ខ្ញុំមានផាសុខភាពណាស់ក្នុងការស្នាក់នៅក្នុងតំបន់នេះ។ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមិនចង់បន្តដំណើរលឿនដូច្នេះទេ»។
នៅទីបំផុត Harrison បានចុះចាញ់នឹងសម្ពាធ ហើយរៀបចំកាបូបរបស់គាត់ធ្វើដំណើរទៅទីតាំងថ្មី។ ការផ្លាស់ប្តូរនេះមិនងាយស្រួលនោះទេ គាត់បាននិយាយថា គាត់ត្រូវតែតស៊ូជាមួយគណៈកម្មាធិការប្រតិបត្តិដែលមិនដំណើរការ និងការវិនិច្ឆ័យពីមិត្តរួមការងាររបស់គាត់សម្រាប់ការក្លាយជាជនជាតិអាមេរិកវ័យក្មេងដែលដឹកនាំអាជីវកម្មនៅចក្រភពអង់គ្លេស។
ស្ថិតក្នុងគ្រាដ៏លំបាកនេះមិនបានសម្លាប់លោក Bill Harrison នោះទេ ប៉ុន្តែលោកបែរជារៀនសូត្រ និងទទួលចំណេះដឹងដ៏សម្បូរបែបពេលធ្វើការក្នុងបរិយាកាសថ្មី លោកបានលើកឡើងថា៖ «វាពិតជាបានបង្រៀនខ្ញុំប្រហែលជាច្រើនជាងអ្វីដែលខ្ញុំធ្លាប់ធ្វើទៅទៀត»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦