មនុស្សយើងមិនអាចប្ដូរដើមកំណើតរបស់ខ្លួនឯងបានឡើយ ប៉ុន្តែអ្វីដែលអាចប្ដូរបាននោះគឺទម្លាប់នៃការរស់នៅប្រចាំថ្ងៃ។ ហើយប្រសិនបើក្ដីស្រមៃរបស់អ្នកគឺចង់ក្លាយជាមនុស្សមានជីវភាពធូរធាជាងមុន អ្វីដែលអ្នកត្រូវធ្វើមុនគេគឺរៀបចំទម្លាប់រស់នៅឱ្យបានល្អនិងត្រឹមត្រូវ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC អ្នកជំនាញបានលើកឡើងថា “មានមនុស្សច្រើនណាស់ដែលកើតមកក្រីក្រ ប៉ុន្តែពួកគេបានផ្លាស់ប្ដូរខ្លួនឯងឱ្យក្លាយទៅជាសេដ្ឋីប្រាក់លានដុល្លារ”។ ខាងក្រោមនេះគឺជាទម្លាប់សំខាន់ៗ ៤យ៉ាងដែលពួកគេប្រើប្រាស់ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាអ្នកមានជីវភាពល្អប្រសើរជាងមុន។
១. សន្សំសំចៃ៖ ចំណាយទៅលើតែរបស់ណាចាំបាច់ដែលបម្រើដល់តម្រូវការរស់នៅប្រចាំថ្ងៃ និងផ្ដោតទៅលើការសន្សំលុយជាប្រចាំមិនថារកបានតិចឬច្រើន។
២. បង្កើនប្រភពប្រាក់ចំណូល៖ ការមានចំណូលច្រើនច្រកនឹងជួយឱ្យសន្សំលុយបានកាន់តែច្រើន ហើយដើម្បីបង្កើតចំណូលឱ្យបានច្រើនគឺតម្រូវឱ្យប្រើចំណេះជំនាញដែលមានឱ្យអស់លទ្ធភាព និងព្យាយាមអភិវឌ្ឍខ្លួនបន្ថែមជានិច្ច។ លោកអ្នកអាចឆ្លៀតរកលុយបន្ថែមពីលើប្រាក់ខែ តាមរយៈការធ្វើការក្រៅម៉ោង ឬការងារ Freeland នៅថ្ងៃសៅរ៍អាទិត្យជាដើម។
៣. វិនិយោគ៖ លុយដែលសន្សំបានគេមិនទុកឱ្យវាដេកស្ងៀមឡើយ ប៉ុន្តែគេជំនួសដោយឱ្យវាធ្វើការរកចំណូលបន្ថែម ដូចជាការវិនិយោគទៅលើភាគហ៊ុន ឬអចលនទ្រព្យជាដើម។
៤. ការរស់នៅដ៏ល្អ៖ ក្រៅពីការរកលុយសន្សំចាត់ចែងនិងការវិនិយោគ គឺត្រូវមានរបៀបរស់នៅដែលល្អផងដែរ។ ហើយការរស់នៅមួយល្អបានមិនមែនចាំទាល់តែមានលុយច្រើនទេ គឺវាចាប់ផ្ដើមពីរឿងតូចៗដូចខាងក្រោមនេះ៖
- អានឱ្យបានញឹកញាប់
- ហាត់ប្រាណជាប្រចាំ
- ញ៉ាំឱ្យបានទៀងទាត់
- គេងឱ្យបានយ៉ាងតិច៧ម៉ោង
- ក្រោកពីព្រលឹម
- កំណត់និងស្វែងរកគោលដៅ
- មានសីលធម៌និងសុជីវធម៌។
គួរបញ្ជាក់ផងដែរថា មនុស្សគ្រប់រូបសុទ្ធតែអាចផ្លាស់ប្ដូរបាន បើទោះបីជាកើតមកជាកូនអ្នកក្រក៏អាចប្រែទៅជាអ្នកមានវិញបានដែរ ដរាបណាអ្នកមិនបោះបង់ក្ដីស្រមៃហើយខំអភិវឌ្ឍខ្លួនជាប្រចាំ មិនយូរមិនឆាប់អ្នកនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរសម្រាប់ជីវិតមួយនេះ៕
អត្ថបទដោយ៖ សូ សុខលី