កុំពឹងប្រា.ក់ខែតែ១ច្រក! រឿងធំ៥យ៉ាង អ្នកត្រូវធ្វើជាបន្ទាន់ បើមិនចង់ឱ្យប្រា.ក់ខែចងជើងមួយជីវិត
Kan DaraAUGUST 17 202514 views

ពឹងប្រាក់ខែតែមួយច្រក អាចជួយអ្នករស់បានមួយគ្រា ចង់សុខសាន្តមិនវេទនាទៅថ្ងៃខាងមុខ ត្រូវចេះបង្កើតចំណូលច្រើនប្រភពលើសពីមួយ។ ដើម្បីគេចផុតពីការចងជើងដោយច្រវាក់ប្រាក់ខែ អ្នកគប្បីចាប់ផ្ដើមធ្វើរឿងធំៗទាំង៥ ខាងក្រោមនេះឱ្យបានឆាប់បំផុត៖

១/. មានជំនាញច្បាស់លាស់៖ ដែលអាចបង្កើតចំណូលបាន ដូចជាជំនាញលក់ ជំនាញសរសេរ ជំនាញសរសេរកូដ ឬជំនាញគណនេយ្យជាដើម។ អ្នកត្រូវដឹងថាជំនាញពិតប្រាកដ មានតម្លៃលើសសញ្ញាបត្រ១០ដង ពេលដាក់ពាក្យធ្វើការ គេមិនដែលសួរអ្នកថាមានសញ្ញាបត្រអ្វីខ្លះទេ ប៉ុន្តែគេសួរថា អ្នកមានជំនាញអាចធ្វើអ្វីបានខ្លះ? ហេតុនេះហើយត្រូវពង្រឹងជំនាញលើការងារដែលអ្នកកំពុងមានប្រចាំថ្ងៃ និងរៀនជំនាញថ្មីៗបន្ថែមជានិច្ច។​

របៀបរៀនជំនាញថ្មីៗ៖ ទី១.ជ្រើសរើសជំនាញមួយ (ឧ.ជំនាញលក់) ទី២.ជ្រើសរើសឆាណែលយូធូបយ៉ាងតិច៥-១០ (ដែលនិយាយអំពីការលក់) ទី៣.មើលវីដេអូទាំងអស់នោះរាល់ថ្ងៃឱ្យបានយ៉ាងតិច១០០ថ្ងៃជាប់គ្នា។ ក្រៅពីនេះអ្នកក៏អាចទៅបង់វគ្គខ្លីរៀនបន្ថែមបានផងដែរ មិនខ្វះទេវគ្គបង្រៀនជំនាញល្អៗនៅស្រុកខ្មែរយើង។

២/. បង្កើតបណ្ដាញទំនាក់ទំនង៖ ពង្រីកខ្លួនឯង តាមរយៈការពង្រឹងចំណងមិត្តភាព។ មនុស្សដែលអ្នកអាចចំណាយពេលជាមួយច្រើន គួរតែជាអ្នកដែលអាចនិយាយពាក់ព័ន្ធនឹងរឿងសំខាន់៣យ៉ាងបានគឺ លុយកាក់ ការអភិវឌ្ឍខ្លួន និងអាជីវកម្ម។ ដើម្បីបង្កើតទំនាក់ទំនងល្អៗបានយូរអង្វែង ត្រូវចាប់ផ្ដើមចេញពីខ្លួនអ្នកជាមុន ពោលគឺត្រូវប្រាកដថាអ្នកជាមនុស្សដែលគួរឱ្យទុកចិត្តបាន។

៣/. បង្កើតលំហូរសាច់ប្រាក់លើសពី១ច្រក៖ ប្រាក់ខែ១មុខមិនអាចចិញ្ចឹមអ្នកបានមួយជីវិតឡើយ។ ដូច្នេះហើយអ្នកត្រូវចេះប្រើជំនាញដែលខ្លួនមានបង្កើតចំណូលឱ្យបានច្រើនច្រកតាមដែរអាចធ្វើទៅបាន។ នេះជាគន្លឹះធំៗ៤ជំហានដើម្បីបង្កើតចំណូលពីលើប្រាក់ខែ៖ ជំហានទី១.ពង្រឹងជំនាញឱ្យច្បាស់ ជំហានទី២.ប្រមូលចំណេះជំនាញចងជាគំនិតទុកធ្វើជាមេរៀនលក់ ជំហានទី៣.បើកវគ្គបង្រៀនផ្ទាល់ ឬអនឡាញ ជំហានទី៤.វិនិយោគគំនិត ឬវិនិយោគលុយ​ ទៅលើអាជីវកម្មណាដែលត្រូវនឹងជំនាញដែលអ្នកមានស្រាប់ ដើម្បីបង្កើតចំណូលអកម្ម។

៤/. ចំណាយពេលអានយ៉ាងហោចណាស់១០០នាទីក្នុងមួយថ្ងៃ៖ ចាប់ផ្ដើមអាន មិនថាសៀវភៅ មិនថាអត្ថបទល្អៗនៅលើបណ្ដាញសង្គម ឬ​Website។ ហើយប្រធានបទដែលអ្នកគួរអានគឺ លុយកាក់, ការអភិវឌ្ឍមត្ថភាពគ្រប់គ្រងផ្លូវចិត្ត, ព្រមទាំងប្រធានបទផ្សេងៗទៀតដែលត្រូវនឹងតម្រូវការរបស់អ្នក។

៥/. បង្កើតយីហោឱ្យខ្លួនឯង៖ តាមរយៈការបង្កើតវេទិកានៅលើអ៊ីនធឺណេត ដូចជា Facebook,​ Youtube, Instagram ឬ TikTok ជាដើម។ សម័យនេះអ្នកមិនអាចលក់អ្វីដាច់ទេ បើសិនជាគ្មាននរណាស្គាល់អ្នក។ ឥឡូវនេះមានអាជីវកម្មច្រើនណាស់ដែលអ្នកអាចបង្កើតរកចំណូលបាន ដោយពឹងផ្អែកលើបណ្ដាញសង្គម។ ត្រូវចាំថាគេស្គាល់អ្នកកាន់តែច្រើនអ្នកមានឱកាសកាន់តែច្រើន គេទុកអ្នកកាន់តែច្រើនអ្នករកស៊ី ឬលក់អ្វីមួយកាន់តែដាច់។

យ៉ាងណាមិញ គ្រប់យ៉ាងវាផ្ដើមចេញពីខ្លួនយើង ចង់រស់ពឹងប្រាក់ខែដល់ស្លាប់ ឬរើបម្រាស់ បង្កើតប្រភពចំណូលនាំខ្លួនឯងទៅរកជីវិតដែលមានលំនឹង វាគឺជាជម្រើសរបស់អ្នក។ អ្នកជ្រើសបែបណាអ្នកនឹងប្រព្រឹត្តបែបនោះ ហើយសកម្មភាពប្រចាំថ្ងៃរបស់អ្នក គឺជាត្រីវិស័យដែលអាចចង្អុលបង្ហាញពីអនាគតនៅខាងមុខ ដូច្នេះសូមធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្នណា៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia