នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជាគ្រោងនឹងបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានចំណាយពេលសាងសង់អស់រយៈពេលជាច្រើនឆ្នាំ ដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។
ក្នុងនោះដែរបើតាមការបញ្ជាក់ពីលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១ ខណៈជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។
ការបញ្ជាក់របស់លោកឧកញ៉ា ខាងលើត្រូវបានធ្វើឡើង ក្នុងឱកាសទទួលដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូក្រសួងទេសចរណ៍ ដែលដឹកនាំដោយឯកឧត្ដមរដ្ឋមន្ដ្រី ហួត ហាក់ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។
នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក រូបនេះបានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្ដរជាតិលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១នេះ៕