មិនមែន ១.៥ ពាន់លានដុល្លារ! ខណៈនេះជាតម្លៃពិតដែលចំណាយលើការសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ
Bunthoeun KoemSEPTEMBER 9 2025640 views

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ បានបើកប្រតិបត្ដិការហោះហើរជាលើកដំបូងហើយ បន្ទាប់ពីបានចំណាយពេលសាងសង់អស់រយៈពេលជាច្រើនឆ្នាំមក។ ចំពោះជើងហោះហើរដំបូងគេ ដែលចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia​ ដែលដឹកភ្ញៀវទេសចរមកពីប្រទេសចិន។ តើអាកាសយានដ្ឋានអន្ដរជាតិតេជោ នេះចំណាយថវិកាសាងសង់អស់ចំនួនប៉ុន្មាន?

545546932 1097447009230307 6073544779830475686 N

តាមការគ្រោងទុកសម្រាប់ដំណាក់កាលទី១ គម្រោងនេះនឹងចំណាយទឹកប្រាក់ចំនួន ១.៥ ពាន់លានដុល្លារ។ ប៉ុន្ដែយ៉ាងណាតាមការបញ្ជាក់ពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២ ពាន់លានដុល្លារនៅដំណាក់កាលទី១ និងជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ 

541188026 122116142702967183 1433112018534015917 N

សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់​ 4F បានចាប់ផ្ដើមបើកដំណើរការសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានថ្មីនេះ អាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747។

 

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្ដរជាតិតេជោនេះ ត្រូវបានបែងចែកការសាងសង់ជា ៣ ដំណាក់កាល។ ដោយក្នុងនោះសម្រាប់ដំណាក់កាលទី១ ដែលបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ មានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ១៣ លាននាក់ក្នុង ១ ឆ្នាំ, ដំណាក់កាលទី២ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំឯណោះ៕ 

 

545520685 1097446952563646 425909961328432997 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia