ចាប់ផ្តើមពីអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ លោក តុង វ៉េងរ៉ុង បានធ្វើឱ្យហាង «ភូមិយើង» មានការគាំទ្រខ្លាំងពីបងប្អូនខ្មែរ ព្រោះរបររកស៊ីនេះអាចរក្សាបាននូវរសជាតិដើមនំខ្មែរ ហើយអ្នកធ្វើនំអាចរកចំណូលបាន មានកម្លាំងចិត្តបន្តរបរមួយនេះទៀត។
ជាអ្នកផ្តើមគំនិតបើកហាងនំបែបខ្មែរ ម្ចាស់ហាងរូបនេះ បានប្រើវិធីសាស្រ្តមួយនេះ ក្នុងការទាក់ទាញ បងប្អូនខ្មែរ ដែលធ្វើនំលក់នៅតាមផ្សារមកធ្វើនំលក់នៅហាងរបស់គាត់ ដោយពន្យល់ពីភាពខុសគ្នារវាងការប្រកបរបរតែម្នាក់ឯង និងជុំគ្នា ក៏ដូចជាការបង្ហាញពីជំហររឹងមាំក្នុងការបើកហាងរបស់ខ្លួនផងដែរ។
ការប្រកបរបរមួយដែលមានគ្នាច្រើន ប្រាកដណាស់ នឹងអាចលក់ផលិតផលបានច្រើន បើទោះបីជាការ
រកស៊ីមានឡើងមានចុះ តែនៅពេលដែលលក់បានច្រើន ទោះបីជាចំនួនអ្នកទិញធ្លាក់ចុះក៏ចុះមិនខ្លាំងដែរ។
ជាម្ចាស់អាជីវកម្ម ដឹកនាំហាងនំខ្មែរមួយនេះឲ្យដើរទៅមុខបាន គាត់តែងតែប្រកាន់គោលជំហរទាំងនេះ ពោលគឺបណ្តុះគំនិតឲ្យក្រុមការងារមានទំនួលខុសត្រូវខ្ពស់ ហើយច្បាស់លាស់ពីអ្វីដែលខ្លួនកំពុងធ្វើ ដើម្បីសម្រេចគោលដៅទាំងអស់គ្នា ផ្តល់ឱកាសដល់បុគ្គលិកបញ្ចេញគំនិតច្នៃប្រឌិតក្នុងការសម្រេចចិត្ត ក៏ដូចជាធ្វើយ៉ាងណាទើបអាចផ្តល់សេវាកម្មរហ័សជូនអតិថិជន ព្រោះនាំខ្មែរមិនអាចទុកយូរបាន និងតែងតែលើកទឹកចិត្តអ្នកផលិត បើទោះបីជាផលិតផលលក់មិនទាន់ដាច់ តែមិនត្រូវចុះចាញ់ឬបង្អាប់ស្នាដៃរបស់ខ្លួន ភាពអត់ធ្មត់ និងការតស៊ូ ជាស្ពាននាំយើងទៅដល់គោលដៅជាមិនខាន។