ខេត្ដស្វាយរៀងគឺជាខេត្ដដែលមានតំបន់សេដ្ឋពិសេសច្រើនជាងគេនៅក្នុងចំណោម រាជធានី-ខេត្ដទាំង ២៥ នៅកម្ពុជា។ នេះបើតាមការលើកឡើងពី លោក សុខា រ៉ាម អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មខេត្តស្វាយរៀង និងពាណិជ្ជករវៀតណាមនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងកម្មវិធីខាងលើ លោកអភិបាលរងខេត្ដបានបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងចំណោម រាជធានីខេត្តទាំង២៥ នៅទូទាំងប្រទេស ខេត្តស្វាយរៀង ជាខេត្តលេខ១ ដែលមាន តំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន រហូតដល់ ១.០៣៦កន្លែង ហើយក្រុង ស្រុក ចំនួន ៦ ក្នុងចំណោម ក្រុង ស្រុកទាំង ៨ គឺសុទ្ធតែមានតំបន់សេដ្ឋកិច្ចពិសេស ឬរោងចក្រស្ថិតនៅ លើកលែងតែស្រុករមាសហែក និងស្រុករំដួលប៉ុណ្ណោះដែលពុំទាន់មាន ។
ប៉ុន្តែនៅក្នុងមូលដ្ឋានស្រុកទាំងពីរនេះក៏មានការ វិនិយោគ តាមរយៈកិច្ចសហការគ្នារវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករវៀតណាមផងដែរ លើការដាំដុះដំណាំអំពៅស្ករ ហើយផលដែលទទួលបានជាវត្ថុធាតុដើមនឹងត្រូវនាំចេញទៅ កាន់ប្រទេសវៀតណាម ។
សូមជម្រាបផងដែរថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ ខេត្តស្វាយរៀង ជាខេត្តទទួលបានគម្រោងចុះទុនវិនិយោគច្រើនជាងគេ ទី២ នៅក្នុងប្រទេស ពោលគឺមានចំនួន ១០២គម្រោង។ បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕