នេះគឺជាដំណឹងដ៏រីករាយមួយ ខណៈនាពេលថ្មីៗនេះក្រុមហ៊ុនដ៏ល្បីរបស់សិង្ហបុរីបានមកស្វែងរកឱកាសពង្រីកការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍នៅកម្ពុជានៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាក់ស្តែង កាលពីកន្លងទៅគណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនសិង្ហបុរីចំនួន ១៦ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកវត្តមានធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា នៅក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនសិង្ហបុរីចំនួន១៦ នេះគឺភាគច្រើនធ្វើអាជីវកម្មក្នុងវិស័យផ្សេងៗ ដូចជាវិទ្យាសាស្ត្រជីវិត ការបណ្តុះបណ្តាលផ្នែកឌីជីថល ការកែច្នៃម្ហូបអាហារ សេវាកម្មវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ បានស្វែងយល់ពីទិដ្ឋភាពនៃការអភិវឌ្ឍនៅកម្ពុជា និងឱកាសវិនិយោគក្នុងវិស័យកម្មន្តសាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនវានុវត្តន៍បច្ចេកវិទ្យា។
គួរជម្រាបថា ក្រុមហ៊ុនមួយចំនួនដែលចុះមកស្វែងរកឱកាសវិនិយោគនៅកម្ពុជានេះ ក៏កំពុងធ្វើអាជីវកម្មនៅកម្ពុជាស្រាប់ ហើយក៏កំពុងស្វែងរកឱកាសពង្រីកប្រតិបត្តិការ និងកិច្ចសហការថ្មីៗផងដែរ៕