នៅក្នុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័យគម្រោងវិនិយោគថ្មីជាច្រើន។ ដោយក្នុងនោះក៏មានគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន ២ ផងដែរ ដែលមានទុនសរុបជាង ១៤០ ដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើកន្លែងផងដែរ។
យោងតាមរបាយការណ៍របស់ CDC ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ គម្រោងសណ្ឋាគារទាំងពីខាងលើនេះមានទីតាំងដូចខាងក្រោម៖
១. នៅរាជធានីភ្នំពេញ
គម្រោងវិនិយោគសាងសង់សណ្ឋាគារ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ នេះគឺមានចំនួន ២២៧ បន្ទប់ មានទីតាំងស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានទុនវិនិយោគចំនួន ៨៥ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ២៣០ កន្លែងផងដែរ នៅពេលបើកដំណើរការ។
២. ខេត្ដស្វាយរៀង
គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ នេះគឺមានបន្ទប់ចំនួន ២៨០ មានទីតាំងស្ថិតនៅក្រុងបាវិត ខេត្ដស្វាយរៀង។ គម្រោងនេះមានទុនវិនិយោគចំនួន ៦២ លានដុល្លារ។ ហើយនៅពេលបើកដាក់ឲ្យដំណើរការក៏បានបង្កើតឱកាសការងារបានចំនួន ៤៩៥ កន្លែងផងដែរ។
គួរជម្រាបផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៩៤៤លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៥៧ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤គម្រោង។ ជារួម ការចុះបញ្ជី គម្រោងវិនិយោគមានការកើនឡើងចំនួន ២៣គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕