គ្មានឱកាសបញ្ចប់ថ្នាក់មហាវិទ្យាល័យ ត្បិតមានមហិច្ឆតាចង់រត់តាមក្តីស្រមៃ យុវជន Kevin Kim បានសម្រេចចិត្តឈប់រៀននៅអាយុ១៨ឆ្នាំ។ បច្ចុប្បន្នលោកបានលក់ក្រុមហ៊ុនដំបូងរបស់ខ្លួន ក្នុងតម្លៃរាប់លានដុល្លារ និងក្លាយជាសេដ្ឋីរូបសង្ហាទាំងវ័យក្មេងល្ហក់។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន CNBC។
បង្វិលចក្រវាលទាញទ្រនិចនាឡិកាថយក្រោយ គ្រាដែលកំលោះ Kevin Kim ដាច់ចិត្តបោះបង់ការសិក្សាក្នុងវ័យ១៨ឆ្នាំ វាប្រៀបដូចជាការភ្នាល់ដ៏ធំបំផុតមួយសម្រាប់ជីវិតរបស់លោក ខណៈម្តាយបង្ហូរទឹកភ្នែកឃាត់កូនប្រុសព្រោះមិនចង់ឲ្យដើរលើវិថីនៃអនាគតព្រិលៗមិនច្បាស់លាស់ ព្រួយចិត្តខ្លាចកូនលំបាកថ្ងៃក្រោយ។
បំណាច់ជ្រើសរើសផ្លូវនេះហើយ Kim មិនបានធ្វើឲ្យម្តាយអស់សង្ឃឹមឡើយ លោកបានប្រើដើមទុន ២,០០០ដុល្លារ ដែលសន្សំពីការងារក្រៅម៉ោង ទៅចាប់ផ្តើមអាជីវកម្ម e-commerce នាំចូលសំលៀកបំពាក់ពីកូរ៉េខាងត្បូង ហើយលក់វាពេញអាមេរិកខាងជើង។ ក្រោយចិញ្ចឹមនិងមើលថែអាជីវកម្មរបស់ខ្លួនអស់ពីពោះរយៈពេលបីឆ្នាំ យុវជន Kim បានលក់ក្រុមហ៊ុនដំបូងនេះក្នុងតម្លៃលានដុល្លារ ក្លាយជាសេដ្ឋីវ័យ២១ឆ្នាំ។
អតីតនិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិលរូបនេះ បានប្រាប់ទៅកាន់ CNBC Make It ពីអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យនេះយ៉ាងដូច្នេះថា៖ «ត្រូវបង្កើតផលិតផលដែលសមស្របនឹងតម្រូវការទីផ្សារ វាអាចលំបាកនិងត្រូវចំណាយពេលរាប់ឆ្នាំ ប៉ុន្តែវានឹងនាំអ្នកឲ្យសម្រេចលទ្ធផលធំហួសពីការរំពឹងទុក»។ លោកបានបន្តទៀតថា៖ «ក្នុងដំណើរដ៏វែងឆ្ងាយ អ្នកត្រូវសួរខ្លួនឯងថា តើខ្ញុំពិតជាចូលចិត្តវិស័យនេះមែនទេ? តើខ្ញុំមើលឃើញខ្លួនឯងបែបណាក្នុងរយៈពេល១០ឆ្នាំទៀត?»។
បន្ទាប់មកលោក Kim បានចំណាយពេលជិត ១០ឆ្នាំក្នុងការបង្កើតផលិតផលឌីជីថលសម្រាប់ការចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនផ្សេងទៀត មុនពេលធ្វើការដោយឯករាជ្យនៅឆ្នាំ២០២០ ជាមួយ Stadium Live ដែលជាកម្មវិធី metaverse សម្រាប់អ្នកគាំទ្រកីឡា។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្ដូររូបតំណាងផ្ទាល់ខ្លួនរបស់ពួកគេ ទិញទំនិញឌីជីថល ដើរលេងជាមួយអ្នកគាំទ្រផ្សេងទៀតនៅក្នុងបន្ទប់សិប្បនិម្មិត ចូលរួមក្នុងការផ្សាយបន្តផ្ទាល់កីឡាអន្តរកម្ម ឬលេងហ្គេមខ្នាតតូចជាដើម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook