សម្រាប់អ្នកដែលចង់ទិញផលិតផលខ្មែរសុទ្ធ១០០% កុំភ្លេចឱ្យសោះនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ផ្សារជីប ម៉ុង ស៊ុបភឺម៉ាឃីត បានសហការជាមួយ ផ្សារទេសចរណ៍ ភូមិខ្មែរអ្នកធ្វើ បានរៀបកម្មវិធីពិសេសមួយគឺ "ផ្សារកសិផលខ្មែរ" ដែលប្រមូលផ្ដុំទៅដោយផលិតផលក្នុងស្រុកដូចជា បន្លែ ផ្លែឈើ ខណៈកម្មវិធីនេះ នឹងរៀបចំឡើងនៅក្នុង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី។
ចំពោះគោលបំណងដែលរៀបចំកម្មវិធី “ផ្សារកសិផលខ្មែរ” នេះឡើងគឺ ដើម្បីលើកកម្ពស់ទីផ្សារផលិតផលខ្មែរ ក៏ដូចជាបណ្ដុះស្មារតីអ្នកប្រើប្រាស់ឲ្យងាកមកគាំទ្រផលិតផលក្នុងស្រុក ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ជាក់ស្ដែងនៅក្នុងកម្មវិធីនេះ នឹងមានការដាក់លក់ផលិតផលខ្មែរសុទ្ធ ១០០ ភាគរយ ដែលក្រុមហ៊ុនបានប្រមូលទិញពីប្រជាកសិករខ្មែរ មានប្រភពច្បាស់លាស់ ដែលធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ផងដែរ។
ជាមួយគ្នានោះដែរ រយៈពេល៣ថ្ងៃនៃកម្មវិធី ផ្សារ ជីប ម៉ុង ស៊ុបភឺម៉ាឃីត នឹងរៀបចំស្ដង់ដាក់លក់ប្រភេទផ្លែឈើដូចជា៖ ក្រូចថ្លុងកោះទ្រង់ ក្រួចពោធិ៍សាត់ ទុរេនម៉នថង LONGAN ល្ម៉ើ ផាសិន មៀនខ្មែរ ស្រកានាគខ្មែរ ម្នាស់ខ្មែរ និងផ្លែត្របែក ស្ពឺជាដើម។ សម្រាប់ប្រភេទបន្លែមានដូចជា៖ ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃបូកគោមណ្ឌលគិរី តាសក់ សាឡាត់ ល្ហុងខ្ចី ដំឡូឈ្វា ល្ពៅ ការ៉ុតមណ្ឌលគិរី មើមយ៉េនមណ្ឌលគីរី ស្ពៃក្តោបមណ្ឌលគីរី ខ្ទឹមសមណ្ឌលគីរី ត្រពាំងព្រិចមណ្ឌលគិរី ត្រឡាច ខ្ញីអូសោម កណ្ដៀង កញ្ឆែតស្រែ ត្រកួនស្រែ ជន្ទលភ្នំ ភ្លៅកង្កែប និង ម្អមជាដើម។
យ៉ាងណាមិញ នេះជាឱកាសល្អមួយសម្រាប់បងប្អូនប្រជាជនខ្មែរដែលគួរតែចូលរួមមក លើកស្ទួយផលិតផលក្នុងស្រុក ទៅកាន់អ្នកប្រើប្រាស់បានដឹងពីគុណភាពផលិតផលទាំងនោះផងដែរ ហើយសម្រាប់អ្នកដែលចង់ជាយផលិតផលខ្មែរចាប់ពីពេលនេះតទៅអាចទៅទិញបានពីគ្រប់សាខារបស់ ផ្សារ ជីប ម៉ុង ស៊ុបភឺម៉ាឃីតទាំងអស់ផងដែរ។ដូច្នេះសូមអញ្ជើញបងប្អូនទាំងអស់គ្នាចូលរួមទស្សនា និងគាំទ្រផលិតផលក្នុងស្រុកទាំងអស់គ្នា។ ព័ត៌មានបន្ថែមសូមតាមដាន ឬទាក់ទងទៅកាន់ហ្វេសប៊ុកផេក Chip Mong 271 Mega Mall ឬ Chip Mong Super Market។
គួររំលឹកផងដែរថា សម្រាប់ផ្សារទេសចរណ៍ ភូមិខ្មែរអ្នកធ្វើ ដែលនឹងលិចរូបរាងជាផ្លូវការក្នុងអំឡុងខែកញ្ញាខាងមុខនេះ ក៏បានរៀបចំស្ដង់ដាក់លក់នូវម្ហូបអាហារខ្មែរជាច្រើនដូចជា នំបញ្ចុក នំខ្មែរ បង្អែមខ្មែរ ណែម និងម្អូបអាហារខ្មែរជាច្រើនមុខទៀត។ អ្វីដែលពិសេសសម្រាប់បងប្អូនដែលអញ្ជើញចូលរួម គ្រាន់តែចំណាយវិក្កយប័ត្រលើស្តង់ទាំង២ ក្នុងកម្មវិធី «ផ្សារកសិផលខ្មែរ» នេះនឹងទទួលបានការជីកកំណប់យករង្វាន់ជាច្រើនទៅផ្ទះវិញផងដែរ៕