ដំណឹងល្អ! សមិទ្ធផលថ្មីៗចំនួន ២ ត្រូវបានរាជរដ្ឋាភិបាលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ
Bunthoeun KoemAUGUST 14 20251.7 K views

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មីដែលជាហេដ្ឋារចនាសម្ព័ន្ធ សំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី១៤ ខសីហា ឆ្នាំ២០២៥។ ដោយកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

531440351 1167496352090235 4571046725347935405 N

តាមការបញ្ជាក់ពីក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅគឺជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុនដែលសន្សំសំចៃផ្ទៃដី។ រោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

សមិទ្ធផលមួយទៀតគឺស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាគម្រោងអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុន OCIC និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ស្ថានីយ៍បូមទឹកឆៅថ្មី តម្លៃ២៨លានដុល្លារនេះ មានសមត្ថភាពបូមទឹកឆៅបាន ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រទឹកស្អាតនិរោធក្នុងតំណាក់កាលបច្ចុប្បន្ន និងអនាគត ដែលនឹងបម្រើសម្រាប់ទាំងការរស់នៅ អាជីវកម្ម និងតំបន់អភិវឌ្ឍន៍សំខាន់ៗ រួមទាំងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

សូមជម្រាបថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ត្រូវបានចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥ ដែលសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន KKKCT មកពីប្រទេសជប៉ុន ក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងនេះបានទទួលហិរញ្ញប្បទានឥតសំណងចំនួន ៣.៤២១ លានយ៉េន (ប្រមាណ ២៣,២៥ លានដុល្លារអាមេរិក) ពីប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយពន្ធ និងអាករជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា៕

533134914 1167499292089941 9167337156400981945 N

532450234 1167499262089944 7206175285912119349 N

530987006 1167499288756608 965593193225822158 N

531247339 1167499538756583 586629476100389856 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia