អាចសាកល្បងធ្វើបាន! អ្នកជំនាញប្រាប់ពីក្បួនវិនិយោគមួយ ធ្វើតាម៤ជំហាននេះ រយៈពេល១៥ឆ្នាំនឹងសល់ទ្រព្យច្រើន
Toeuy HongSEPTEMBER 26 20231.2 K views

លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សានិងជាអ្នកវិនិយោគដែលមានសេរីភាពហិរញ្ញវត្ថុ តែងតែចែករំលែកបទពិសោធន៍ចំណេះហិរញ្ញវត្ថុនិងការវិនិយោគដើម្បីកសាងទ្រព្យ។ លោកបានចែករំលែកពីការវិនិយោគធនាគារដីធ្លី( Land Banking) ដែលជាការវិនិយោគទិញដីសន្សំទុករយៈពេលវែង អនាគតទៅនឹងធ្វើឲ្យអ្នកសល់ទ្រព្យច្រើនអាចចូលនិវត្តន៍ទាំងវ័យក្មេង។

 

លោក ង៉ែត ជូ បានលើកឡើងថាកម្ពុជាក៏ជាប្រទេសមួយដែលវិស័យដីធ្លីមានសក្តានុពលខ្លាំងដែរ ដូច្នេះលោកជឿជាក់ថាបងប្អូនជាពិសេសប្អូនៗយុវជនអាចប្រើយុទ្ធសាស្រ្តនេះដើម្បីអាចចូលនិវត្តន៍បានដោយធ្វើការត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។

 

លោកបានលើកឧទាហរណ៍ថា ប្រសិនបើអ្នកមានអាយុ២៥ឆ្នាំ ហើយអ្នកសន្សំប្រាក់បាន១ខែ៥០០ដុល្លារឬ៦០០០ដុល្លាក្នុង១ឆ្នាំៗដើម្បីវិនិយោគលើដីធ្លីដែលមានកំណើនតម្លៃ២០%ក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែលអ្នកមានអាយុ៤០ឆ្នាំ) អ្នកអាចមានទ្រព្យសម្បត្តិប្រហែលកន្លះលានដុល្លារ។

 

ទ្រព្យសម្បត្តិត្រឹមកន្លះលានដុល្លារនេះមិនច្រើនទេ ប៉ុន្តែអាចអោយអ្នកចូលនិវត្តន៍បានប្រសិនបើអ្នកចេះរស់នៅក្នុងជីវិតសាមញ្ញ (ពោលគឺចំណាយតិច) ហើយចេះចាត់ចែងទ្រព្យទាំងនោះដើម្បីបន្តបង្កើនចំណូលឬជាទ្រព្យបន្ថែម។ ឧទាហរណ៍ខាងលើគ្រាន់តែជាករណីដ៏សាមញ្ញ១ប៉ុណ្ណោះ ជាក់ស្តែងប្រសិនបើអ្នកជាបុគ្គលដែលមានភាពអំណត់ ពូកែសន្សំឬប្រើប្រាស់ប្រភពទុនពីធនាគារ និងមានភាពវៃឆ្លាតខ្លាំងក្នុងការវិនិយោគ ក្នុងរយៈពេល១៥ឆ្នាំ អ្នកអាចសន្សំទ្រព្យបានរាប់លានដុល្លាតាមរយៈធនាគារដីធ្លី។

 

ដើម្បីសម្រេចបាននូវផែនការចូលនិវត្តន៍ដោយធ្វើការត្រឹមតែរយៈពេល១៥ឆ្នាំដូចអ្វីដែលបានរៀបរាប់ខាងលើ ខាងក្រោមនេះគឺជាជំហាចំនួន៤ដែលអ្នកត្រូវយកចិត្តទុកដាក់អនុវត្តន៍ធ្វើ៖

 

. កសាងសមត្ថភាព

អ្នកត្រូវរៀនសូត្រពីការវិនិយោគ និងរបៀបធ្វើធនាគារដីធ្លីពីបុគ្គលដែលមានបទពិសោធន៍ ស្វែងយល់ពីផ្លូវច្បាប់ ទីផ្សារ និងជំនាញដទៃទៀតដូចជាការចរចា។ល។ ជាពិសេសអ្នកគួរមានបុគ្គលដែលមានបទពិសោធន៍អនុវត្តផ្ទាល់ធ្វើជាអ្នកប្រឹក្សាយោបល់ (mentor) ដើម្បីជួយតំរង់ទិស និងផ្តល់យោបល់ដល់អ្នក។

 

. ធ្វើផែនការវិនិយោគ

អ្នកត្រូវប្រើពេលវេលារយៈពេលវែងរបស់អ្នកអោយមានប្រសិទ្ធិភាពខ្ពស់។ ក្នុង១ឆ្នាំៗតើអ្នកនឹងវិនិយោគដីធ្លីប៉ុន្មានកន្លែង? ទំហំដីប៉ុណ្ណា? នៅតំបន់ណា? ទំហំទុនវិនិយោគប៉ុណ្ណា? តើអ្នកបានប្រភពទុនពីណា? ក្នុង១ឆ្នាំៗ អ្នកត្រូវគេតំឡើងប្រាក់ខែប៉ុន្មានភាគរយដើម្បីបង្កើនលទ្ធភាពវិនិយោគ?

 

. បង្កើនទ្រព្យ

បងប្អូនអាចចាប់ផ្តើមសិក្សាពីជម្រើសនៃការវិនិយោគទៅតាមផែនការដែលបានគ្រោងទុក។ ជារៀងរាល់ឆ្នាំអ្នកអនុវត្តតាមផែនការ និងមានភាពបត់បែនខ្លះៗទៅតាមសភាពការណ៍ជាក់ស្តែង។ រួចអ្នករង់ចាំមើលការវិវត្តតាមរយៈភាពរីកចំរើននៃសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ពន្ធ័ដូចជា ផ្លូវ ទឹក ភ្លើង សំណង់លំនៅដ្ឋាន និងរោងចក្រជាដើម។ល។ កំណើនប្រជាជនចាប់ផ្តើមកើនឡើងខ្លាំង តំរូវការដីធ្លីក៏មានកាន់តែខ្លាំង រីឯតម្លៃក៏ឡើងតាមនោះដែរ។

 

. បែងចែកទ្រព្យសម្បត្តិ

ប្រមាណ១៥ឆ្នាំក្រោយជាដំណាក់កាលដែលអ្នកប្រមូលផលពីការវិនិយោគលើធនាគារដីធ្លីប្រកបដោយចក្ខុវិស័យ។ អ្នកអាចលក់ដីធ្លីមួយចំនួនដើម្បីបង្កើតជាចំណូលប្រចាំខែ ឬលក់ដីធ្លីខ្លះទៀតយកទុនទៅវិនិយោគលើឃ្លាំងឬអាគារសំរាប់ជួល ឬវិនិយោគក្នុងក្រុមហ៊ុននានាយកភាគលាភប្រចាំឆ្នាំ (annual dividend) ដើម្បីចិញ្ចឹមគ្រួសារ និងរីករាយជាមួយជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ។ សកម្មភាពវិនិយោគទាំងនេះសុទ្ធតែជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ចំណែកដីធ្លីខ្លះទៀតដែលនៅមានសក្តានុពលកើនតម្លៃខ្ពស់គួរបន្តរក្សាទុកជាការបង្កើនទ្រព្យ។

 

លោក ង៉ែត ជូ បានបញ្ជាក់ផងដែរអ្វីដែលបានរៀបរាប់ខាងលើគឺជាលទ្ធផលនៃការអនុវត្តជាក់ស្តែង ការសិក្សាស្រាវជ្រាវ និងការវិភាគទៅតាមបរិបទនៃទីផ្សារ និងសេដ្ឋកិច្ចកម្ពុជា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia