នេះជាដំណឹងដ៏រីករាយមួយសម្រាប់កសិករខ្មែរ ខណៈពេលនេះមានក្រុមហ៊ុនផលិតចំណីសត្វចំនួន៣ គឺក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាងប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុករាប់តោនក្នុងមួយឆ្នាំ។
ជាក់ស្តែង កាលពីព្រឹកមិញនេះលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វជាមួយក្រុមហ៊ុនផលិតចំណីសត្វ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណតំណាងក្រុមហ៊ុនផលិតចំណីសត្វទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់។ ក្នុងឱកាសនោះ លោកជំទាវ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ នឹងប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុប៖ ពោតក្រហម ៥៤.០០០តោន/ឆ្នាំ, ដំឡូងមី ១៣. ០០០តោន/ឆ្នាំ, កញ្ជុងអង្ករ ១២.៨០០តោន/ឆ្នាំ, និងកន្ទក់ ៣០.០០០តោន/ឆ្នាំ។
ថ្លែងក្នុងពិធីនេះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទីនិងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និងបង្កើនឱកាសធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពដល់ប្រជាកសិករខ្មែរ។
លើសពីនេះ លោកជំទាវដ្ឋមន្រ្តី បានធ្វើការណែនាំឱ្យក្រុមការងារក្រសួងពាណិជ្ជកម្មបន្តកិច្ចសហការឱ្យបានជិតស្និទ្ធិជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងាររៀបចំផែនការដាំដុះ និងប្រមូលទិញ កសិផលសម្រាប់ផលិតចំណីសត្វ ជាមួយកសិករ តាមរយៈការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយផ្តោតសំខាន់ផងដែរលើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕