ធ្មិចបើកៗដល់រដូវបុណ្យភ្ជុំបិណ្ឌហើយ ជាពេលវេលាមនុស្សម្នាជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្តទៅកន្លែងទេសចរណ៍នានា។ ខាងក្រោមនេះ គឺជារមណីដ្ឋាន ៣ ល្បីទេសភាពស្អាតលេចធ្លោក្នុងស្រុកខ្មែរ មិនចាញ់ក្រៅប្រទេសឡើយ សូម្បីជនបរទេសក៏ពោលពាក្យសរសើរមិនដាច់ពីមាត់៖
១/. កោះសង្សារ
ទេសភាពឆ្នេរខ្សាច់ធម្មជាតិ ដ៏ស្រស់ត្រកាលនៅលើកោះសង្សារ ដែលជាទីតាំងរមណីយដ្ឋានដ៏ប្រណិតមួយស្ទើរតែរកកន្លែងណាប្រដូចពុំបានឡើយ។ កោះសង្សារ រំលេចរូបរាងយ៉ាងស្រស់អស្ចារ្យស្ថិតនៅលើផ្ទៃមហាសាគរភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយធ្វើដំណើរតាមទូកប្រមាណចន្លោះពី៤០-៤៥នាទី និងមានចំងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ កោះនេះត្រូវបានគេប្រសិទ្ធនាមថាជា ឋានសួគ៌ក្រោមមេឃ និងជាប់ជាកោះស្អាតបំផុតមួយនៅអាស៊ីអាគ្នេយ៍ បើយោងតាមការវាយតម្លៃដោយ travelandeisureasia ដែលមនុស្សគ្រប់គ្នាគួរតែទៅកម្សាន្តឲ្យបានម្តងក្នុងមួយឆាកជីវិត ។
បើនិយាយពីតម្លៃនៃការស្នាក់នៅលើកោះសង្សារក្នុង១យប់វិញ ដោយសារតែគុណភាពខ្ពស់នៃអាហារ សេវាកម្ម បូករួមជាមួយសម្រស់ធម្មជាតិទៀតនោះដែលអនុញ្ញាតឲ្យអតិថិជនរស់នៅសោយសុខ សុវត្ថិភាពខ្ពស់ សម្រាប់ការស្នាក់នៅក៏មានតម្លៃលំដាប់អភិជនផងដែរ ពោលគឺការស្នាក់នៅក្នុង១យប់ តម្លៃចន្លោះពី៨៩០ដុល្លារ ទៅដល់៥ពាន់ដុល្លារ ឬលើសនេះក៏មាន។ នេះបើតាមការដកស្រង់ចេញពីវេបសាយផ្លូវការរបស់កោះសង្សារនាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ (ប៉ុន្តែតម្លៃអាចមានការប្រែប្រួលឡើងថ្លៃ ឬចុះថោកអាស្រ័យទៅតាមរដូវកាល)។
២/. កោះក្របី
រមណីយដ្ឋានដែនកោះកំពុងលាក់ខ្លួនពួនសម្រស់ ហាក់បីដូចនារីខ្មែររៀបពេញក្រមុំចូលម្លប់តាមទំនៀមត្រូវបន្ទំសាច់ឲ្យសរខ្ចីរៀនវិជ្ជាការប្រពៃពេញលក្ខណជាស្ត្រីប្រកបដោយលក្ខណាល្អឯក កោះក្របី រំលេចរូបរាងយ៉ាងស្រស់អស្ចារ្យស្ថិតនៅលើផ្ទៃសាគរសមុទ្យរាម ភាគខាងត្បូងនៃក្រុងព្រះសីហនុ។ ដោយធ្វើដំណើរប្រមាណជា ៣០ នាទីពីព្រលានយន្តហោះកងកេង មិនតែប៉ុណ្ណោះបើចេញដំណើរពីចំណតកប៉ាល់ដីគោកមានរយៈពេលតិចជាង ១០នាទី និងរយៈពេល៣ម៉ោងកន្លះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង៨ម៉ោងកន្លះបើធ្វើដំណើរដោយរថយន្តពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
រមណីយដ្ឋានដ៏ប្រណីតនេះមានវីឡាចំនួន ៤០នៅជុំវិញទិដ្ឋភាពធម្មជាតិសុទ្ធសាធក្នុងផ្ទៃក្រឡានៃកោះប្រមាណ ១២ហិកតា ខ្ពស់ពីណេវ៉ូទឹកសមុទ្រ ៤២ម៉ែត្រ ហើយវីឡាទាំងអស់ត្រូវបានប្រើប្រាស់សម្ភារៈរឹងមាំ ដែលរួមបញ្ចូលបន្ទប់គេងដាច់ដោយឡែក បន្ទប់ទទួលភ្ញៀវ អាងហែលទឹក រានហាលលំហែកាយខាងក្រៅផ្ទះ និងអាងងូតទឹក។ បើនិយាយពីតម្លៃនៃការស្នាក់នៅលើកោះសង្សារក្នុង១យប់វិញ ដោយសារតែគុណភាពខ្ពស់នៃអាហារ សេវាកម្ម បូករួមជាមួយសម្រស់ធម្មជាតិទៀតនោះ វាធ្វើឱ្យតម្លៃនៃការស្នាក់នៅក៏មានតម្លៃលំដាប់អភិជនផងដែរ ពោលគឺការស្នាក់នៅក្នុង១យប់ តម្លៃចន្លោះពី ៧៦០ដុល្លារ ទៅដល់៤ពាន់ដុល្លារ ឬលើសនេះក៏មានផងដែរ នេះបើតាមការដកស្រង់ចេញពីវេបសាយផ្លូវការរបស់ Six Senses Krabey Island ចាប់ពីខែតុលា ឆ្នាំ២០២៣ នេះតទៅ (ប៉ុន្តែតម្លៃអាចមានការប្រែប្រួលឡើងថ្លៃ ឬចុះថោកអាស្រ័យទៅតាមរដូវកាលផងដែរ)។
៣/. កោះស្តេច
កោះស្ដេច គឺជាកោះធម្មជាតិមួយឋិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ដែលលាតសន្ធឹងតាមបណ្ដោយសមុទ្រមានចម្ងាយប្រមាណជាង ៨១ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ កោះស្ដេច មានចំងាយប្រមាណជា ២៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយត្រូវធ្វើដំណើរជាពីរដំណាក់កាល គឺផ្លូវគោក និង ផ្លូវទឹក ដោយជិះអូប័រ (ទូកតូចដែលមានល្បឿនលឿន)។ រមណីយដ្ឋានកោះស្ដេច មានឆ្នេរខ្សាច់សស្អាត មានផ្ទះសំណាក់ និងទេសភាពស្រស់ស្អាតសម្រាប់លំហែ ព្រោះមានកោះជាច្រើននៅជុំវិញ និងព្រៃធម្មជាតិ។
ទន្ទឹមគ្នានេះ ភ្ញៀវទេសចរអាចជួលទូកជិះទៅស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និង ប្រព័ន្ធជីវចម្រុះ នៅបាតសមុទ្រ ព្រមទាំងមានទូកយន្តសម្រាប់ដឹកអ្នកទេសចរជាតិ និង អន្តរជាតិ ពីកោះស្ដេចទៅទស្សនាតំបន់កោះនានា ឋិតនៅប្រជុំកោះក្បែរៗនោះទៀតផង។ មួយវិញទៀត នៅរមណីយដ្ឋាន កោះស្ដេច ភ្ញៀវទេសចរទាំងឡាយ ក៏អាចមើលថ្ងៃរៀបលិចដ៏ស្រស់ស្អាត ដែលជាទីកម្សាន្ត បំបាត់ទុក្ខកង្វល់របស់ប្រិយមិត្ត បន្ទាប់ពីបំពេញការងារយ៉ាងនឿយហត់ពេញមួយសប្ដាហ៍កន្លងមក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ៖ ច្រវាក់ប្រាក់ខែ
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦