នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្ដរជាតិសរុបជាង ១៧ លាននាក់បានធ្វើដំណើរកម្សាន្ដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយចំនួនភ្ញៀវទេសចរនេះ គឺមានការកើនឡើងខ្ពស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ កន្លងទៅ។
យោងតាមប្រសាសន៍ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅក្នុងរយៈពេល ៦ ខែក្នុងឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិចំនួន ៣ ៣៦០ ០០០ នាក់ (កើនឡើង ៦.២ ភាគរយ)។ ឯភ្ញៀវទេសចរជាតិទទួលបានចំនួន ១៤ ៥៧០ ០០០ នាក់ ( កើនឡើង៥០.៣ភាគរយ)។ ដោយឡែកត្រឹមរយៈពេល ៧ ខែដើមឆ្នាំ ២០២៥ ភ្ញៀវទេសចរដែលចូលទស្សនារមណីយដ្ឋានអង្គរវិញគឺមានចំនួន ៦១៨ ៧៧១ នាក់ (កើនឡើងប្រមាណ ៥.៨៩ភាគរយ) ហើយចំណូលដែលទទួលបានគឺមានចំនួន ២៨ លានដុល្លារ (កើនឡើង៥.៣ភាគរយ) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងនោះដែរ គោលដៅទេសចរណ៍នៅទូទាំងប្រទេសកម្ពុជានៅតែទទួលបានភ្ញៀវជាបន្ដបន្ទាប់។ រាប់ទាំងគោលដៅទេសចរណ៍ខេត្ដសៀមរាប រាជធានីភ្នំពេញ តំបន់ឆ្នេរ តំបន់ភូមិភាគឦសាន ក៏ដូចជាតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្ដមរដ្ឋមន្ដ្រី។
យ៉ាងណាក្ដីដើម្បីជំរុញកំណើនទេសចរណ៍សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ និងឆ្នាំបន្ដបន្ទាប់ទៅមុខទៀតនោះ ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវវិធានការគន្លឹះ និងការខិតខំប្រឹងប្រែងធ្វើបែបណាបន្ដទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិចូលមកកាន់ប្រទេសកម្ពុជាឲ្យបានជាអតិប្បរមា។
ឯកឧត្ដមបានគូសបញ្ជាក់ថា ទោះស្ថិតក្នុងដំណាក់កាលជម្លោះនៃការឈ្លានពានរបស់ប្រទេសថៃ ប៉ុន្ដែកម្ពុជានៅតែជាគោលដៅទេសចរណ៍សុវត្ថិភាពខ្ពស់បំផុត ហើយបញ្ហាផ្ទៃក្នុងគឺពុំមានបញ្ហាចោទណាមួយសម្រាប់ភ្ញៀវទេសចរអន្ដរជាតិនោះឡើយ។ ក្នុងនោះកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយដែលបានបកប្រែជាច្រើនភាសា ដើម្បីផ្សព្វផ្សាយ និងកសាងទំនុកចិត្ដរបស់ភ្ញៀវទេសចរអន្ដរជាតិ ក៏ដូចជាក្រុមហ៊ុនរៀបចំដំណើរទស្សនៈកិច្ចនៅកម្ពុជាផងដែរ។
ក្បិតភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរអន្ដរជាតិប្រទេសទីបី ដែលចូលតាមច្រកទ្វារផ្លូវគោកជាមួយប្រទេសនេះធ្លាក់ចុះ ប៉ុន្ដែក្រសួងក៏កំពុងខិតខំទាក់ទាញភ្ញៀវទេសចរចូលពីប្រទេសវៀតណាម និងប្រទេសឡាវ និងភ្ញៀវទេសចរប្រទេសទី៣ ឲ្យចូលតាមប្រទេសទាំងពីរនេះផងដែរ។ យ៉ាងណាសម្រាប់ភ្ញៀវទេសចរអន្ដរជាតិដែលចូលមកតាមផ្លូវអាកាសគឺនៅមានសភាពធម្មតា។ នេះបើតាមការអះអាងពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ដើម្បីកសាងទំនុកចិត្ដ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ កម្ពុជាគ្រោងចូលរួមកម្មវិធីពិរព័ណ៌ទេសចរណ៍ ITE នៅប្រទេសវៀតណាមនាដើមខែកញ្ញា ក្នុងទីក្រុងហូជីមិញ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ថាជាគោលដៅសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអន្ដរជាតិមកពីគ្រប់ទិសទីទាំងអស់។ ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏ខិតខំភ្ជាប់ជាមួយប្រទេសបូកមួយក្នុងតំបន់ ដែលមានជើងហោះហើរត្រង់ពិសេស ពិសេសនៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក្នុងការរៀបចំកញ្ចប់ទស្សនៈកិច្ចរួមគ្នា។ ឯទីផ្សារក្នុងតំបន់អាស៊ាន ទីផ្សារបូកបីមាន៖ចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយទីផ្សារបូកឥណ្ឌា រួមជាមួយទីផ្សារអឺរ៉ុបនៅតែជាទីផ្សារអាទិភាពរបស់កម្ពុជាផងដែរ។
ទន្ទឹមគ្នានោះ ក្រសួងក៏នឹងចូលរួមព្រឹត្ដិការណ៍ទេសចរណ៍សំខាន់ៗផ្សេងៗទៀត ដើម្បីចូលរួមផ្សព្វផ្សាយបង្ហាញទីផ្សារកម្ពុជានៅក្នុងអំឡុងឆាសទី២ ឆ្នាំ២០២៥ នេះរួមមាន៖ ពិរព័ណ៌នៅជប៉ុន និងនៅក្រុងប៉ារីស នាខែកញ្ញា ពិរព័ណ៌នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសនៅដើមខែវិច្ឆិកា និងការចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិនៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បូករួមជាមួយនឹងព្រឹត្ដិការណ៍អន្ដរជាតិនានាជាច្រើនទៀត។ ទន្ទឹមនឹងនោះក្រសួងក៏បន្ដជំរុញការអនុវត្ដយុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា តាមរយៈការរៀបចំនូវព្រឹត្ដិការណ៍ជាច្រើនទាំងនៅកម្ពុជា ទាំងនៅប្រទេសចិន និងឥណ្ឌាដូចគ្នា។
បន្ថែមពីលើនេះ ក្រសួងក៏នឹងជំរុញការទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសមូស្លីម ប្រទេសអារ៉ាប់ ប្រទេសមជ្ឈិមបូព៌ា ស្របទៅតាមផែនការយុទ្ធសាស្ដ្រដែលបានដាក់ចេញនៅក្នុងការទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសទាំងនោះ។ ក្រសួងទេសចរណ៍ក៏បាននិងកំពុងរួមគ្នាយ៉ាងជិតស្និតជាមួយ CTB ដើម្បីសហការទទួល Farm Trip ពីបណ្ដាប្រទេសដៃគូ និងផ្នែកឯកជនបរទេសជាច្រើន ដើម្បីមកស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជា និងផ្សព្វផ្សាយអំពីស្ថានភាពពិតនៅកម្ពុជានាពេលបច្ចុប្បន្ន។
ដោយឡែកសម្រាប់ភ្ញៀវទេសចរផ្ទៃក្នុងវិញ ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវយុទ្ធសាស្ដ្រចំនួន ៦ ចំណុច ដោយក្នងនោះរួមមាន៖
ចំណុចទី១៖ ជំរុញឲ្យកាន់តែសកម្មនូវការអនុវត្ដយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ( Visit Cambodia During Green Season) តាមរយៈការផ្សព្ធផ្សាយ និងការផលិតវីដេអូ ដោយសហការជាមួយអ្នកផលិតមាតិកា (Influencer) ជាតិ និងអន្ដរជាតិល្បីៗ។ ជាពិសេសតាមរយៈការគាំទ្រ និងការលើកទឹកចិត្ដផ្សេងៗបន្ថែមទៀត។
ចំណុចទី២៖ ជំរុញការដើរកម្សាន្ដ ការធ្វើដំណើរទស្សនាចររបស់ជនបរទេស ដែលបាននិងកំពុងរស់ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ឲ្យពួកគាត់ធ្វើដំណើរកម្សាន្ដតាមរយៈការដាក់ចេញនូវតម្លៃ និងកញ្ចប់ពិសេស នូវការទស្សនានៅតាមរមណីយដ្ឋាន និងសហគមទេសចរណ៍នានា រួមទាំងការទស្សនារមណីយដ្ឋានអង្គរផងដែរ។
ចំណុចទី៣៖ ជំរុញការធ្វើដំណើរកម្សាន្ដរបស់យុវជន សិស្សនិស្សិត និងបុគ្គលិកក្រុមហ៊ុនឯកជននានា ដោយសហការជាមួយវិស័យឯកជន រៀបចំកញ្ចប់ទស្សនៈកិច្ចផ្ទៃក្នុងតម្លៃធូរថ្លៃ និងកិច្ចសហការជាមួយសាលារាជធានីភ្នំពេញក្នុងការផ្ដល់ជូននូវរថយន្ដក្រុងសាធារណៈ ដើម្បីប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរជាដើម។
ចំណុចទី៤៖ បន្ដរៀបចំព្រឹត្ដិការណ៍នានា ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្ដ និងការរៀបចំជាប្រតិទិនព្រឹត្ដិការណ៍ (Event Calendar) ដែលការងារនេះគឺក្រសួងទេសចរណ៍បានខិតខំជំរុញការរៀបចំជាមួយ CTB និងតាមបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ចំណុចទី៥៖ ក្រសួងបានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ក្នុងការរួមចំណែកទទួលបានបងប្អូនពលករដែលវិលមកវិញ ដើម្បីត្រៀមផ្ដល់ឱកាសការងារនៅក្នុងវិស័យទេសចរណ៍ ដែលការណ៍នេះក្រសួងទេសចរណ៍បានត្រៀមលក្ខណៈរួចរាល់ ដោយបានធ្វើកិច្ចការនេះជាបុរេសកម្មជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ CTF CHA CATA និងPATA ជាដើម។
ចំណុចទី៦៖ ក្រសួងទេសចរណ៍បានត្រៀមរៀបចំជាវគ្គបណ្ដុះបណ្ដាលនៅគ្រប់ជំនាញនៅក្នុងវិស័យទេសចរណ៍ គិតទាំងវគ្គខ្លី មធ្យម និងវែង ដើម្បីផ្ដល់ជំនាញបន្ថែមដល់បងប្អូនពលករ ខណៈដែលបច្ចុប្បន្ននេះក្រសួងទេសចរណ៍ ក៏បានដំណើរការសាលាវិទ្យាជីវៈចំនួន ២ គឺមួយនៅរាជធានីភ្នំពេញ និងមួយទៀតនៅខេត្ដព្រះសីហនុ ដែលបន្ថែមលើកិច្ចសហការនានាជាមួយសាលាដែលជាអង្គការដៃគូ និងវិស័យឯកជននានាផងដែរ៕