នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ដាក់ឲ្យអនុវត្ដអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកាន់ប្រទេសកម្ពុជាពីសហរដ្ឋអាមេរិក។ ប៉ុន្ដែអត្រាពន្ធគយ ០% នេះមិនអនុវត្ដចំពោះទំនិញប្រើរួចឡើយ (មួយទឹក)។
យ៉ាងនៅថ្ងៃដដែលនេះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តពន្ឋគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកផងដែរ។ ដោយក្នុងនោះឯកឧត្ដមក៏បានលើកឡើងពីការយកអត្រាពន្ធនៅលើប្រភេទយន្ដផងដែរ។
ឯកឧត្ដមបញ្ជាក់ថា រថយន្តថ្មីដែលបានផលិតនៅសហរដ្ឋអាមេរិក នាំចូលមកម្ពុជា អត្រាពន្ឋគយ អនុវត្តអត្រាពន្ឋគយ 0%។ ចំណែករថយន្ដដែលប្រើប្រាស់រួច មានគីឡូចាប់ពី ៥០០០គីឡូម៉ែត្រ មិនអាចស្នើរសុំយកពន្ឋគយ អត្រាសូន្យភាគរយបានទេ (០%)។ ក៏ប៉ុន្ដែចំពោះរថយន្តដែលបានប្រើប្រាស់រួច អត្រាពន្ឋគយអាចផ្តល់អត្រាពន្ឋសូន្យភាគរយត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា៖
១. ជារថយន្តដែលប្រើប្រាស់ក្រោម ៥០០០គីឡូម៉ែត្រ
២. ឆ្នាំផលិតត្រឹមឆ្នាំ2024 រឺ ឆ្នាំ2025
៣. ជារថយន្តមិនមានការបុកប៉ះរឺមានប្រវត្តិធ្លាប់ជួសជុល រួចនាំចូលមកព្រះរាជាណាចក្រកម្ពុជា ដែលអ្នកនាំចូលត្រូវសំអាង ដើមកំណើតទំនិញ តាមទម្រង់ និងនិតីវិធីដែលកំនត់ដោយ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕