ប្តូរអាជីពពីមេធាវី អ្នកនាង Rachael Kam ក្លាយជាសហគ្រិនវ័យក្មេងជាមួយនឹងអាជីវកម្មសេវាកម្មផាត់មុខតាមអនឡាញឈ្មោះ The First Refresh ជាប្រភេទសេវាកម្មផាត់មុខធ្វើ ក្រចក តរោមភ្នែក ប៉ាក់ចិញ្ចើម ដល់ផ្ទះរបស់អតិថិជន ដែលភ្ញៀវអាចកម្មង់បានតាមរយៈវេបសាយ ឈ្មោះ “The First Refresh” ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vulcan post បានឱ្យដឹងថា អ្នកនាង Rachael Kam បានបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសាកលវិទ្យាល័យជាតិសិង្ហបុរី និងបានធ្វើការផ្នែកច្បាប់អាជីវកម្មអស់រយៈពេល ៨ឆ្នាំ ប៉ុន្តែក្រោយមកនៅក្នុងឆ្នាំ ២០១៤ អ្នកនាងក៏បានប្តូរអាជីពពីមេធាវី ក្លាយទៅជាសហគ្រិនជាមួយនឹងអាជីវកម្មដំបូងរបស់នាងដែលមានឈ្មោះថា Lucy & Mui ជាប្រភេទអាជីវកម្មលក់គ្រឿងអលង្កា។លុះក្រោយមក បន្ទាប់ពីរកស៊ីអស់ជាច្រើនឆ្នាំ Rachael Kam ក៏បានចាប់ផ្តើមអាជីវកម្មថ្មីមួយបន្ថែមទៀតដែលផ្តោតលើការតុបតែងខ្លួន។
ទើបនៅដើមឆ្នាំ ២០២២ នាងបានបោះទុនវិនិយោគបង្កើតសេវាកម្មមួយឈ្មោះថា The First Refresh ដែលជាសេវាកម្មថែរក្សាសម្ផស្សដល់ផ្ទះ ២៤ម៉ោង ដោយគ្រាន់តែអតិថិជនធ្វើការកក់ពីពេលវេលា ដាក់ទីតាំងជាមួយនឹងប្រភេទសេវាកម្មដែលភ្ញៀវចង់បានជាការស្រេច។ហើយបើតាមការលើកឡើងរបស់ Rachael Kam បានឱ្យដឹងថា មូលហេតុសំខាន់មួយទៀតនោះគឺដំបូងឡើយគឺដោយសារតែអ្នកនាងធ្លាប់មានបញ្ហារឿងរកអ្នកផាត់មុខ ប៉ុន្តែមិនដឹងថាគួរតែរកខាងណាដើម្បីឱ្យដឹងថាតម្លៃប៉ុន្មាន សេវាកម្មល្អឬអត់ ទើបពេលនោះនាងក៏មានគំនិតចង់បំផុសគំនិតអាជីវកម្មនេះឡើង ព្រោះវាជាអាជីវកម្មថ្មីដែលមិនធ្លាប់មាននៅសឹង្ហបុរី ម្យ៉ាងវាជាឱកាសទីផ្សារធំសម្រាប់នាងផង ទើបនាងសម្រេចចាប់យកអាជីវកម្មនេះឡើងតែម្តង។
ម្យ៉ាងវិញទៀត នាងចាប់ផ្តើមអាជីវកម្មនេះឡើងក៏ដោយសារតែនាងចង់ធ្វើការផ្លាស់ប្តូររបៀបរកស៊ីថ្មីដែលធ្លាប់តែរកស៊ីតាមហាងឱ្យក្លាយទៅជាអាជីវកម្មបែបទំនើប ដែលមានតែទូរស័ព្ទក៏អាចហៅអ្នកផាត់មុខបានទៅដល់ផ្ទះជាមួយតម្លៃសមរម្យ និង ងាយស្រួល រហ័សទាន់ចិត្ត ជាពិសេសវាសាកសមបំផុតសម្រាប់មនុស្សដែលមិនចូលចិត្តទៅសាឡនដែលមានមនុស្សច្រើន។
បន្ថែមពីនេះ តាមរយៈបទពិសោធន៍រកស៊ីអស់រយៈពេលជិត២ឆ្នាំ ក្នុងរបរសាឡននេះ Rachael Kam បានប្រាប់ថា វាបានជួយឱ្យនាងអាចរកឃើញអ្វីដែលខ្លួនឯងស្រឡាញ់ រួមជាមួយនឹងការបង្កើតឱកាសការងារដែលល្អមួយជូនស្រ្តីអាចរកប្រាក់កម្រៃបានច្រើនជាងមុន មានពេលវេលាសម្រាប់ខ្លួនឯងច្រើនជាងមុន។ហើយបើគិតមកដល់ពេលនេះ The First Refresh មានបុគ្គលិកសរុបប្រមាណជា ៣០នាក់ហើយ រីឯអតិថិជនវិញមានកក់ពេញៗរាល់ថ្ងៃ៕