កាលពីជាង៤០ឆ្នាំមុន ចិនដែលជានាគនៅអាស៊ីទើបតែចេះពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនយ៉ាងស្ងាត់ស្ងៀម និងរហ័ស ស្របពេលដែលបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ជាហេតុធ្វើឱ្យលោក Ren Zhengfei ជាស្ថាបនិកក្រុមហ៊ុនយក្ស Huawei ឈោងចាប់ឱកាសរកស៊ីក្នុងវិស័យនេះតាំងពីពេលនោះមក។
លោក Ren Zhengfei ចាប់ផ្តើមបង្កើតក្រុមហ៊ុន Huawei ក្នុងឆ្នាំ១៩៨៧ នៅតំបន់ Shenzhen ដែលកាលនោះជាតំបន់ចិញ្ចឹមទា ហើយបច្ចុប្បន្នក្លាយជាទីក្រុងធំ និងសេដ្ឋកិច្ចពិសេសល្បីបំផុតលេខ៣នៅចិន។ ក្នុងពេលចាប់ផ្តើមដំបូងនេះ លោកមានបុគ្គលិកត្រឹមតែ៣នាក់ប៉ុណ្ណោះ ជាមួយនឹងទុនអស់ពីខ្លួនប្រមាណ ២៥០០ដុល្លារ ខណៈប្រជាជនចិននៅប្រើទូរស័ព្ទសេរីចាស់មានខ្សែ។
ក្រុមហ៊ុន Huawei បានបោះជំហានបន្តិចម្តងៗ និងចាប់ផ្តើមលូកចូលក្នុងវិស័យបច្ចេកវិទ្យាកាន់តែជ្រៅដោយមិនដឹងពីសក្តានុពលក្នុងពេលអនាគតពិតប្រាកដឡើយ ព្រមទាំងពុំទាន់មានអ្នកបច្ចេកទេសជំនាញខ្លាំងក្លាក្នុងវិស័យនេះ។ លោក Ren Zhengfei បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនខ្ញុំបានផ្តោតលើការសិក្សាស្រាវជ្រាវ និងច្នៃបង្កើតបច្ចេកវិទ្យាថ្មីមកជាង៣០ឆ្នាំ ក្នុងផែនការណ៍យក្សក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី និងធំបំផុតនៅលើពិភពលោកក្នុងទឹកដីប្រទេសចិន។ ហេតុនេះពួកយើង ប្រឹងធ្វើការមិនហ៊ានបន្ទូរដៃឡើយ»។
យ៉ាងណាមិញ មហាសេដ្ឋីវ័យ៧៩ឆ្នាំរូបនេះ បានធ្វើចែករំលែកទស្សនៈរបស់ខ្លួនថា ភាពជោគជ័យសព្វថ្ងៃនេះបានដោយសារតែពាក្យបីម៉ាត់ប៉ុណ្ណោះគឺ “ដាក់កាយដាក់ចិត្តធ្វើ ១០០%” និង “ក្រាញ់ននៀលជាមួយបញ្ហា” ជាពិសេសគឺ “ការផ្តោត”។ ការចេះផ្តោតលើការងារណាមួយ វាយសម្រុកដោយមិនដកដៃ ដោយមិនត្រៀមជើងរត់ចោលទីលានប្រកួត ទើបអ្នកមានឱកាសរកឃើញជោគជ័យ។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកផ្តោតលើការធ្វើតៅហ៊ូ ២០ឆ្នាំក្រោយ អ្នកនឹងទៅជាអ្នកជំនាញដ៏ខ្លាំងពូកែបំផុតក្នុងការធ្វើតៅហ៊ូ ហើយប្រសិនបើអ្នកផ្តោតលើការងារចិញ្ចឹមជ្រូក ២០ឆ្នាំក្រោយអ្នកនឹងក្លាយបិតាអ្នកជំនាញចិញ្ចឹមជ្រូកជាក់ជាមិនខាន។ ដោយឡែក សម្រាប់រូបលោកផ្ទាល់ លោកផ្តោតលើការងារបច្ចេកវិទ្យាជាច្រើនឆ្នាំមកហើយ ទើប Huawei អាចរកចំណូលបានជាង ២០០ពាន់លានក្នុងមួយឆ្នាំ លក់ចែកចាយផលិតផលរបស់ខ្លួនទៅកាន់ប្រទេសជាង១៧០នៅលើពិភពលោក និងមានបុគ្គលិកប្រមាណជាង ២០៨,០០០នាក់ គិតត្រឹមឆ្នាំ២០២៥នេះ ដោយយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes៕