រើសកន្លែងសន្សំឲ្យត្រូវ! ដាក់លុយសន្សំនៅធនាគារនិងដាក់នៅធានារ៉ាប់រងមួយណាចំណេញជាង?
Toeuy HongAUGUST 21 20259 views

ជាការពិតណាស់ មានបងប្អូនពលរដ្ឋខ្មែរយើងជាច្រើន ដាក់លុយសន្សំនៅធនាគារដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុថែមទាំងបានការប្រាក់ពីការដាក់ប្រាក់សន្សំទៀតផង។ យ៉ាងណាមិញមានបងប្អូនមួយចំនួនមិនទាន់ដឹងទេថាពួកគាត់ក៏អាចដាក់ប្រាក់សន្សំនៅក្រុមហ៊ុនធានារ៉ាប់រងបានដែរ។

 

ចុះរវាងការដាក់សន្សំនៅធនាគារ និងការដាក់ប្រាក់សន្សំនៅក្រុមហ៊ុនធានារ៉ាប់រងតើមួយណាចំណេញជាង?

 

ជុំវិញរឿងនេះ លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Forte Insurance បានមានប្រសាសន៍ថាការសន្សំជាមួយធានារ៉ាប់រងគឺជាសន្សំលុយមួយបែបទៀតក្រៅពីការដាក់ប្រាក់សន្សំនៅតាមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

 

លោកមានប្រសាសន៍បន្តទៀតថា បើយើងដាក់ប្រាក់សន្សំនៅធនាគារយើងទទួលបានការប្រាក់សន្សំ តែបើអ្នកជ្រើសរើសធានារ៉ាប់រងអាយុជីវិតគឺជាការសន្សំបូកជាមួយនឹងការធានាអាយុជីវិត(ស្លាប់) ដែលមានន័យថាបើទិញធានារ៉ាប់រងហើយក្នុងករណីទទួលមរណភាពនោះក្រុមហ៊ុនធានារ៉ាប់រងសងនូវទឹកប្រាក់ដែលអ្នកបានយកមកបង់ធានារ៉ាប់រង។ 

 

ឧទាហរណ៍បើអ្នកទិញធានារ៉ាប់រង៥ម៉ឺនដុល្លាររយៈពេល២០ឆ្នាំ តែអ្នកដែលទិញធានារ៉ាប់រងនោះទទួលមរណភាពក្នុងឆ្នាំទី៣ ទី៤ឬឆ្នាំណាមួយនោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងសង៥ម៉ឺនដុល្លារ។ យ៉ាងណាមិញក្នុងរយៈពេល២០ឆ្នាំ បើអ្នកមិនបានទទួលបានមរណភាពទេទឹកប្រាក់៥ម៉ឺនដុល្លារដែលអ្នកបង់ឲ្យក្រុមហ៊ុនធានារ៉ាប់រងនោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងបង្វិលមកឲ្យអ្នកវិញរួមជាមួយការប្រាក់ផងដែរ។ 

 

ដូច្នេះធានារ៉ាប់រងគឺជាជម្រើសនៃការសន្សំក្រៅពីធនាគារ ដោយពលរដ្ឋខ្មែរអាចដាក់ប្រាក់សន្សំបូកជាមួយនឹងការការពារផលប្រយោជន៍ជាពិសេសគឺការពារហានិភ័យតែម្ដង។ ចំពោះការប្រាក់សន្សំជាមួយក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាគេឲ្យការប្រាក់សន្សំ៣ទៅ៤%ក្នុងមួយឆ្នាំ។ ត្រង់នេះដែរ ការសន្សំនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតគឺធ្វើតាមវិធីកំណត់មួយជាក់លាក់ដែលត្រូវបង់បុព្វលាភរ៉ាប់រង(ប្រាក់ធានារ៉ាប់រងប្រចាំឆ្នាំឬខែឬត្រីមាស..)តាមការកំណត់ ដល់បាន៥ម៉ឺនក្នុងរយៈពេល២០ឆ្នាំ។

 

ទាក់ទងនឹងការសន្សំជាមួយធានារ៉ាប់រងលោក យក់ ចំរើនឬទ្ធិ បានលើកឡើងថាវាជារឿងល្អព្រោះវាជាការសន្សំសម្រាប់ខ្លួនឯងដូចជាកូនចៅរបស់យើងថែមទាំងការពារហានិភ័យទៀតផង។ ត្រង់ចំណុចនេះដែរ លោកបានបញ្ជាក់ថាបើអ្នកមានផែនការសន្សំនៅធានារ៉ាប់រងរយៈពេល២០ឆ្នាំ តែចង់ដកមុនពេលកំណត់នោះគេនឹងកាត់ការប្រាក់ទៅតាមហ្នឹង។ ការសន្សំជាមួយធានារ៉ាប់រងអាចមានវិន័យជាងការដាក់ប្រាក់សន្សំនៅធនាគារព្រោះសន្សំនៅធានារ៉ាប់រងពិបាកដកជាងសន្សំនៅធនាគារ។

 

ដូច្នេះរវាងការដាក់ប្រាក់សន្សំនៅធនាគារនិងសន្សំជាមួយធានារ៉ាប់រង បើគិតពីការប្រាក់សន្សំគឺដាក់នៅធនាគារបានការប្រាក់ច្រើនជាង។ យ៉ាងណាមិញវាអាស្រ័យលើការជ្រើសរើសរបស់អ្នក។ ថ្វីត្បិតតែការដាក់ប្រាក់សន្សំជាមួយធានារ៉ាប់រងបានការប្រាក់តិចជាងធនាគារមែន តែការសន្សំជាមួយធានារ៉ាប់រងគឺអ្នកបានទាំងការប្រាក់សន្សំបូកជាមួយនឹងការធានារ៉ាប់រងអាយុជីវិតទៀតផង ជាពិសេសគឺការសន្សំជាមួយធានារ៉ាប់រងធ្វើឲ្យអ្នកមានវិន័យក្នុងការសន្សំជាងធនាគារ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia