រកលុយបានតែមិនចេះសន្សំ ចាយតាមក្បួន២នេះ ទោះមិនចេះសន្សំក៏អាចសល់លុយ សល់ទ្រព្យដែរ
Toeuy HongAUGUST 21 202512 views

 បើនិយាយពីរឿងសន្សំអាចនិយាយបានថាមនុស្សភាគច្រើនមិនចេះសន្សំនោះទេពោលគឺមនុស្សគ្រប់គ្នាឲ្យតែដល់វ័យពេញវ័យគឺពួកគាត់ចេះធ្វើការរកចំ​ណូលប៉ុន្ដែបើនិយាយពីការសន្សំគឺពួកគាត់មិនចេះសន្សំលុយឡើយមិនសន្សំរបៀបម៉េចទើបអាចសល់លុយ ហើយអ្នកខ្លះមិនដឹងពីវិធីសន្សំដែរ។

 

ទាក់ទងនឹងការសន្សំលុយ ប្រសិនបើអ្នករលុយតែមិនចេះសន្សំ ហើយមិនដែលសល់លុយ ខាងក្រោមនេះគឺជារឿងសំខាន់បំផុតចំនួន២ដែលអ្នកត្រូវអនុវត្ត ប្រសិនបើអ្នកមិនចេះសន្សំ ខ្ជិលសន្សំតែចង់សល់លុយ សល់ទ្រព្យ។

 

. ដាក់ផែនចាយលុយវិនិយោគលើខ្លួនឯង( Invest in yourself)

អ្នកចេះចាយគឺគេចាយលុយឲ្យចំណេញ ចាយលុយដើម្បីបង្កើនចំណូលនាពេលបច្ចុប្បន្ននិងពេលអនាគត។ ដូច្នេះបើមិនចេះសន្សំ ហើយមួយខែៗចេះតែចាយអស់ៗ អ្នកគួររវិធីចាយឲ្យចំណេញ ចាយឲ្យមានប្រសិទ្ធភាពដែលធ្វើឲ្យលុយរបស់អ្នកកាន់តែកើនឡើងជាលំដាប់។

 

ចំពោះវិធីចាយឲ្យចំណេញគឺអ្នកអាចចាយដើម្បីអភិវឌ្ឍនសមត្ថភាពនិងចំណេះដឹងរបស់អ្នក។ ឧទាហរណ៍រាល់ថ្ងៃអ្នកចេះភាសាអង់គ្លេសតិចតួច ហើយមិនអាចប្រើជំនាញភាសាអង់គ្លេសដើម្បីរកចំណូលនៅឡើយ។ ដូច្នេះអ្នកអាចចាយលុយរៀនភាសាអង់គ្លេសដើម្បីឲ្យភាសាអង់គ្លេសរបស់អ្នកកាន់តែខ្លាំងហើយអ្នកអាចប្រើប្រាស់វាដើម្បីរកចំណូលដូចជា ធ្វើគ្រូអង់គ្លេស អ្នកបកប្រែផ្ទាល់មាត់ អ្នកបកប្រែអត្ថបទនិងការងារផ្សេងៗទៀតដែលអាចប្រើប្រាស់អង់គ្លេសដើម្បីរកចំណូល។

 

ដូច្នេះបើអ្នកមិនចេះសន្សំ អ្នកគួរដាក់ផែនប្រចាំខែដោយយកលុយទៅអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង ដូចជារៀននូវជំនាញថ្មីៗ និងចាយលុយដុសខាត់ចំណេះជំនាញដែលមានស្រាប់ដើម្បីឲ្យអ្នកកាន់តែមានសមត្ថភាពនោះអ្នកនឹងរកលុយបានកាន់តែច្រើន។

 

ការចាយលើការវិនិយោគលើខ្លួនគឺជាក្បួនចាយលុយដែលធ្វើឲ្យអ្នកចំណេញលុយពោលគឺ កាន់តែចាយអ្នកកាន់តែមានសមត្ថភាព មានជំនាញថ្មីដែលបង្កើនឥទ្ធិពលឲ្យអ្នករកចំណូលបានកាន់តែច្រើននិងសល់លុយកាន់តែច្រើន។

 

. ដាក់ផែនការវិនិយោគប្រចាំខែ

មានមនុស្សមិនតិចទេដែលពួកគាត់មិនចេះសន្សំ មិនចេះសន្សំប៉ុន្ដែពួកគាត់ចូលចិត្តវិនិយោគព្រោះវិនិយោគធ្វើឲ្យលុយពួកគាត់កាន់តែកើតកូនពូនជាចៅ អាចសល់លុយ សល់ទ្រព្យ បង្កើតភាពមានបាន។

 

ដូច្នេះបើអ្នកមិនចេះសន្សំ និងខ្ជិលសន្សំឬមិនចង់សន្សំ ការដាក់ផែនយកលុយមកវិនិយោគប្រចាំខែគឺជារឿងសំខាន់ដែលអ្នកត្រូវធ្វើបើចង់ឲ្យលុយរបស់អ្នកកាន់តែកើនទ្វេដង។  ត្រង់នេះអ្នកអាចស្វែងរកការវិនិយោគណាដែលអ្នកអាចដាក់លុយវិនិយោគជាប្រចាំខែតាមលទ្ធភាព ហើយជាការវិនិយោគដែលស្របច្បាប់និងមានហានិភ័យទាប។

 

ឧទាហរណ៍បើវិនិយោគទិញដីបង់រំលស់ប្រចាំខែឲ្យតែដីនោះនៅក្នុងទីតាំងល្អ អនាគតអាចត្រូវប៉ាន់ខ្លាំង ហើយងាយស្រួលអភិវឌ្ឍនទៅជាគម្រោងផ្សេងៗឬងាយស្រួលលក់ចេញជាដើម។ ដូច្នេះបើមានក្រុមហ៊ុនឬបុគ្គលអនុញ្ញាតឲ្យអ្នកទិញបង់រំលស់បាននោះ អ្នកអាចចាយលុយវិនយោគទិញដីឲ្យតែដីនៅតាំងល្អ អនាគតអ្នកនឹងចំណេញច្រើន។

 

លើសពីនេះការវិនិយោគដែលអ្នកអាចធ្វើជាប្រចាំខែបានយ៉ាងងាយស្រួលគឺវិនិយោគលើផ្សារហ៊ុនខ្មែរយើង។ ផ្សារហ៊ុនខ្មែរយើងមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ដែលអ្នកអាចដាក់ដែនការយកលុយវិនិយោគប្រចាំខែបានពោលគឺទោះជាអ្នកមានចំណូលតិចយ៉ាងណាក៏អាចវិនិយោគបានដែរ។

 

នៅលើផ្សារហ៊ុនខ្មែរយើងក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើនដែលអ្នកអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនទាំងនោះដើម្បីរកចំណូលបន្ថែម មានដូច ធនាគារ អេស៊ីលីដា រដ្ឋករទឹកក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនិងក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើនទៀត។

 

នៅលើផ្សារហ៊ុនខ្មែរអនុញ្ញាតឲ្យយើងទិញចាប់ពី១ហ៊ុនឡើងទៅហើយភាគហ៊ុនក្រុមហ៊ុនខ្លះ១ហ៊ុនមានតម្លៃខ្ទង់២ពាន់រៀល ហ៊ុនខ្លះមានតម្លៃខ្ទង់៦ពាន់រៀល និងហ៊ុនខ្លះមានតម្លៃជាង១ម៉ឹនរៀល។ ដូច្នេះទោះអ្នកចំណូលតិចយ៉ាងណាក៏អាចវិនិយោគបានដែរ។

 

 អ្នកអាចដាក់ផែនការវិនិយោគហ៊ុនប្រចាំខែបានយ៉ាងងាយស្រួល។ រាល់ខែពេលបើកប្រាក់ខែបានយកលុយមួយផ្នែកមកវិនិយោគទិញហ៊ុនប្រចាំខែ។ ឧទាហរណ៍អ្នកអាចដក៥០ដុល្លារមកវិនិយោគទិញហ៊ុនប្រចាំខែហើយអនុវត្តជារៀងរាល់ខែនោះ រយៈពេលខាងមុខចំនួនហ៊ុនអ្នកនឹងកើនឡើង ហើយអ្នកក៏បានចំណូលពីការវិនិយោគហ៊ុន។

 

ការវិនិយោគភាគហ៊ុន អ្នកទទួលបានចំណូល២ផ្លូវគឺទីមួយពីចំណេញមូលធន។ ឧទាហរណ៍ អ្នកទិញហ៊ុនរដ្ឋករទឹកក្រុងភ្នំពេញតម្លៃ ៥ពាន់រៀល ក្នុងមួយហ៊ុន ពេលហ៊ុននេះឡើងដល់៧ពាន់រៀល អ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។

 

មួយវិញទៀតគឺចំណូលពីភាគលាភ។  ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាចំនួន ១ម៉ឹនហ៊ុន ហើយធនាគារ អេស៊ីលីដាចែកភាគលាភ ១,០០០រៀលក្នុងមួយហ៊ុន នោះអ្នកនឹងបានចំណូលភាគលាភចំនួន១០លានរៀល ហើយចំណូលពីភាគលាភគឺជាចំណូលអកម្មទោះដេកលក់ឬដើរលេងក៏នៅតែបានចំណុល។

 

យ៉ាងណាមិញគ្រប់ការវិនិយោគសុទ្ធតែមានហានិភ័យ ហើយភាគហ៊ុននេះគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះមុននឹងវិនិយោគ អ្នកត្រូវសិក្សាស្វែងយល់ជាមុនសិន។ ចង់រៀនវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia