ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន BS Printing and Advertising Co., LTD បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យកណ្ដាល និង ការិយាល័យលក់អ៊ិនធឺណិតក្រុមហ៊ុន NSM ISP ប៉ុន្តែទម្រាំតែក្រុមហ៊ុនខាងលើនេះអាចឈរជើងបានដូចសព្វថ្ងៃនិងក្លាយជាក្រុមហ៊ុនព្រីន , លក់សម្ភារៈព្រីន និងចែកចាយអ៊ិនធឺណិតបែបនេះកាលពីដើមដំបូងឡើយកើតឡើងពីហាងព្រីនតូចមួយតែប៉ុណ្ណោះ។
ក្រុមហ៊ុន BS Printing and Advertising Co., LTD គឺជាក្រុមហ៊ុនផ្គត់ផ្គង់ និងផ្សព្វផ្សាយពាណិជ្ជកម្មខ្នាតមធ្យម BS ចាប់ផ្តើមដំបូងដោយមានតែម៉ាស៊ីនព្រីន Banner តែ១ប៉ុណ្ណោះ។ ដោយសារតែមានការគាំទ្រពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈសព្វថ្ងៃនេះ BS បានពង្រីកខ្លួនរហូតមានម៉ាស៊ីនព្រីនចំនួន ០៥គ្រឿងសម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនឱ្យកាន់តែប្រសើរឡើង និងឆាប់រហ័សតាមផែនការរបស់អតិថិជនខ្លួន។ កត្តាទាំងនេះជួយឱ្យក្រុមហ៊ុន BS ជោគជ័យក្នុងពេលដ៏ខ្លូនធ្វើឱ្យមានការវិវិត្តន៍ខ្លួនរបស់ក្រុមហ៊ុន BS ចាប់ផ្តើមពីកន្លែងព្រីនតូចមួយក្លាយជាក្រុមហ៊ុន Co.,Ltd មានស្តង់ដារជាងមុនមួយកម្រិតទៀតផង។
ដោយសម្លឹងមើលឃើញទីផ្សារផ្គត់ផ្គង់សម្ភារៈព្រីនខ្នាតធំក្នុងស្រុកមានតម្លៃថ្លៃ នៅឆ្នាំ២០១៧ ក្រុមហ៊ុនចាប់ផ្តើមមានទំនាក់ទំនងជាមួយរោងចក្រផ្ទាល់និងបានធ្វើដំណើរទៅប្រទេសចិនដើម្បីត្រួតពិនិត្យទំនិញនិងនាំចូលសម្ភារៈមួយចំនួនដើម្បីប្រើប្រាស់ខ្លួនឯងនិងចែកចាយបន្ត (ពេលនោះក្រុមហ៊ុនមិនទាន់មានភ្ញៀវក្នុងដៃទេ តែក្រុមហ៊ុនគិតថាបើលក់មិនដាច់ក៏យើងទុកប្រើខ្លួនឯងបានដែរ) ពេលនោះហើយដែលហាង BS Printing Supplies Material (BSM) ពីមួយថ្ងៃទៅមួយថ្ងៃ BSM មានភ្ញៀវចាស់និងថ្មីកាន់តែច្រើនបានទំនាក់ទំនងបញ្ជាទិញផលិតផលធ្វើឱ្យ BSM ប្តូរពីកម្មង់ខ្នាតតូចទៅជាធំ ដាក់តាមកុងតឺន័រ។
ដោយសារតែមានសន្ទុះនៃការគាំទ្រ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនបានចុះបញ្ជី BS Printing Supplies Material ទៅជាក្រុមហ៊ុនខ្នាតតូចជាផ្លូវការសម្រាប់ទិញ និងលក់ម៉ាស៊ីនព្រីនរូបខ្នាតតូច ធំ ម៉ាស៊ីនបោះពុម្ភនិងគ្រឿងបន្លាស់ព្រីនគ្រប់ប្រភេទ។
ជាមួយគ្នានោះដែរ ចំពោះក្រុមហ៊ុន NSM ផ្តើមចេញពីបាតដៃទទេដែលគ្រាន់តែជាហាងកាំមេរ៉ាតូចមួយឈ្មោះអក្សរកាត់ (NSM) ដោយបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលជាហាងបម្រើសេវាកម្មលក់ Camera សុវត្ថិភាពមានក្រុមការងារ ៣នាក់ដើរតម្លើងកាំមេរ៉ាជូនភ្ញៀវតាមផ្ទះ សណ្ឋាគារ និងឃ្លាំងមួយចំនួនទាំងលំបាកវិះនឹងក្ស័យធនម្តងៗទៅហើយ តែដោយសារតែមានការព្យាយាម តស៊ូ ប្រឹងប្រែង គ្មានសៅរ៍ អាទិត្យរហូតដល់ឆ្នាំ២០១៤ ក្រុមហ៊ុនក៏ចាប់ផ្តើមមានទំនាក់ទំនងល្អជាមួយភ្ញៀវជាច្រើនបានជួបថៅកែៗ ដែលពួកគាត់បានផ្តល់ឱកាសការងារឱ្យ NSM តម្លើង Camera តាមហាងនិងឃ្លាំងជាបន្តបន្ទាប់។
ដោយសារតែមើលឃើញចំណូលមានលំនឹង ក៏ដូចជាមានការជម្រុញនិងលើកទឹកចិត្តពីសំណាក់អតិថិជន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនបានសម្រេចចុះបញ្ជីបង្កើតក្រុមហ៊ុន NSM SOLUTION AND MAINTENANCE CO.,LTD ជាក្រុមហ៊ុនពេញសិទ្ធិដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មស្របពេលមានការរីកចម្រើន និងជោគជ័យជាបន្តបន្ទាប់ក្រុមហ៊ុន NSM ក៏បានបង្កើតក្រុមហ៊ុនសម្ព័ន្ធពីរបន្ថែមទៀតឈ្មោះ NSM Media ជាដៃគូផ្គត់ផ្គង់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មបែបទំនើបយ៉ាងសំបូរបែប និង NSM ISP ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញអ៊ិនធឺណិតតាមបណ្តាគេហដ្ឋាន ក្រុមហ៊ុនតូចធំធនាគារ Apartment Casino ស្ថាប័នរដ្ឋនិងឯកជនដែលសព្វថ្ងៃនេះមានបុគ្គលិកប្រមាណជិត ៧០នាក់។
លោកអគ្គនាយក អុល កុលពិសិដ្ឋ ដែលជាស្ថាបនិករបស់ក្រុមហ៊ុន BS Printing and Advertising Co., LTD និងក្រុមហ៊ុន NSM ISP បានមានប្រសាសន៍ថា នៅពេលចាប់ផ្តើមប្រឡូកក្នុងវិស័យជំនួញនេះដំបូង លោកជួបការលំបាកច្រើនជាពិសេសរឿងដើមទុន ដោយលោកមិនមានទ្រព្យដើម្បីបញ្ចាំឬខ្ចីធនាគារទេ គឺលោកប្រឹងប្រែងខំរកបណ្តើរពង្រីកបណ្តើរ ដោយលោកបានប្រើយុទ្ធសាស្រ្ត Build មិនមែន Buy ព្រោះកាលនោះលោកពុំសូវមានធនធានច្រើនដូចគេ មិនអាចរើសបុគ្គលិកដែលចេះស្រាប់ប្រាក់ខែខ្ពស់មកធ្វើការបានទេ ព្រោះបើជួបហានិភ័យយើងនឹងបាត់បង់គ្រប់យ៉ាង។
លើសពីនេះទៅទៀតគោលការណ៍១ ក្នុងការដឹកនាំរបស់លោកគឺលោកប្រកាន់ខ្ជាប់ជានិច្ចនៅពាក្យ១ឃ្លាថា “ដាក់ក្តីស្រមៃឱ្យធំ (ខ្ញុំមានផែនការមេច្បាស់លាស់ថាខ្ញុំនឹងទៅដល់កម្រិតណា) ប្រើទុនឱ្យតិច (គឺជាយុទ្ធសាស្រ្តមិនមានដើមទុនដូចខ្ញុំ) និងពង្រីកទីផ្សារឱ្យធំ (ប្រើប្រាស់បច្ចេកវិទ្យា Digital Marketing) ដោយប្រកាន់ខ្ជាប់នូវ គុណភាពខ្ពស់ សេវាកម្មល្អ និងតម្លៃសមរម្យ។
សូមបញ្ជាក់ថា បច្ចុប្បន្នលោកអគ្គនាយក អុល កុលពិសិដ្ឋ មានក្រុមហ៊ុនខ្នាតតូចចំនួន២ និងខ្នាតមធ្យមចំនួន ២ ដែលធ្វើជំនួញលើវិស័យបច្ចេកវិទ្យា (ក្រុមហ៊ុន Internet, Digital Advertising និងព្រីនរូបខ្នាតធំ, ផ្គត់ផ្គង់សម្ភារៈព្រីនរូបខ្នាតធំ៕