Jessi ធ្លាប់គេងក្នុងបន្ទប់សូណា ព្រោះគ្មានលុយជួលកន្លែងស្នាក់នៅ មុនសល់ទ្រព្យរាប់លាន$ ល្បីឈ្មោះខ្លាំង
Kan DaraDECEMBER 5 2022355 views

តារាចម្រៀងស្រីល្បីឈ្មោះ Jessi ដែលទើបបានហោះមកកាន់ទឹកដីកម្ពុជាស្ពាយការសម្តែងដ៏កក្រើក ផ្ទុះការគាំទ្រជាខ្លាំង តាមពិតមុនអាចឈរលើឆាកកាន់ក្បាលមេក្រូបង្ហើរសំនៀងច្រៀងបំពេអារម្មណ៍មនុស្សរាប់ពាន់ម៉ឺននាក់ឲ្យហ៊ោកញ្រ្ជៀវ ស្ត្រីម្នាក់នេះធ្លាប់មានប្រវត្តិគេងក្នុងបន្ទប់សូណាជាញឹកញាប់ ព្រោះគ្មានលុយគ្រប់គ្រាន់ដើម្បីជួលកន្លែងស្នាក់នៅ។

បង្វិលកងចក្រទាញពេលវេលានិម្មិតមើលរូបភាពអតីតកាល ក្នុងកំឡុងឆ្នាំ២០០៥ គ្រាដែល Jessi បង្ហាញខ្លួនដំបូងៗនៃពិភពឧស្សាហកម្មតន្ត្រីដោយចេញអាល់ប៊ុមទោល 'Get Up' នាងមិនបានរកឃើញភាពជោគជ័យភ្លាមៗនោះទេ ហើយចួនកាលត្រូវបង្ខំចិត្តគេងក្នុងបន្ទប់សូណា ជំនួសឲ្យកន្លែងស្នាក់នៅសមរម្យត្បិតពុំមានប្រាក់សម្រាប់ជួលទាល់តែសោះ។ នាងបាននិយាយក្នុងកម្មវិធី 'Joy of Conversation' កាលពីឆ្នាំ២០២១យ៉ាងដូច្នេះថា៖ «បទពិសោធន៍នៃអាជីពរបស់ខ្ញុំគឺធំធេងណាស់ ចាប់តាំងពីថ្ងៃចាប់ផ្តើមដំបូងរហូតដល់មានការយល់ច្រលំជាច្រើនអំពីខ្ញុំ»

ក្រោយដកឃ្លាចេញពីវិស័យសិល្បៈអស់រយៈពេល៥ឆ្នាំ Jessi បានជម្នះឧបសគ្គក្រោកឈរឡើងវិញនិងត្រួសត្រាយផ្លូវដើរដោយខ្លួនឯង ហើយទីបំផុតនាងបានក្លាយជា​តារា​រ៉េប​ស្រី​ដ៏​ល្បី​ម្នាក់​ក្នុង​វិស័យ​ចម្រៀង​កូរ៉េមានសមត្ថភាពអាចឆក់យកបេះដូងអ្នកទស្សនារាប់លាននាក់។ Jessi ទទួលបានប្រជាប្រិយភាពយ៉ាងសម្បើមសម្រាប់បទចម្រៀងដ៏ល្បីរបស់នាងដែលមានចំណងជើងថា "Nunu Nana" កាលពីឆ្នាំ២០២០។ នាងបានថ្លែងទាំងអារម្មណ៍ក្តុកក្តួលថា៖ «ខ្ញុំមិនដែលនឹកស្មានដល់នោះទេ។ ខ្ញុំបានយំនៅក្នុងផ្ទះដោយគ្មានការខ្មាសអៀនអ្វីទាំងអស់ ពេលដឹងថាទីបំផុតខ្ញុំបានឃើញពន្លឺនៃអាជីពរបស់ខ្ញុំក្រោយយកបេះដូងរស់នៅជាមួយវាអស់រយៈពេល១៥ឆ្នាំ»

គិតត្រឹមចុងឆ្នាំ២០២២ តារារ៉េបមាឌល្អិតសំឡេងធ្ងន់កំប្លែងស្ងួតកូរ៉េ-អាមេរិក Jessi ដែលមានឈ្មោះពេញថា Jessica Ho បានចេញចម្រៀង១៥បទ សម្តែងក្នុងរឿងភាគកូរ៉េចំនួន៤រឿង អាល់ប៊ុមទោលមួយ និងអាល់ប៊ុមបន្តផ្ទាល់មួយក្រោមឈ្មោះរបស់នាង និងត្រូវបានគេប៉ាន់ប្រមាណមានទ្រព្យសម្បត្តិសុទ្ធចន្លោះពី ២ទៅ៤លានដុល្លារ ខណៈប្រភពទ្រព្យសម្បត្តិចម្បងរបស់នាងគឺអាជីពតន្ត្រី។ នេះបើយោងតាមការចេញផ្សាយដោយទស្សនាវដ្តី Forbes។ ក្នុងដំណើរជីវិតជាអ្នកសិល្បៈ Jessi ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្នកខ្លះនិយាយថាវាគ្រាន់តែជាតន្ត្រីប៉ុណ្ណោះ ប៉ុន្តែសម្រាប់ខ្ញុំវាគឺជាជីវិត។ ខ្ញុំមិនបានជ្រើសរើសតន្រី្តទេ តែតន្ត្រីជាអ្នកជ្រើសរើសយកខ្ញុំ»៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦ 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia