ក្រុមហ៊ុន Apple បានប្រកាសថានឹងឈប់ផលិត iPhone ចំនួន៣ម៉ូឌែលគឺ iPhone 11, iPhone 12 និង iPhone 14 Plus នៅក្នុងប្រទេសវៀតណាមទៀតហើយ ខណៈអ្នកវិភាគមួយចំនួនបាននិយាយថា នេះជាប្រពៃណីរបស់ក្រុមហ៊ុនគឺដើម្បីជំនួសម៉ូដែលចាស់ជាមួយនឹងការចេញលក់ផលិតផលថ្មីនីមួយៗ។
បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam.vn បានឱ្យដឹងថា មែនទែនទៅ Apple បានឈប់ផលិត iPhone 11 និង iPhone 12 កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅហើយ ប៉ុន្តែក្រុមហ៊ុននៅតែបន្តរក្សាប្រតិបត្តិការអាជីវកម្មសម្រាប់ផលិត ផលិតផលទាំងពីរនេះនៅក្នុងទីផ្សារមួយចំនួន រួមទាំងប្រទេសវៀតណាមផងដែរ។
ប៉ុន្តែចាប់ពីពេលនេះទៅគឺក្រុមហ៊ុន Apple នឹងឈប់ផលិត iPhone ទាំង៣ម៉ូដែលខាងលើនេះទៀតហើយ ខណៈ iPhone 14 Plus ត្រូវបានក្រុមហ៊ុន Apple បញ្ឈប់ការលក់ដោយស្ងាត់ៗកាលពីខែកុម្ភៈបន្ទាប់ពីក្រុមហ៊ុនបានណែនាំម៉ូដែល iPhone 16e ។ នៅក្នុងនោះ បន្ទាប់ពី iPhone 11 និង iPhone 12 អស់ពីស្តុក iPhone 13 នឹងក្លាយជា iPhone ដែលមានតម្លៃទាបបំផុតដែលមានលក់ក្នុងទីផ្សារវៀតណាមផងដែរ៕