មាសគឺជាការវិនិយោគដ៏ចំណាស់មួយ ហើយមកដល់ពេលនេះគឺវានៅតែការវិនិយោគដែលពេញនិយមផងដែរ ជាពិសេសអំឡុងពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់ មនុស្សមួយចំនួនបានចាប់ផ្ដើមទិញមាសទុក។ ចុះអំឡុងពេលនេះ តើជាពេលវេលាល្អដែលអ្នកគួរទិញមានទុកឬទេ? ខាងក្រោមនេះគឺជាហេតុផលល្អៗចំនួន៤ដែលអ្នកគួរមានមាសនៅក្នុងដៃអំឡុងពេលនេះ។
មាសអាចប្រឆាំងនឹងអតិផរណា
ចាប់តាំងពីពេលសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែចាប់ផ្ដើម ពិភលោកជួបវិបត្តិអតិផរណាកើនឡើង ដោយទំនិញនិងសេវាកម្មលើទីផ្សារឡើងថ្លៃព្រមៗ ហើយមកដល់ពេលនេះបញ្ហាអតិផរណានៅតែកើនឡើងមិនទាន់ធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅឡើយ។
នៅពេលដែលអតិផរណាកើនឡើងលុយរបស់អ្នកនឹងបាត់បង់តម្លៃប្រសិនបើអ្នកមិនយកលុយទៅវិនិយោគលើទ្រព្យណាដែលមានកំណើនកើនឡើងលើសអត្រាអតិផរណា។ ឧទាហរណ៍បើអតិផរណារត់ក្នុងអត្រា៥% តែការវិនិយោគរបស់អ្នកបានចំណេញតែ៤%នោះមានន័យថាលុយរបស់អ្នកមិនកើនឡើងទេមានតែថយចុះ។ មាសគឺត្រូវបានគេចាត់ទុកថាជារបស់ដែលអាចប្រឆាំងនឹងអតិផរណាព្រោះពេលអតិផរណាឡើងតម្លៃមាសក៏ឡើងផងដែរ ដូច្នេះមាសគឺជាទ្រព្យអ្នកគួរវិនិយោគអំឡុងអតិរផណាកើនឡើង។
២. មាសមានតម្លៃនឹងនរ
ដូចបានរៀបរាប់ខាងលើអ៊ីចឹងថាមាសគឺជាការវិនិយោគពេញនិយមមួយតាំងពីយូរមកហើយព្រោះមាសមានស្ថេរភាពតម្លៃពោលគឺមិនថាពិភពលោកជួបវិបត្តិអ្វីនោះទេមាសតែងតែរក្សាតម្លៃរបស់វាបានល្អ។ ជាក់ស្ដែងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ផ្សារភាគហ៊ុនធ្លាក់ចុះ អចលនទ្រព្យគាំងតែមាសមិនធ្លាក់ថ្លៃខ្លាំងនោះទេពោលគឺមានតែឡើងថ្លៃ។
៣. ជាជម្រើសក្នុងការវិនិយោគ
គេថាកុំដាក់ពងមាន់ក្នុងកន្រ្តកតែមួយព្រោះបើធ្លាក់វានឹងបែកទាំងអស់។ ចំពោះការទុកលុយក៏ដូចគ្នាដែរ អ្នកមិនគួរដាក់លុយវិនិយោគនៅកន្លែងមួយនោះទេពោលគឺគួរបំបែកលុយវិនិយោគឲ្យបានច្រើនកន្លែងដើម្បីកាត់បន្ថយហានិភ័យ។ ចំណែកមាសគឺជាជម្រើសនៃការវិនិយោគដែលអ្នកគួរយកលុយមួយផ្នែកមកវិនិយោគលើមាសជាជាងយកលុយច្រើនទៅវិនិយោគនៅកន្លែងមួយពេលជួបហានិភ័យអ្នកនឹងខាតបង់លុយទាំងអស់មិនខានឡើយ។
៤. ងាយស្រួលបង្វែរជាសាច់លុយបានលឿន
ចំណុចល្អមួយរបស់មាសគឺត្រង់ថាវាជាទ្រព្យដែលអ្នកងាយបង្វែរលុយសាច់លុយបានលឿនសម្រាប់យកទៅប្រើការដើម្បីដោះស្រាយបញ្ហាភ្លាមៗ។ អំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះនេះ អ្នកដែលមានអចលទ្រព្យពិបាកលក់អចលនទ្រព្យចេញណាស់នៅពេលដែលពួកគាត់ត្រូវការសាច់លុយប្រើការបន្ទាន់។ យ៉ាងណាមិញបើអ្នកមានមាសវិញមិនពិបាកលក់នោះទេពោលគឺលក់យកលុយបានភ្លាមៗ។ ដូច្នេះមានមាសក្នុងដៃក៏ល្អដែរពេលអ្នកត្រូវការលុយអាចបង្វែរជាលុយដោះស្រាយបញ្ហាបានលឿន៕