ជាដំណឹងរីករាយមួយសម្រាប់អ្នកខេត្ដបាត់ដំបង ខណៈខេត្ដដ៏ធំរបស់កម្ពុជាមួយនេះ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមានទីតាំងស្ថិតនៅស្រុករតនមណ្ឌល និងមានទុនវិនិយោគសរុបចំនួន ២៧ លានដុល្លារ។ ខណៈនៅពេលបើកដំណើរការនឹងបង្កើតឱកាសការងារចំនួន ១ ១៦០ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែលបានឲ្យដឹងថា ចាប់តាំងពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ ខេត្ដបាត់ដំបងទទួលបានគម្រោងវិនិយោងចំនួន ៣។ ខណៈនៅមួយខែសីហា ឆ្នាំ២០២៥ គឺខេត្ដមួយនេះទទួលបានគម្រោងវិនិយោគថ្មីដល់ទៅ ២ គម្រោង។
សូមជម្រាបផងដែរថា ក្នុងរយៈពេល៨ខែ នៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧.២ ពាន់លានដុល្លារ។ ដោយក្នុងនោះគម្រោងវិនិយោគមានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២.៥ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ជាការកត់សម្គាល់ បើប្រៀបធៀបនឹង គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤១៤គម្រោង ក្នុងរយៈពេល៨ខែនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ៧៧គម្រោង៕