ជ្រើសតែ១បានហើយ! មកស្គាល់ក្បួនដោះបំណុលធំៗ៤ បានផលបំផុត បើរើសខុសអ្នកនឹងវ័ណ្ឌកថែម
SOKLY SOJULY 18 2023626 views

ជាធម្មតាមេទ័ពមិនអាចដឹកនាំទ័ពធ្វើសង្គ្រាមដណ្ដើមយកជ័យជំនះដោយមិនបានត្រៀមយុទ្ធសាស្រ្តទុកមុនឡើយ ហើយការដោះបំណុលក៏ដូចគ្នាដែរ អ្នកមិនអាចដោះបំណុលអស់លឿនទេបើអ្នកមិនបានត្រៀមក្បួនទុកជាមុន។

ជាក់ស្ដែងមានក្បួនជាច្រើនសម្រាប់ដោះបំណុល ប៉ុន្តែមិនមែនមានន័យថាគ្រប់វិធីទាំងអស់សុទ្ធតែត្រូវនឹងស្ថានភាពជីវភាពរបស់មនុស្សគ្រប់ៗគ្នាឡើយ។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវ ក្បួនដោះបំណុលចំនួន៤ប្រភេទ ដែលលោកអ្នកអាចជ្រើសរើសយកមួយណាក៏បានយកមកប្រើ ដើម្បីដោះស្រាយបញ្ហាបំណុលឱ្យចំជាមួយស្ថានភាពជីវភាពរបស់អ្នកផ្ទាល់។

ទី១. Debt Snowball៖ ក្បួនដោះបំណុលបែបព្រិលទឹកកកគឺជាក្បួនដែលពេញនិយមបំផុតមួយ ដែលមនុស្សភាគច្រើនសុទ្ធតែប្រើប្រាស់វាសម្រាប់ដោះស្រាយបញ្ហាបំណុល។ ដើម្បីប្រើក្បួនដុំព្រិល លោកអ្នកត្រូវចាប់ផ្ដើមពីការកត់ត្រារាល់បំណុលទាំងអស់ដែលអ្នកមាន ដោយរៀបតាមលំដាប់ពីការប្រាក់ខ្ពស់ជាងគេ មកការប្រាក់ទាបបំផុត។ បន្ទាប់មកខំប្រឹងរកចំណូលបន្ថែម និងចាប់ផ្ដើមសងពីបំណុលដែលមានការប្រាក់ខ្ពស់ជាងគេមុន ហើយនៅក្នុងចំណោមបំណុលដែលមានការប្រាក់ខ្ពស់នោះ លោកអ្នកអាចសងពីបំណុលទាបជាងគេមុន (ក្នុងករណីមានម្ចាស់បំណុលការប្រាក់ខ្ពស់លើសពី២នាក់) ។

ការប្រើក្បួនដុំព្រិល អាចជួយឱ្យលោកអ្នកមានឱកាសផ្ដោតលើការខំប្រឹងដោះបំណុលម្ដងមួយៗ ដោយមិនមានអារម្មណ៍តានតឹង ឬរញ៉េរញ៉ៃជាមួយនឹងបំណុលច្រើនក្នុងពេលតែមួយ។ វាអាចជួយឱ្យសម្ពាធកាន់តែស្រាល ប៉ុន្តែអាចនឹងពិបាកប្រសិនបើចរចារជាមួយនឹងម្ចាស់បំណុលមិនបាន ព្រោះថាក្បួននេះតម្រូវឱ្យលោកអ្នកចរចារនឹងម្ចាស់បំណុលសុំពេលផ្ដាច់កម្ចីម្ដងមួយៗ។ សូមបញ្ជាក់ផងដែរថា ក្បួនដុំព្រិលមិនសក្តិសមសម្រាប់ការផ្ដាច់កម្ចីទិញផ្ទះឡើយ។

ទី២. Debt Avalanche៖ ក្បួននេះក៏មានអ្នកជំនាញណែនាំច្រើនដែរ ហើយវាសមស្របសម្រាប់អ្នកមានម្ចាស់បំណុលច្រើន។ តាមក្បួននេះ គេបែងចែកបំណុលទៅតាមចំនួននៃអត្រាការប្រាក់ ដែលមានដូចជា បំណុលការប្រាក់ខ្ពស់ បំណុលការប្រាក់ទាប និងបំណុលគ្មានការប្រាក់។

ជំហានដំបូងគេដោះបំណុលដែលមានការប្រាក់ខ្ពស់ជាងគេបង្អស់ជាមុនសិន ដើម្បីសម្រាលបន្ទុកដែលធ្ងន់ជាងគេមុន។ វិធីនេះអាចជួយសន្សំសំចៃពេលវេលា ព្រមទាំងសន្សំបានទាំងថវិកាផងដែរ ព្រោះថាបំណុលការប្រាក់ខ្ពស់ទុកកាន់តែយូរកាន់តែខាតលុយមិនខាន ហេតុនេះហើយទើបគេដោះមុនឱ្យហើយ។

ទី៣. Debt Consolidation៖ វិធីទី៣ គឺជាការបង្រួមបំណុលដែលមានទាំងអស់ឱ្យមកនៅផ្ដុំគ្នាតែមួយកន្លែង។ ជាទូទៅអ្នកមានបំណុលច្រើនម្ចាស់ តែងតែជ្រើសរើសក្បួនមួយនេះសម្រាប់ដោះស្រាយ។

ក្បួននេះដំណើរការ ដោយការបង្កើតបំណុលថ្មី នៅធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ ឬម្ចាស់បំណុលណាមួយដែលអាចយកអត្រាការប្រាក់ថេរ ក្នុងកម្រិតទាបជាងការប្រាក់នៃបំណុលដែលអ្នកកំពុងមាន។ គេប្ដូរពីការសងបំណុលច្រើនច្រក មកជាសងសរុបតែមួយច្រក ជួយឱ្យចំណេញទាំងពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញ។

ក្បួននេះពឹងផ្អែកលើជំនាញនៃការចរចារបស់អ្នកមួយផ្នែកធំ ព្រោះថាលុះត្រាតែអ្នកចរចាបានការប្រាក់ទាបទើបអ្នកអាចបង្រួមបំណុលបាន។ សម្រាប់អ្នកដែលមានទំនាក់ទំនងល្អ និងជាទីទុកចិត្តនៃញាតិមិត្តបងប្អូន គឹអាចជ្រើសរើសខ្ចីលុយពីបងប្អូន ដែលមិនគិតការប្រាក់ឬគិតតិចជាងធនាគារ យកមកដោះបំណុលសិន បន្ទាប់មកសងបងប្អូនឯងវិញ វាងាយស្រួលហើយក៏មិនស្មុគស្មាញច្រើន។

ទី៤. Debt Management plan៖ ក្បួនចុងក្រោយនេះ គេប្រើទូទៅសម្រាប់អ្នកប្រើប្រាស់កាតឥណទាន។ គេធ្វើការបង្រួបបង្រួមការទូទាត់តាមកាតឥណទានផ្សេងៗ ឱ្យទៅជាការទូទាត់តែមួយ។ វាអាចជួយកាត់បន្ថយអត្រាការប្រាក់ ជួយឱ្យការសងបំណុលកាតឥណទានរបស់អ្នកលែងមានបញ្ហាស្មុគស្មាញ អ្វីដែលសំខាន់គឺជួយឱ្យបំណុលរបស់អ្នកមានរបៀបរៀបរយល្អ ចៀសផុតពីការបង្កើតបំណុលលើសកម្រិត។

អត្ថបទដោយ៖ សូ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia