នៅពេលនិយាយអំពីការចាប់ផ្តើមអាជីវកម្ម រឿងដំបូងដែលលេចចេញក្នុងការគិតសម្រាប់មនុស្សទូទៅនោះគឺ ដើមទុន និងប្រាក់ចំណេញ។ ប្រសិនគ្មានដើមទុនគ្រប់គ្រាន់ វាអាចជាឧបសគ្គធំមួយរារាំងមិនឲ្យមនុស្សមួយចំនួនចេញរកស៊ីបាន។ ដោយឡែកក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី លឹម សមភ័ស ម្ចាស់អាជីវកម្ម “ទឹកត្នោត ធម្មជាតិខ្មែរ” បានលាតត្រដាងប្រាប់រឿងធំៗ ២ ជំរុញឲ្យអាជីវកម្មខ្លួនលក់ដាច់ខ្លាំង ខណៈទុនដំបូងត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះ៖
១/. គុណភាព និងទំនុកចិត្ត
អ្នកស្រីបានថ្លែងថា កត្តាដែលជំរុញឲ្យអាជីវកម្មអ្នកស្រីដើរដល់ចំណុចនេះ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់សាធារណជននោះគឺគុណភាព និងទំនុកចិត្តដែល “ទឹកត្នោត ធម្មជាតិខ្មែរ” បានផ្តល់ទៅកាន់អតិថិជនគ្រប់រូប។ អ្នកស្រីបានលើកឡើងបន្តថា ទឹកត្នោត របស់ “ទឹកត្នោត ធម្មជាតិខ្មែរ” បន្ទាប់ពីដឹកមកដល់រាជធានីភ្នំពេញហើយ ត្រូវបានដាក់លក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រសិនលក់ចេញមិនអស់ទេ អ្នកស្រីនឹងចោលទឹកត្នោតដែលនៅសល់ទាំងអស់នោះ បើទោះបីជាវាអាចរក្សាទុកបានយូរជាងនេះក៏ដោយ។ ការធ្វើដូច្នេះដើម្បីរក្សានូវគុណភាពរបស់ទឹកត្នោត និងភាពជឿជាក់ទំនុកចិត្តដល់អតិថិជនផ្ទាល់។
២/. តម្លៃ និងគុណតម្លៃ
ទឹកត្នោតធម្មជាតិដែលយកមកពីខេត្តកំពុងឆ្នាំង ត្បិតមិនសូវអស់ថ្លៃដើមច្រើន ប៉ុន្តែវាត្រូវចំណាយថវិកាលើថ្លៃដឹកជញ្ជូន និងការរក្សាទុក។ ប៉ុន្តែចំពោះតម្លៃដែលអ្នកស្រីបានដាក់លក់នៅលើទីផ្សារវិញ ត្រឹមតែ ២០០០រៀលប៉ុណ្ណោះក្នុងមួយដប ដែលនេះជាតម្លៃមួយសមរម្យសម្រាប់អតិថិជនគ្រប់រូប គ្រប់ស្រទាប់ អាចទិញយកទៅទទួលទានបានប្រកបដោយផាសុខភាព និងប្រើប្រាស់តាមតម្រូវការ។
ជាមួយគ្នានេះដែរ “ទឹកត្នោត ធម្មជាតិខ្មែរ” មានលក់របស់ជាច្រើនដែលផលិតចេញពីដើមត្នោតសុទ្ធសាធរាប់ចាប់តាំងពី ទូយូ កែវ ដបទឹក បំពងទឹក ស្កត្នោត រហូតដល់ទឹកត្នោតតែម្តង។ អ្វីដែលកាន់តែពិសេសនោះ ត្បិតអាជីវកម្មនេះទើបតែចាប់ផ្តើមក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែទទួលបានការគាំទ្រជាខ្លាំងពីអតិថិជនចាស់ និងបន្តមានអតិថិជនថ្មីជាបន្តបន្ទាប់។
អ្នកស្រី លឹម សមភ័ស បានលើកឡើងថា បើនិយាយពីប្រាក់ចំណេញ “ទឹកត្នោត ធម្មជាតិខ្មែរ” ចំណេញតិចតួចបំផុត ប៉ុន្តែដោយមើលឃើញថាអាជីវកម្មនេះបានផ្តល់ការងារដល់បងប្អូនប្រជាកសិករប្រកបរបរឡើងត្នោតនៅតាមទីជនបទអាចមានឱកាសទទួលបានប្រាក់កម្រៃបន្ថែមពីការងារនេះ បូករួមទាំងអាចលើស្ទួយផលិតផលខ្មែរបានថែមទៀតនោះ វាជាកម្លាំងជំរុញចិត្តមួយឲ្យអ្នកស្រីនិងគ្រួសារកាន់តែមានទឹកចិត្តដឹកនាំអាជីវកម្មនេះឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ។
យ៉ាងណាមិញ ប្រសិនបើបងប្អូនចង់គាំទ្រ “ទឹកត្នោត ធម្មជាតិខ្មែរ” អាចទំនាក់ទំនងទៅកាន់អ្នកស្រី លឹម សមភ័ស ផ្ទាល់តាមរៈលេខទូរស័ព្ទ ០៨៧ ៤៣ ២៤ ៧៤ ឬអាចទៅកាន់កន្លែងលក់ផ្ទាល់ដែលមានទីតាំងស្ថិតនៅ សង្កាត់ ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook