បច្ចុប្បន្ននេះមានក្រុមហ៊ុនធំៗជាច្រើនបាននិងកំពុងបោះទុនវិនិយោគបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែរក៏មានយីហោល្បីៗមួយចំនួនរបស់អាមេរិក បានបោះទុនវិនិយោគបង្កើតរោងចក្រនៅក្នុងស្រុកខ្មែរយើងផងដែរ ដោយបានបង្កើតឱកាសការងារជូនពលរដ្ឋប្រជាជនខ្មែរយ៉ាងច្រើនថែមទៀតផង។ ហើយពេលនេះដែលយើងនឹងនាំប្រិយមិត្ដមកស្គាល់យីហោរធំៗ ៣ ដែលកំពុងមានវត្ដមានរោងចក្រនៅទឹកដីកម្ពុជា។
១. រោងចក្រផលិតភេសជ្ជៈកូកាកូឡា
មែនទែនទៅយីហោរភេសជ្ជៈដ៏ល្បីលំដាប់ពិភពលោកដែលមានដើមកំណត់មកពីអាមេរិកនេះ បានវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម៉្លេះ ប៉ុន្ដែដើម្បីពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនក្រុមហ៊ុនបានន្ថែមទុកវិនិយោគប្រមាណ ១០០ លានដុល្លារបង្កើតរោងចក្រផលិតស្ថិតនៅតំបន់សេដ្ឋកិច្ចភ្នំពេញ។ ដោយរោងចក្រនេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦។
រោងចក្រនេះក៏បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជាង ៨១៧ នាក់។ នេះក៏ជាមោទនៈកម្ពុជា ដែលក្រុមហ៊ុនកូកាកូឡាបានដាក់អក្សរខ្មែរលើកំប៉ុងភេសជ្ជៈ។ កូកាកូឡាកម្ពុជា មិនត្រឹមតែបម្រើសេចក្តីត្រូវការក្នុងប្រទេសទេ ប៉ុន្តែក៏អាចនាំចេញទៅបណ្តាប្រទេសអាស៊ានទៀតផង។
២. រោងចក្រផលិតរថយន្ដ FORD
រោងចក្រផលិតរថយន្ដ FORD គឺមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រផលិតរថយន្តនេះត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់កម្រិត Complete Knock-Down (CKD) ដោយស្ថិតនៅក្រោមការវិនិយោគរួមគ្នាជាមួយក្រុម RMA (Cambodia) ។
ក្នុងនោះដែរនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារ និងបានធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត Incomplete Knock-Down (IKD-1) ដោយពង្រីកផ្ទៃដីសរុបរហូតដល់ ១២ ហិកតា មានសមត្ថភាពផលិតរថយន្តប្រមាណជាង ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងបានផ្តល់ឱកាសការងារជាង ៥០០ កន្លែង ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងតំបន់។
៣. រោងចក្រដំឡើងរថយន្ដ Chevrolet
កាលពីថ្ងៃទី១ ខែសីហា កន្លងនេះ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive manufacturing) និង ក្រុមហ៊ុន ចេណឺរល ម៉ូទ័រ (General Motor) បានប្រកាសចាប់ដៃគ្នានៅក្នុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ដដ៏ល្បីរបស់សហរដ្ឋអាមេរិក Chevrolet នៅក្នុងប្រទេសកម្ពុជា។
បើតាមព័ត៌មានដែល Business Cambodia ទទួលបានពីក្រុមហ៊ុន Chevrolet បានឲ្យដឹងថា រោងចក្រថ្មីនេះគឺមានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ឆ្នាំង ខណៈបច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់។ សម្រាប់រោងចក្រថ្មីនេះដែរត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដីសរុប ១១ ហិកតា ខណៈក្រុមហ៊ុនបានចំណាយទុនចំនួន ១៩ លានដុល្លារឯណោះនៅក្នុងការសាងសង់។
បើតាមការគ្រោងទុក រោងចក្រខាងលើនេះ អាចនឹងត្រូវបញ្ចប់ និងដាក់ឲ្យដំណើរការការដំឡើងរថយន្ដ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខាងមុខ។ អ្វីដែលចាប់អារម្មណ៍នៅពេលបើកដំណើរការរោងចក្រមួយនេះ មានសមត្ថិភាពអាចដំឡើងរថយន្ដបានចំនួន ១០ ០០០ ទៅ ១២ ០០០គ្រឿងក្នុងរយៈ ពេល១ឆ្នាំ៕