នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈពីមួយថ្ងៃទៅមួយថ្ងៃកម្ពុជាកាន់តែរីកមុខរីកមាត់ខ្លាំងជាពិសេសនោះ នាពេលនេះមានផលិតផលខ្មែរនិងកសិផលខ្មែរជាច្រើនបានកំពុងតែធ្វើការនាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។
ជាក់ស្តែងកាលពីថ្មីៗនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហោះលើផេកផ្លូវការថា បច្ចុប្បន្ននេះកសិផលកម្ពុជាចំនួន ១៦ មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងនោះរួមមាន៖ អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំនិងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យ៉ាងណាមិញ នាពេលថ្មីៗនេះទុរេនកម្ពុជាក៏បានដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន ដែលអាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់ផងដែរ៕