សេដ្ឋី Grant Cardone គឺជាសេដ្ឋីម្នាក់ដែលធ្លាប់តស៊ូពីបាតដៃទទេរហូតអាចកសាងភាពមានបានដោយខ្លួនឯងមានលុយរាប់លានដុល្លារ។ ក្នុងរយៈពេល២០ឆ្នាំក្នុងការវិនិយោគនិងរកស៊ី សេដ្ឋីរូបនេះបានសង្កេតពីទម្លាប់របស់កំពូលអ្នកមានៗនៅលើពិភពលោក ហើយលោកក៏ចែករំលែកនូវទម្លាប់សំខាន់៦ដែល អ្នកមានៗធ្វើខុសស្រលះពីមនុស្សទូទៅដែលធ្វើឲ្យពួកគាត់ក្លាយជាអ្នកមានដូចសព្វថ្ងៃ។
១. ពួកគាត់ផ្ដោត មុននឹងបែកការវិនិយោគច្រើនកន្លែង
បើនិយាយពីការវិនិយោគ គេតែងតែណែនាំឲ្យវិនិយោគច្រើនកន្លែងដើម្បីកាត់បន្ថយហានិភ័យក្នុងការវិនិយោគ ដូចជាវិនិយោគអចលនទ្រព្យ ភាគហ៊ុន អាជីវកម្ម និងការវិនិយោគផ្សេងៗទៀត។ យ៉ាងណាមិញកំពូលអ្នកមាន ដំបូងឡើយពួកគាត់ផ្ដោតលើការវិនិយោគលើអ្វីមួយជាក់លាក់ មុននឹងបែកការវិនិយោគទៅវិស័យផ្សេងៗទៀត។
ជាក់ស្ដែង សេដ្ឋី Elon Musk ដំបូងលោកអាចរកលុយបាន២២លានដុល្លារពីការលក់ក្រុមហ៊ុនដំបូងរបស់លោកដែលឈ្មោះថាZip2 មុននឹងគាត់បំបែកការរកស៊ីនិងវិនិយោគលើជីវកម្មផ្សេងៗដូចជា Tesla, SpeaceX ជាដើម។ ដូច្នេះចង់ជោគជ័យគឺអ្នកមានគោលដៅច្បាស់ហើយផ្ដោតលើគោលដៅរបស់អ្នក។
២. ប្រើកម្ចីបង្កើនទ្រព្យ មិនប្រើកម្ចីទិញរបស់ហ៊ឺហា
ត្រង់ចំណុចនេះ សេដ្ឋី Grant Cardone បានលើកឡើងថា ក្នុងការកសាងទ្រព្យ លោកមិនមែនខ្ចីលុយគេទៅចំណាយលើរបស់ហ៊ឺហាឬផ្ទះប្រណិតៗឡើយ ព្រោះលោកគិតថាការខ្ចីលុយគេទៅចំណាយលើរបស់ទាំងនោះធ្វើឲ្យលោកត្រូវចំណាយលើការបង់ការប្រាក់ ហើយមិនបានចំណូលមកវិញ។ លោកបង្ហើបទៀតថាលោកតែងតែយកលុយដែលរកបានទៅវិនិយោគលើអ្វីដែលអាចបង្កើតលុយកាន់តែច្រើន។ ហើយចំពោះការខ្ចីលុយគឺខ្ចីលុយដើម្បីបង្កើតប្រាក់ចំណូល។
៣. ផ្ទះមិនមែនសុទ្ធតែការវិនិយោគទីមួយឡើយ
មនុស្សជាច្រើនតែងតែគិតចង់បានផ្ទះ ហើយថែមទាំងដាក់អាទិភាពទីមួយក្នុងការវិនិយោគទិញផ្ទះ។ យ៉ាងណាមិញ បើយើងក្រឡេកមកមើលសេដ្ឋីកំពូលលើពិភពលោក ពួកគាត់មិនយកការទិញផ្ទះជាការវិនិយោគទីមួយរបស់ពួកគាត់ឡើយ។ ឧទាហរណ៍ សេដ្ឋី Warren Buffett ជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ គាត់វិនិយោគទិញហ៊ុនតាំងពីអាយុ១១ឆ្នាំ ហើយវិនិយោគទិញដីនៅវ័យ១៣ឆ្នាំ ចំណែកការទិញផ្ទះគឺជាជំហានបន្ទាប់របស់គាត់។
៤. លំហូរសាច់ប្រាក់ក្នុងអចលនទ្រព្យជួយបង្កើនទ្រព្យអ្នក
អចលនទ្រព្យគឺជាទ្រព្យមួយដែលអ្នកមិនគួរមើលរំលងឡើយព្រោះវាជាទ្រព្យដែលអាចបង្កើតជាលំហូរសាច់ប្រាក់ប្រចាំខែនិងអាចឲ្យអ្នកបង្កើនទ្រព្យជាបន្តបន្ទាប់។ ឧទាហរណ៍ បើអ្នកមានផ្ទះដាក់ជួលមួយខែបាន២ពាន់ដុល្លារនោះ អ្នកមិនចាំបាច់ធ្វើអ្វីសោះក៏នៅតែមានលុយហូរចូលហោប៉ៅដែរ ពោលគឺមានអចលនទ្រព្យអ្នកអាចបង្កើតប្រភពចំណូលអកម្មបាន មិនចាំបាច់ចំណាយកម្លាំងនិងពេលវេលាធ្វើការក៏បាន។
៥. វិនិយោគលើបណ្ដាញទំនាក់ទំនង
ត្រង់នេះសេដ្ឋី Grant Cardone បានលើកឡើងថា មិនដែលមានអ្នកណាម្នាក់មករកស៊ីនិងវិនិយោគជាមួយលោក ដោយពួកគាត់មិនស្គាល់លោកឡើយ។ លោកបានបញ្ជាក់ថាអចលនទ្រព្យភាគច្រើនដែលលោកមានជាកម្មសិទ្ធិសព្វថ្ងៃ គឺលោកទិញអ្នកដែលលោកមានទំនាក់ទងជាមួយ ព្រោះពួកគាត់ស្គាល់និងទុកលោកទើបលក់ឲ្យលោក។
ត្រូវចាំថាកាលណាមនុស្សម្នាក់ស្គាល់អ្នកកាន់តែច្បាស់ គេនឹងកាន់តែទុកចិត្តអ្នក ហើយពេលគេមានឱកាសអ្វីមួយគេតែងតែណែនាំឱកាសនោះឲ្យអ្នកស្គាល់មុនគេ។ អ៊ីចឹងទំនាក់ទងគឺជាផ្លូវមួយក្នុងការបង្កើនចំណូល បង្កើនទ្រព្យ។
៦. អ្នកមានមិនចេះស្កប់ស្កល់ឡើយ
អ្នកមានជាច្រើនរឿងមួយដែលពួកគាត់មានចំណុចដូចគ្នានោះគឹពួកគាត់មិនចេះស្កប់ស្កល់នូវអ្វីដែលខ្លួនធ្វើបានសម្រេចឡើយ។ ត្រង់នេះពួកគាត់តែងតែគិតថាខ្លួនគួរតែសម្រេចបាននូវអ្វីជាច្រើនជាងនេះទៀត។ ដូច្នេះហើយទើបធ្វើពួកគាត់តែងតែអភិវឌ្ឍន៍ខ្លួនជានិច្ចនិងគិតកាន់តែធំទៅលើគំនិតអាជីវកម្ម ការច្នៃប្រឌិតថ្មីៗ និងការវិនិយោគបង្កើនទ្រព្យជានិច្ច។
សរុបមកចំណុចខាងលើគឺជាទម្លាប់និងសកម្មភាពដែលអ្នកមានកំពូលៗតែងតែធ្វើ ដែលធ្វើឲ្យទ្រព្យពួកគាត់កើនតែកើនឡើង ក្លាយជាអ្នកមានដូចសព្វថ្ងៃ ហើយវាជាគំរូមួយដែលអ្នកអាចយកមកអនុវត្តន៍ក្នុងជីវិតពិត ទោះជាមិនអាចធ្វើតាមបានទាំងអស់ យ៉ាងហោចណាស់ក៏ចំណុចមួយចំនួនអ្នកអាចធ្វើបានដែរ៕