ស៊ីហ្គេមលើកទី៣៣ ក្នុងឆ្នាំ២០២៥ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ បានប្រកាសថាខ្លួននឹងរឹតបន្តឹងលើកីឡាករចូលសញ្ជាតិ ដែលចូលរួមប្រកួតនិងចំនួនមេដាយមាសនៅក្នុងកីឡាជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Post ចុះកាលពីថ្ងៃទី២២ ឧសភា។
បើតាមអនុប្រធានគណកម្មធិការជាតិអូឡាំពិកថៃលោក Chaiyaphak Siriwat បានឱ្យដឹងថា “ប្រទេសនីមួយៗតែងមានច្បាប់ខុសៗគ្នាសម្រាប់អត្តពលិកចូលសញ្ជាតិ ដែលយើងត្រូវគោរព ព្រោះការចូលសញ្ជាតិកីឡាករក៏មិនមែនជារឿងថ្មីនោះដែរ”។ លោកក៏បានបន្តថាសម្រាប់ប្រទេសថៃនឹងកាត់បន្ថយការប្រកួតប្រជែងលើកីឡាក្នុងស្រុកដោយងាកទៅពង្រឹងលើកីឡា ASIAD (កីឡាទ្វីបអាស៊ី) និងកីឡាអូឡាំពិកវិញ។ ម្យ៉ាងវិញទៀតថៃនឹងមិនឱ្យមានមេដាយមាសលើសពី២០ទៅ៣០ សម្រាប់ប្រភេទកីឡាក្នុងស្រុកឡើយ។
គួរជម្រាបផងដែរថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ប្រទេសថៃបានគ្រោងចំណាយថវិកាសម្រាប់រៀបចំចំនួន៦០លានដុល្លារនិងមិនមានការសង់ស្តាតថ្មី ក៏ដូចជាភូមិកីឡាសម្រាប់អត្តពលិកស្នាក់នៅនោះទេ ហើយម្ចាស់ផ្ទះថៃនឹងជ្រើសយកទីតាំង៣ដើម្បីប្រារព្ធពិធីនេះឡើងក្នុងនោះមានដូចជាទីក្រុងបាងកក ឈុនបុរី និងខេត្តសុងក្លា៕
អត្ថបទដោយ៖ ពីង ជូអេង