ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលតានតឹងនៅតាមព្រំដែនខ្មែរថៃ ធនាគារ វីង, សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ បានរួមគ្នាបង្កើតមូលនិធិទ្រទ្រង់ជនភៀសសឹក ដែលជាគំនិតផ្តួចផ្តើមរយៈពេលវែងត្រូវបានបង្កើតឡើងដើម្បីជួយដល់គ្រួសារកម្ពុជាដែលផ្លាស់ទីលំនៅ។
កាលពីថ្ងៃទី ២-៣ ខែសីហា ជំនួយលើកទីមួយត្រូវបានបញ្ជូនទៅកាន់វត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹកក្នុងខេត្តព្រះវិហារ ហើយបច្ចុប្បន្នកំពុងផ្តល់ជម្រកដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេជាង ៧00 នាក់។
កិច្ចខិតខំប្រឹងប្រែងកៀរគរជំនួយនិងថវិកាត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ហើយក្រុមអ្នកស្ម័គ្រចិត្តបានជួបជុំគ្នានៅចំណតរថយន្ត Royal One ដើម្បីប្រមូល និងរៀបចំជំនួយសប្បុរសធម៌ទាំងនោះមុនពេលយកទៅចាត់ចែងបន្ត។ កិច្ចការនេះត្រូវដឹកនាំដោយតំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមមាន លោក ឡៅ សៀងហៃ លោក ឈុន វឌ្ឍនភក្តី លោក វ៉ាន សុធារី ព្រមទាំងលោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង និងក្រុមការងារដឹកជញ្ជូនស្ម័គ្រចិត្តជាច្រើននាក់ទៀត ។
ទោះបីជាមានការព្រួយបារម្ភអំពីសុវត្ថិភាពក៏ដោយ ក៏បេសកកម្មមួយនេះត្រូវបានដំណើរការដូចការគ្រោងទុក។ នៅថ្ងៃទី ៣ ខែសីហា រថយន្តចំនួន ៤ គ្រឿងបានធ្វើដំណើរដឹកអំណោយទៅដល់ជំរំជនភៀសសឹក។ ជំនួយបន្ថែមក៏ត្រូវបានផ្តល់ជូនដល់មន្រ្តីនៅជួរមុខ ដោយមានការគាំទ្រពីក្រុមហ៊ុន Cellcard ដែលជាសមាជិករបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
មូលនិធិនេះត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសមាគមសិល្បករខ្មែរ។ កន្លែងទទួលមូលនិធិពីសប្បុរសជនចំនួន៨ ត្រូវបានដំឡើងនៅតាមការិយាល័យរបស់សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសមាគមសិល្បករខ្មែរ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលវិភាគទានជាថវិកា និងជាសម្ភារៈផ្សេងៗ។
លោក ឈុន វឌ្ឍនភក្តី នាយកគ្រប់គ្រងផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ “លំនៅដ្ឋានជាច្រើនត្រូវបានបំផ្លាញនៅតាមព្រំដែន។ ទោះបីជាការប្រយុទ្ធបានបញ្ចប់ គ្រួសារទាំងនេះប្រហែលជាគ្មានផ្ទះសម្បែងត្រូវត្រឡប់ទៅវិញនោះទេ។ ពួកគេនឹងត្រូវការពេលវេលា មធ្យោបាយ និងការគាំទ្រជាច្រើនដើម្បីកសាងជីវភាពរបស់ពួកគេឡើងវិញ។ មូលនិធិនេះជួយដល់ប្រជាជនក្នុងរយៈពេលយូរ។"
លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនិងវប្បធម៌ការងារនៃធនាគារ វីង បានឱ្យដឹងថា៖ "នៅក្នុងគ្រាមានវិបត្តិ សាមគ្គីភាពគឺជាកម្លាំងដ៏អស្ចារ្យបំផុតរបស់យើង"។
លោក ហោ ប៊ុនថែ បានបន្ថែមថា៖ "ខណៈដែលជម្លោះអាចត្រូវការពេលវេលាដើម្បីដោះស្រាយ មានគ្រួសារជាច្រើនកំពុងរងទុក្ខលំបាកនៅពេលនេះ។ ពួកគេមិនអាចរង់ចាំបានយូរទៀតទេ ហើយយើងក៏មិនអាចមើលរំលងទុក្ខលំបាករបស់ពួកគេបានដែរ ។ នេះគឺជាពេលមួយសម្រាប់ខ្មែរគ្រប់រូប មិនថាជារស់នៅទីក៏ដោយ ត្រូវរួមគ្នាតែមួយ។ ទឹកចិត្តសប្បុរសធម៌មិនត្រឹមតែអាចជួយអ្នកខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែថែមបានជួយសង្គ្រោះជីវិតប្រជាជនផងដែរ" ។
ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសក៏អាចចូលរួមចំណែកដោយផ្ទាល់ដល់មូលនិធិទ្រទ្រង់ជនភៀសសឹកបានផងដែរ តាមរយៈដៃគូអន្តរជាតិរបស់ធនាគារវីង រួមមាន៖ Gmoney, E9Pay និង Hanpass នៅក្នុងប្រទេសកូរ៉េខាងត្បូង City Express និង JME នៅប្រទេសជប៉ុន; និង Western Union និង MoneyGram នៅក្នុងប្រទេសផ្សេងដ៏ទៃទៀត។
ដើម្បីបរិច្ចាគថវិកា គ្រាន់តែជ្រើសរើស “Account Transfer”នៅលើកម្មវិធីទូរស័ព្ទ វាយបញ្ចូល “Foundation for Refugees Assistance” បញ្ចូលចំនួនទឹកប្រាក់បរិច្ចាគ និងបញ្ជាក់ប្រតិបត្តិការជាការស្រេច។
សម្ភារៈ និងថវិកាបរិច្ចាគទាំងអស់ត្រូវបានគ្រប់គ្រងដោយធានាបាននូវសុវត្ថិភាព និងចែកចាយប្រកបដោយតម្លាភាព ដើម្បីជួយទៅដល់ប្រជាជនខ្វះខាតឱ្យទាន់ពេលវេលា សម្រាប់ថ្ងៃនេះ និងពេលខាងមុខទៀត។
ធនាគារ វីង, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយទាំងអស់ ប្រជាជនទូទៅ អង្គការ និងសហគមន៍នានាទាំងជិត និងឆ្ងាយ ដែលមានចិត្តសប្បុរស និងក្តីមេត្តា។ ក្នុងចំណោមសប្បុរសជនទាំងនេះ មានសិស្សានុសិស្សដែលលះបង់ប្រាក់សម្រាប់បាយថ្ងៃត្រង់ អ្នកលក់តាមដងផ្លូវដែលបានយកប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេមកបរិច្ចាគ ហើយសូម្បីតែអតីតយុទ្ធជនពិការក៏បានបរិច្ចាគនូវធនធានដែលខំសន្សំសំចៃទុកដាក់នាពេលកន្លងមក។ សកម្មភាពទាំងនេះបានបន្លឺសម្លេងលឺខ្លាំងជាងសម្តីដែលនិយាយទៅទៀត។ ភាពមិនអាត្មានិយមរបស់ពួកគេគឺជាការរំលឹកថាទឹកចិត្តសប្បុរសមិនមានព្រំដែនកំណត់នោះទេ ហើយការផ្លាស់ប្តូរពិតប្រាកដនៅក្នុងសង្គមមួយគឹអាចចាប់ផ្តើមទៅបាននៅពេលដែលយើងម្នាក់ៗទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។