កន្លងមក អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា មានសហគ្រាសមួយចំនួនបានបង់ប្រាក់ពន្ធនិងធ្វើការឆ្លើយតបទៅលើលិខិតជូនដំណឹងនេះបានត្រឹមត្រូវនិងទាន់ពេលកំណត់ ប៉ុន្តែមានសហគ្រាសមួយចំនួនទៀតពុំទាន់ធ្វើការបង់ពន្ធឬឆ្លើយតបលើលិខិតជូនដំណឹងក្នុងរយៈពេលដែលកំណត់បានត្រឹមត្រូវនៅឡើយទេ។
ជាមួយគ្នានោះដែរ ដើម្បីពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារប្រកបដោយប្រសិទ្ធភាព លើការអនុវត្តលិខិតជូនដំណឹងស្តីពីការប្រកាសបង់ពន្ធមិនបានត្រឹមត្រូវលើកទី២ ចំពោះសហគ្រាសដែលមិនបានបង់ប្រាក់ពន្ធឬមិនបានឆ្លើយតបក្នុងរយៈពេលកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តវិធានការរដ្ឋបាលដូចខាងក្រោម៖
· កត់ត្រា ប្រាក់ពន្ធ ពន្ធបន្ថែម និងការប្រាក់ដែលមាននៅក្នុងលិខិតជូនដំណឹងលើកទី២ ជាបំណុលពន្ធ និងអនុវត្តនីតិវិធីនៃការប្រមូលបំណុលពន្ធស្របតាមប្រកាសលេខ ៩៦២ សហវ.ប្រក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ ព្រមទាំងជាកម្មវត្ថុនៃការចុះធ្វើសវនកម្មពន្ធដារ។
· ព្យួរសុពលភាពវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមឬចាត់វិធានការផ្សេងៗស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ក្នុងករណីអគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថាមានអំពើគេចវេះពន្ធ និងហានិភ័យនៃការបាត់ប្រាក់ពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់យ៉ាងមុតមាំថា សង្ឃឹមលោក-លោកស្រីជាអភិបាល ឬបណ្ណាធិការ សហគ្រាស ឬកម្មសិទ្ធិករសហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ នឹងយកចិត្តទុកដាក់ចូលរួមអនុវត្តតាម ខ្លឹមសារនៃសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕