ត្រូវប៉ាន់ហើយ! ក្រុមហ៊ុនដ៏ធំរបស់ចិន នឹងនាំចេញដំឡូងមីស្ងួត ៥០ម៉ឺនតោនពីកម្ពុជាសម្រាប់ឆ្នាំ២០២៥-២០២៦
ធី ស្រីល័ក្ខAUGUST 22 2025150 views

ត្រូវប៉ាន់ហើយ ខណៈថ្មីៗនេះក្រុមហ៊ុន COFCO Biotechnology Co., Ltd. នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំឡូងមីស្ងួតពីកម្ពុជាចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។

 

ជាក់ស្តែង នាពេលថ្មីៗនេះលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។

១៣

ជាមួយគ្នានោះដែរ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

 

សូមគូសបញ្ជាក់ជូនថា ក្នុងរយៈពេលប្រាំមួយខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួតសរុបជាង ៧០០ ០០០តោន ទៅកាន់ប្រទេសចិន ។

១៤

លើសពីនេះទៅទៀត អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០០ ០០០តោន នាពេលនេះ គឺបន្ថែមពីលើ អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន ២០០ ០០០ តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលការណ៍នេះ បង្ហាញឱ្យឃើញពីវឌ្ឍនភាព និងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia