ប្រទេសថៃត្រូវបានទទួលសិទ្ធិផ្ដាច់មុខផលិតរថយន្ដ Ford Ranger 2023 ចេញពីរោងចក្រនៅក្នុងប្រទេសផ្ទាល់តែម្ដង មិនត្រឹមតែប៉ុណ្ណោះ Ford Ranger 2023 ទទួលបានកក់ទៅដល់ជាង ៤ពាន់គ្រឿងរួចមកហើយ បើគិតត្រឹមពេលនេះ ។
តួយ៉ាងកាលពីថ្ងៃទី ១២,១៣,១៤ ខែ ឧសភា កន្លង ឆ្នាំ ២០២២ នេះក្រុមហ៊ុនធំប្រចាំប្រទេសថៃ Ford Asia Pacific បានអញ្ជើញអ្នកសារព័ត៌ជាច្រើនប្រទេសទៅចូលរួមធ្វើការបើកបរសាកល្បងជាមួយរថយន្ដ Ford Ranger 2023 ដែលក្នុងនោះក៏មាន Business Cambodia ទៅចូលរួមផងដែរ ។
ចំណុចពិសេសដែលធ្វើឲ្យទាក់ចិត្តនៅឆ្នាំនេះ Ford បានញាត់កញ្ចប់បច្ចេកវិទ្យាថ្មី ជើងក្រោមកាន់តែរឹងមាំ ពណ៌មានច្រើនជម្រើស និងតម្លៃលក់នៅលើទីផ្សារប្រទេសថៃពេលប្រមាណ ៣ម៉ឺនដុល្លារជាង ហើយការមកដល់ប្រទេសខ្មែរតម្លៃយ៉ាងនោះ យើងនឹងរង់ចាំព័ត៌មានពីខាងក្រុមហ៊ុន Ford Cambodia ប្រកាសជាផ្លូវការណ៍នៅពេលដែល Ford Ranger 2023 ឈានជើងចូលដល់ទឹកដីកម្ពុជា ។
នៅក្នុងព្រឹត្ដិការណ៍ដាក់បង្ហាញរថយន្ដ ដើម្បីធ្វើការបើកបរសាកល្បង ដែលធ្វើឡើងនៅ ភូកេត ប្រទេសថៃនោះ គេបានយករថយន្ដ Ford ទៅបើកគ្រប់ស្ថានភាពផ្លូវ ដែលមានរហូតទៅដល់ ៩ ដំណាក់កាលដូចជា ផ្លូវដីល្បាប់ ផ្លូវថ្ម ផ្លូវឡើងចោត ចុះចំណោតខ្លាំង ផ្លូវក្នុងទឹក ដីខ្សាច់ ផ្លូវរអិល ផ្លូវកោង(Drift) និងប្រភេទផ្លូវជង្ហុក ដែល ៩ ដំណាក់កាលនេះ Ford ធ្វើបានយ៉ាងល្អ ដោយសារតែវាបំពាក់បច្ចេកវិទ្យាទំនើប ប្រភេទលេខរហូតដល់ ១០ វគ្គ ដែលធ្វើការផុសទៅលើផ្លូវទាំងអស់នេះ ។
មិនត្រឹមតែប៉ុណ្ណោះ វិស្វកររបស់ Ford ប្រចាំប្រទេសថៃ បាននិយាយនៅក្នុងកម្មវិធីសំនួរចម្លើយដែរថា សម្រាប់ជើងក្រោម ក៏ដូចជាបូមថ្មីនេះវាមានភាពរឹងមាំជាងម៉ូឌែលចាស់ ហើយអាចផ្លាស់ទីបានលឿនដោយមិនឃ្លោង និងហើបកង់នោះឡើយ ដែលធ្វើឲ្យយើងកាន់តែទុកចិត្តពេលជាន់ល្បឿនលឿនម្ដងៗ ។
ហើយសម្រាប់ការមកដល់ប្រទេសខ្មែរពេលណានោះ ខាងក្រុមហ៊ុន Ford មិនទាន់បញ្ជាក់នៅឡើយទេ ដោយសារតែពេលនេះរថយន្ដប្រទេសថៃជាឡានចង្កូតស្ដាំ អញ្ចឹងត្រូវនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗសិន មុនពេលចូលមកខ្មែរ ដែល Ford នឹងផលិតចង្កូតឆ្វេងសម្រាប់ទីផ្សារក្រៅប្រទេសផងដែរ ៕