ថោង ខុន៖ ព្រែកកំពង់បាយ ខេត្តកំពតជាមេដែកថ្មីស្រឡាងដែលអាចស្រូបទាញភ្ញៀវទេសចរ និងការវិនិយោគ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានកត់សម្គាល់ដោយភាពជឿជាក់ថា តំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា ដែលមាននៅតាមព្រែកកំពត ឬព្រែកកំពង់បាយ នៃស្រុកទឹកឈូ ខេត្តកំពត ពិតជាមេដែកថ្មីដ៏សំខាន់មួយ​ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរ។ ខណៈខេត្តនេះមានភ្នំបូកគោ និងរមណីយដ្ឋានមួយចំនួនទៀត ជាមេដែកទាក់ទាញភ្ញៀវទេសចរដ៏សំខាន់។ការលើកឡើងនេះគឺលោកធ្វើឡើងក្នុងឱកាសដែលលោកនិង អភិបាលខេត្តកំពត លោក ជាវ តាយ មានវត្តមានក្នុងកិច្ចប្រជុំត្រៀម រៀបចំពិធីបុណ្យសមុទ្រលើកទី៨ នៅសាលាខេត្តកំពត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។

ក្នុងការជំរុញ​ឱ្យខេត្តនេះកាន់តែក្លាយជាមេដែកដ៏ខ្លាំងក្លា លោកក៏បានជំរុញឱ្យអាជ្ញាធរខេត្តកំពត សិក្សារៀបចំផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ព្រែកកំពតនេះ ក្នុងល្បឿនលឿនបំផុត ដើម្បីឱ្យទាន់សភាពការណ៍ ដែលភ្ញៀវទេសចរក្នុងខេត្តនេះកំពុងមានការកើនឡើង។មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើងពីវិធានការភ្លាមៗនៅចំពោះមុខ ដោយត្រូវមានការទប់ច្រាំងនៅកន្លែងមួយចំនួន នៃដងព្រែកកំពង់បាយ ដើម្បីរក្សាច្រាំងព្រែកឱ្យនៅយូរអង្វែង និងទប់ស្កាត់ពីការបូមខ្សាច់ដែលអាចធ្វើអោយប៉ះពាល់ដល់តំបន់នេះ ។

បន្ថែមពីលើនេះលោកក៏ហាមមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើនានាដើម្បីយកធ្វើជាដីចម្ការតទៅទៀតដែរ ជាពិសេសលោកបានស្នើឱ្យមានការរក្សាស្ថិរភាពទឹក និងភាពស្រស់ស្អាតនៅក្នុងព្រែកឱ្យបានជាប់ជានិច្ច ត្រូវពង្រឹងគុណភាពសេវាកម្ម ការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ មិនត្រូវដំឡើងថ្លៃហួសហេតុពេក ត្រូវមានការបង្កើនសេវាស្នាក់នៅបន្ថែមទៀត ពិសេសត្រូវពង្រឹងអនាម័យចំណីអាហារ បញ្ហាសំរាម បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជាដើមឱ្យបានល្អបំផុត។ 

គួរបញ្ជាក់ផងដែរថា តាមរយៈលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រយៈពេល៩ខែ ក្នុងឆ្នាំ២០១៩នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ១,៣១៣,៩២២នាក់ កើនឡើង ១៧.៤៨% ក្នុងនោះភ្ញៀវជាតិមានចំនួន ១,១៥៩,៩៩០នាក់ កើនឡើង ១៧.៥២% និងភ្ញៀវអន្តរជាតិមានចំនួន ១៥៣,៩៣២នាក់ កើនឡើង ១៧.១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។

នេះបង្ហាញឱ្យឃើញថាវាជាសក្ដានុពលនៃតំបន់ទេសចរណ៍ថ្មីមួយទៀតហើយ ដែលជំរុញឱ្យមុខមាត់ខេត្តកំពតថ្កុំថ្កើងថែមមួយកម្រិតទៀត ហើយវាក៏ជាឱកាសល្អសម្រាប់អ្នកដែលចង់វិនិយោគលើវិស័យអាទិភាពមួយនេះ។

អត្ថបទ៖ ភោគ ម៉ារី

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES