មកស្គាល់ផ្សារបោះដុំ ៦ កន្លែង ដែលអ្នកអាចទិញទំនិញបោះដុំធូរថ្លៃជាងគេបំផុតនៅក្នុងប្រទេសថៃ

មានអាជីវករជាច្រើនមិនថាក្នុងប្រទេសខ្មែរយើង ឬក្រៅប្រទេសបានចូលមកប្រទេសថៃដើម្បីទាក់ទងនាំចូលផ្តាច់មុខ ឬ នាំចូលទំនិញជាបោះដុំបន្ត មិនថាសំលៀកបំពាក់ កាបូប ស្បែកជើង ឬទំនិញសព្វសារពើផ្សេងៗ ដោយសារទំនិញទាំងនោះជាទូទៅមានគុណភាពល្អ និងតំលៃថោកសមរម្យ ។ តើពួកគេភាគច្រើនទៅរកទិញឥវ៉ាន់ទាំងនោះនៅទីណាខ្លះ?

១. ផ្សារប្រាទូណាម

ផ្សារប្រាទូណាមមានទីតាំងនៅកណ្តាលទីក្រុងបាងកក ដែលផ្សារនេះស្ទើរតែ ៩៩% លក់តែសំលៀកបំពាក់ប៉ុណ្ណោះ ។ ផ្សារនេះបែងចែកជាផ្សារពេលព្រឹកដែលលក់នៅម្តុំអគារបាយុកនិងជុំវិញផ្សារខ្លះៗដែលបើកលក់ពីម៉ោង ៥.០០ – ៩.០០ព្រឹក ហើយបើកលក់ម្តងទៀតនៅពេលយប់ ទីតាំងដដែរចាប់ពីម៉ោង ១៧.០០ – ២១.០០យប់ ។ ចំណែកឯផ្សារធម្មតាបើកលក់ពីម៉ោង ៨.០០ – ១៥.០០រសៀលដែលមានទីតាំងចាប់ពីដើមផ្លូវលំ ផេជ្ជបុរី សយ២១ (Phetchburi Soi 21) រហូតដល់ចុងផ្លូវតែម្ដងដោយលក់សំលៀកបំពាក់យ៉ាងហូរហៀរសងខាងផ្លូវតែម្ដង ។ នៅទីនេះបើសិនចង់ទិញបានតំលៃថោក ត្រូវទិញចាប់ពី ៣ឡើងទៅ ហើយបើសង្កេតអ្នកទិញភាគច្រើន ដាក់វ៉ាលីអូសទិញឥវ៉ាន់ទៅជាមួយ ព្រោះដឹងខ្លួនឯងថាទៅដល់ទីនោះដឹងតែទិញច្រើនតែម្ដង ។

២. ផ្សារទំនើបផ្លាទីនឹម

ផ្សារនេះមានទីតាំងជិតផ្សារប្រាទូណាមដែរ ដោយអ្នកអាចធ្វើដំណើរដោយថ្មើរជើងបាន ប្រហែល15នាទី ។ ផ្សារនេះមាន៣អគារតៗគ្នាដែលគេហៅថា Zone1, Zone2 និង Zone3 ។ សំរាប់អ្នកចង់ទិញទំនិញបែបហ្វាសិន ម៉ូដទាន់សម័យ អ្នកអាចដើររកទិញបានពីទីនោះ ដែលមានដូចជាសំលៀកបំពាក់ កាបូប ស្បែកជើង ឬ គ្រឿងកាឡៃ -ល- ។ ណែនាំអោយតែងខ្លួនជាអ្នកលក់ ឬ មុននឹងទិញ សួរតំលៃលក់រាយ និងបោះដុំជាមុនសិន ព្រោះតំលៃខុសគ្នាខ្លាំង ឬឃើញគេដាក់ប៉ាយ SALE (ទំនិញបញ្ចុះតំលៃ) អាចទៅរកមើលទិញមុនគេ ។

៣.​ផ្សារសាំផេង

ផ្សារនេះមានទីតំាងនៅតំបន់ភូមិចិន ឆៃណាថោន យ៉ាវ៉រ៉ាជ ប្រជាជនភាគច្រើនទៅទិញកាបូប ស្បែកជើង មួក ប្រដាប់ចងសក គ្រឿងអលង្ការកាឡៃ ក្រណាត់ ឧបករណ៍សំរាប់ធ្វើសំភារៈដោយដៃ DIY នៅទីនោះ ។ ផ្សារនេះចែកជាផ្សារព្រលឹមស្រាងៗដែលបើកចាប់ពីម៉ោង ១.០០ – ៦.០០ព្រឹក ដែលលក់តែបោះដុំប៉ុណ្ណោះ និងផ្សារធម្មតាបើកចាប់ពីម៉ោង ៨.០០ – ១៧.០០ល្ងាច ។ 

៤. ផ្សារប៊ុំបេ

ស្រដៀងនឹងផ្សារសំផេងដែរ តែនៅឆ្ងាយបន្តិចពីកណ្ដាលក្រុង ។ ផ្សារនេះលក់ឥវ៉ាន់បោះដុំ មានដូចជាសំលៀកបំពាក់ ស្បែកជើងជាដើម ហើយមានភាពកក្រឹកកក្រេងក្នុងការលក់ដុំពេលយប់អធ្រាត្រតែម្ដងពីម៉ោង២ព្រឹកដល់ម៉ោង៤រសៀល ។ នៅក្បែរនោះក៏មានផ្សារទំនើបផងដែរ ផ្សារប៊ុំបេថៅវើរ សំរាប់អ្នកដើរហត់ចង់ចូលសំរាកនៅម៉ាស៊ីនត្រជាក់សិន ។ 

៥. ផ្សាររោងក្លឿ

ប្រហែលជាអ្នកធ្លាប់បានលឺហើយ ជាផ្សារដែលស្ថិតនៅព្រំដែនខ្មែរ ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅទីនោះអ្នកអាចនាំចូលទំនិញសព្វសារពើពីប្រទេសថៃទៅលក់នៅប្រទេសខ្មែរ ដោយចំនុចល្អ អ្នកមិនបាច់ចំណាយច្រើនលើថ្លៃដឹកជញ្ជូនពីប្រទេសថៃមកប្រទេសខ្មែរយើង ហើយអ្នកអាចនិយាយចរចារជាភាសាខ្មែរបាន ដោយសារវានៅជាប់ប្រទេសខ្មែរយើងស្រាប់ ។ ផ្សារនេះមានលក់ទំនិញគ្រប់ប្រភេទមិនថាបែបថ្មី ឬ ជជុះ មានជាង​៣០០០ ហាងទំនិញអោយជ្រើសរើស បើកចាប់ពីម៉ោង ៧.០០ – ២០.០០យប់ ។ អ្នកត្រូវធ្វើមានប៉ាស់ព័រ ឬ ត្រូវធ្វើប័ណ្ណចូលផ្សារជាមុនសិន ព្រោះផ្សារនេះនៅខាងព្រំដែនប្រទេសថៃ ។

៦. តំបន់និគមឧស្សាហកម្ម

សំរាប់អ្នកដែលចង់ទាក់ទងរកទិញទំនិញផ្ទាល់ពីរោងចក្រ អ្នកអាចទៅដល់រោងចក្រផ្ទាល់តែម្តងដើម្បីចរចាធុរកិច្ច ។ ប្រទេសថៃមាននិគមឧស្សាហកម្មចំនួន ៥៣ ពេញផ្ទៃប្រទេស ដែលនិគមនីមួយៗប្រជុំដោយរោចក្រជាច្រើនប្រមូលផ្តុំគ្នាជាភូមិតែម្ដង ។ និគមឧស្សាហកម្មទាំងនោះមាននៅជាយក្រុងបាងកក ខេត្តសាមុតប្រាកាន ឈុនបុរី រ៉ាយ៉ង រ៉ាជបុរី សាមុតសាខន ឡាំពូន សង់ខ្លា ណងខាយ ឧដនថានីជាដើម ។ 

អត្ថបទដោយ ERIKA (Sale Writer of Business Cambodia in Thailand) 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES