នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។
ក្នុងនោះដែរ បើតាមរបាយការណ៍របស់ក្រសួង ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ខាងលើ ឃើញថា មានខេត្ដចំនួន ២ ដែលស្រូបភ្ញៀវទេសចរទៅលេងបានច្រើនជាងគេ ប៉ុន្ដែមិនមែនខេត្ដសៀមរាប ឬខេត្ដព្រះសីហនុ (កំពង់សោម) ទេ។ ដោយខេត្ដទាំងពីរនោះគឺខេត្ដបាត់ដំបង និងខេត្ដកំពង់ចាម។
តាមរបាយការក្នុងរយៈពេល ៣ ថ្ងៃនៃអំឡុងពេលបុណ្យចូលឆ្នាំខេត្ដបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិសរុបចំនួន ៥៦៤ ៦១៨ នាក់ និងខេត្ដកំពង់ចាមមានចំនួន ៥១៤ ៤៤៧ នាក់។ ដោយឡែកសម្រាប់ខេត្ដសៀមរាបវិញសម្រាប់រយៈពេល ៣ ថ្ងៃនេះ គឺទទួលបានភ្ញៀវទេសចរចំនួន ៤០០ ៥៩១ នាក់ ខណៈខេត្ដព្រះសីហនុទទួលបានត្រឹម ២៣២ ២៦៤នាក់ប៉ុណ្ណោះ។
សូមជម្រាបថា តាមការបញ្ជាក់ពីក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេចរសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៦ គ្រឹះសករាជឆ្នាំ ២០២២ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)៕
អត្ថបទដោយ៖ កឹម ប៊ុនធឿន